08/11/2018 10:33 GMT+7 Email Print Like 0

សាធារណរដ្ឋឆែកយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងកិច្ចសហប្រតិបតិ្តការជាមួយវៀតណាម

នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឆែកប្រចាំវៀតណាមលោក Vitezslav Grepl នាពេលឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១០០ទិវាបុណ្យជាតិនៃសហព័ន្ធឆេកូស្លូវ៉ាគីចាស់។

ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឆែកប្រចាំវៀតណាមលោក Vitezslav Grepl



តាមឯកអគ្គរដ្ឋទូត Vitezslav Grepl បានអោយដឹងថា កត្តាមួយក្នុងចំណោមកត្តាសំខាន់ដែលបង្កើតបុព្វបទសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងសាធារណរដ្ឋឆែកនិងវៀតណាម ពិសេសគឺក្នុងវិស័យសេដ្ឋកិច្ចនោះគឺកិច្ចព្រមព្រៀងស្ដីពីទីផ្សារសេរីរវាងវៀតណាមជាមួយសហភាពអឺរ៉ុប។ កិច្ចព្រមព្រៀងនេះបានចូលជាធរមានចាប់តាំងពីដើមឆ្នាំ២០១៩ ហើយនេះក៏ជាឱកាសធំមួយចំពោះក្រុមហ៊ុន នានារបស់ឆែកនៅវៀតណាម ក៏ដូចជាចំ​ពោះ​ក្រុមហ៊ុនវៀតណាមដែលចង់ នាំចេញឬបណ្ដាក់ទុននៅឆែកផងដែរ។

លោកឯកអគ្គរដ្ឋទូតបានអះអាងថារដ្ឋាភិបាលឆែកគាំទ្រយ៉ាងពេញលេញចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​រវាងវៀតណាមជាមួយសហភាពអឺរ៉ុប។ រហូតមកដល់ពេលនេះ ឆែកមានគម្រោងការណ៍វិនិយោគចំ​នួន ៣៤ គម្រោង នៅវៀតណាមក្នុងតម្លៃជាង១០០លានដុល្លាអាមេរិក។ គម្រោងការណ៍មួយក្នុងចំណោមគម្រោងការណ៍សំខាន់បំផុតដើម្បីបង្កើនកិច្ចសហប្រតិបតិ្តការរវាងឆែកនិងវៀតណាមនោះគឺការបង្កើតជើងហោះហើរត្រង់រវាង​ប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូត Vitezslav Grepl បានអោយដឹងទៀតថា រដ្ឋាភិបាលឆែកជានិច្ចកាលបង្កលក្ខណៈ​ដ៏ល្អបំផុតសម្រាប់វិនិយោគិនវៀតណាមដើម្បីអោយគេអាចបណ្ដាក់ទុនប្រកបដោយជោគជ័យនៅ​ឆែក​។ ​ក្នុងវិស័យវប្បធម៌ អប់រំនិង ទេសចរណ៍ឆែក បានបើកសម្ពោធផ្ទះឆែកនៅរដ្ឋធានីហាណូយ។ ក្រៅពីនោះ ឆែកកំពុងខិតខំប្រឹងប្រែងដើម្បីបើកអគ្គស្ថានកុងស៊ុលនៃសាធារណៈរដ្ឋឆែកប្រចាំទីក្រុងហូជីមិញផងដែរ។

ឆ្នាំ២០១៨នេះជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី ១០០ ទិវាបុណ្យជាតិនៃសហព័ន្ធឆេកូស្លូវ៉ាគីចាស់ ហេតុដូច្នេះហើយ ស្ថានទូតឆែកប្រចាំវៀតណាមនឹងរៀបចំសកម្មភាពជាច្រើនទាក់ទិនដល់អក្សរសាស្ត្រសិល្បៈ។ នោះគឺពិព័រណ៍រូបថតក្រោមប្រធានបទស្ដីពីប្រវត្តិសាស្ត្រអភិវឌ្ឍន៍និងព្រឹត្តិការណ៍សំខាន់ៗនៃសាធារណរដ្ឋឆែក ក៏ដូច​ជា​ការចាក់បញ្ចាំងខ្សែភាពយន្តនៅស្ថានទូតផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ