20/09/2017 09:54 GMT+7 Email Print Like 0

សេដ្ឋកិច្ចវៀតណាមចាប់បង្កើតសុបិនរថយន្តវៀតណាម

ចំនឹងឱកាសទិវាបុណ្យជាតិវៀតណាម នាថ្ងៃទី២ ខែកញ្ញាកន្លងទៅ សម្ព័ន្ធក្រុមហ៊ុន Vingroup បានបើកការដ្ឋានសាងសង់ជាផ្លូវការនូវចម្រុះផលិតកម្មរថយន្តដោយឈ្មោះ VinFast នៅទីក្រុង Hai Phong។ ការដែលសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំបណ្ដាក់ទុនរាប់លានដុល្លាអាមេរិកក្នុងគោលដៅផលិតរថយន្តក្នុងប្រទេសនោះ បាន​បំផុសឡើងសុបិនរថយន្តមានពាណិជ្ជសញ្ញាវៀតណាម។


មន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅពិធីបើកការដ្ឋានសាងសង់
គំរោងការណ៍រថយន្ត VinFast (រូបថត៖ Internet)

ដើម្បីអនុវត្តគំរោងការណ៍ពោរពេញទៅដោយមហិច្ឆតានេះ Vingroup សម្ព័ន្ធក្រុមហ៊ុនអចលនទ្រព្យធំបំផុត​វៀត​ណាមនេះបានសំរេចបណ្ដាក់ទុនចំនួន ៣,៥ ពាន់លានដុល្លាអាមេរិកទៅក្នុងគំរោងការណ៍ចម្រុះស្រាវ​ជ្រា​វនិងផលិតរថយន្តមានពាណិជ្ជសញ្ញា VinFast។ VinFast ដាក់ចេញគោលដៅគឺក្លាយទៅជាអ្នកផលិតរថយន្តជួរមុខអាស៊ីអាគ្នេយ៍ ដោយផលិតផលស្នូលគឺរថយន្តប្រើម៉ាស៊ីន ដុតខាងក្នុង រថយន្តប្រើម៉ាស៊ីនអគ្គីសនីនិងម៉ូតូអគ្គីសនី។ អញ្ជើញចូលរួមនិងថ្លែងមតិនៅពិធីបើកការដ្ឋានសាងសង់ នាយករដ្ឋមន្រ្តី​វៀត​ណាម​ លោក Nguyen Xuan Phuc បានលើកច្បាស់ថា “រថយន្តមិនត្រឹមតែជារថយន្តប៉ុណ្ណោះទេ ថែមទាំងជាពាណិជ្ជសញ្ញាជាតិទៀតផង។ ដោយការប្ដេជ្ញាចិត្តរបស់សម្ព័ន្ធក្រុមហ៊ុននិយាយដោយឡែកនិងរបស់ប្រជាជន​វៀតណាមរាប់លាននាក់និយាយរួម យើងសង្ឃឹមថា នាអនាគតជិតៗនឹងមានរថយន្ត “made in Vietnam” ដែលឆ្លើយតប នឹងស្តង់ដាចំនួន២៖ តំលៃសមស្របនិងគុណភាពល្អ”។

មុននេះ២០ឆ្នាំ វៀតណាមមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មរថយន្តហើយ។ ប៉ុន្តែក្រោយរយៈពេលច្រើនឆ្នាំសុបិននេះមិនទាន់បានសំរេចនៅឡើយ ដោយសារលក្ខណៈសេដ្ឋកិច្ចសង្គមកិច្ចនាគ្រាសនោះមិនទាន់គ្រប់គ្រាន់សំរាប់ផ្នែកឧស្សាហកម្មរថយន្តអភិវឌ្ឍន៍។ ប៉ុន្តែ នាបច្ចុប្បន្នបានប្រមូលផ្ដុំកត្តាជាច្រើន ដើម្បី ផលិតរថយន្តមានពាណិជ្ជសញ្ញាវៀតណាមហើយ។ សាស្ត្រាចារ្យរង បណ្ឌិត Pham Bich Sang អ្នកជំនាញការស្រាវជ្រាវអំពីឧស្សាហកម្មរថយន្តបានបកស្រាយថា៖

“ទី ១ គឺទីផ្សារកំពុងកើនឡើងលឿន ចំណូលរបស់ប្រជាជនបានកើនឡើងពី ២០០០ ដល់ ៣០០០ដុល្លារអាមេរិក ខណៈដែលទីផ្សាររថយន្តអាស៊ានជិតនឹងបញ្ចុះ ពន្ធនៅកំរិត ០ ដោយហេតុនេះទីផ្សារត្រូវបានបើកទូលាយមិនត្រឹមតែនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងនៅប្រទេសផ្សេងៗទៀតផង។

ទី ២ គឺហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍របស់វៀតណាមក៏ត្រូវបានវិនិយោគជាច្រើនដែរ។ កត្តាមួយទៀតគឺ គោលនយោបាយស្ដីពីរថយន្តស្ដីពីតួនាទីរបស់សេដ្ឋកិច្ចឯកជនត្រូវបានផ្លាស់ប្ដូរ ផងដែរ”។

មជ្ឈដ្ឋានអ្នកជំនាញការសុទ្ធតែមានទស្សនៈរួមថា ប្រទេសមួយដោយចំនួនប្រជាជនជាង ៥០ លាននាក់គឺត្រូវអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មរថយន្ត។ ឥឡូវវៀតណាមមានចំនួនប្រជាជនសរុប ៩៣ លាននាក់ ហើយប្រាក់ចំណូលជាមធ្យម ប្រហែល ៣០០០ ដុល្លាអាមេរិកក្នុងមនុស្សម្នាក់។ ដោយមានការស្រាវជ្រាវយ៉ាង ហ្មត់​ចត់​និងប្រភពហិរញ្ញវត្ថុដ៏សម្បូរនោះ បណ្ដាអ្នកជំនាញការចាត់ទុកថា Vingroup នឹងចាប់បង្កើតឲ្យខឿនឧស្សាហកម្មថ្មីក្នុងប្រទេស។ ក្នុងផែនការអភិវឌ្ឍន៍ VinFast មិនត្រឹមតែទាក់ទាញនិងសហប្រតិបតិ្តការជាមួយក្រុមហ៊ុនរថយន្តជួរមុខលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងសហប្រតិបត្តិការជាមួយក្រុមហ៊ុនវៀតណាមដើម្បីផលិតគ្រឿងបន្លាស់ក្នុងគោលដៅទទួលបានអត្រាផលិតកម្មក្នុងស្រុកចំនួន ៦០% ឆ្ពោះទៅការនាំចេញទៅកាន់ប្រទេសដទៃ។ ដល់ ឆ្នាំ២០២៥ គោលដៅរបស់ VinFast គឺផលិតបានរថយន្តចំនួន ៥ សែនគ្រឿងជារៀងរាល់ឆ្នាំ។ នាពេលខាងមុខនេះ VinFast គ្រោងនឹងឧទ្ទេសនាមផលិតផលម៉ូតូអគ្គីសនីក្នុងរយៈពេល ១២ ខែ ហើយក្រោយនោះគឺរថយន្តក្នុងរយៈពេល២៤ខែ។

ការចាប់បដិសន្ធិរបស់ VinFast បានបង្កើតឡើងការយកចិត្តទុកដាក់និងការគាំទ្ររបស់ប្រជាជនយ៉ាងច្រើនកុះករ។ លោក Le Van Loi ពលរដ្ឋមួយរូបនៅ រដ្ឋធានីហាណូយបានចែករំលែកថា៖

“ក្នុងប៉ុន្មានឆ្នាំជិតៗនេះ Vingroup បានវិនិយោគទៅក្នុងវិស័យជាច្រើន។ ខ្ញុំវាយតំលៃខ្ពស់ចំពោះគុណភាពនៃផលិតផលនិងសេវាកម្មរបស់ Vingroup។ ខ្ញុំទិញផ្ទះរបស់ Vingroup ពិនិត្យព្យាបាល់ជំងឺនៅ Vingroup ហើយកូនខ្ញុំរៀននៅ Vingroup។ ដូច្នេះបានជាខ្ញុំជឿជាក់យ៉ាងខ្លាំងថា សម្ព័ន្ធក្រុមហ៊ុននេះនឹងទទួលបានជោគជ័យក្នុង​វិស័យរថយន្ត”។

អតិថិជនវៀតណាមតាំងពីមុនមកត្រឹមតែស្គាល់ដល់ពាណិជ្ជសញ្ញារថយន្តដ៏ល្បីឈ្មោះដូចជា Honda Toyota របស់ជប៉ុន Hyundai របស់កូរ៉េខាងត្បូង ឬ Ford របស់អាមេរិកជាដើម។ ហេតុនេះហើយ ការចាប់បដិសន្ធិរបស់រថយន្ត VinFast បានបង្ហាញនូវចំណងប្រាថ្នាកសាងពាណិជ្ជសញ្ញារថយន្តវៀតណាមដែលអាចឈានដល់ថ្នាក់ពិភពលោក៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ