សកម្មភាពរបស់ប្រធានរដ្ឋ លោក Tran Dai Quang នៅខាងក្រៅសន្និសីទជាន់ខ្ពស់ Francophone លើកទី១៦
នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមម៉ោងតំបន់ នៅខាងក្រៅសន្និសីទជាន់ខ្ពស់ Francophone លើកទី១៦ ដែលបានប្រារព្ធនៅប្រទេស Madagascar នោះ ប្រធានរដ្ឋ វៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសន្ទនាទ្វេភាគី ជាមួយប្រមុខរដ្ឋ និងប្រធានគណៈប្រតិភូមួយចំនួន នៃប្រទេសជាសមាជិកភាពរបស់អង្គការ Francophone រួមមានបារាំង ស្វីស សេណេហ្គាល់ សាធារណរដ្ឋឆាដម៉ូរីស កាមេរូន និងស៊ែរប៊ី។

ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នុងពិធីបើកសន្និសីទ Francophone លើកទី១៦
ក្នុងជំនួបជាមួយប្រធានាធិបតីបារាំង លោក Francois Hollande ប្រធានរដ្ឋលោក Tran Dai Quang បានឲ្យដឹងថា ដំណើរទស្សនកិច្ចវៀតណាម នាពេលកន្លងទៅ របស់លោក Hollande គឺទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ បង្កើតកម្លាំងពលំថ្មី សម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំង។
នៅក្នុងជំនួបជាមួយប្រធានាធិបតីសេណេហ្គាល់ លោក Macky Sall ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរបានចាត់ទុកថា វៀតណាមនិងសេណេហ្គាល់ មានសក្តានុភាពសហប្រតិបត្តិការជាច្រើន លើវិស័យពាណិជ្ជកម្ម កសិកម្មនិងជលផល។ ប្រធានាធិបតី Macky Sall បានឲ្យដឹងថា សេណេហ្គាល់មានបំណងស្វែងយល់បទពិសោធន៍ដាំស្រូវ និង របរកសិកម្មរបស់វៀតណាម ដើម្បីធានាសន្តិសុខស្បៀងអាហារ នៅប្រទេសអាហ្វ្រិកនេះ។
រីឯនៅជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ូរីស ប្រធានាធិបតីស្វីស ភាគីទាំងពីរបាន សម្តែងក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងយ៉ាងល្អប្រសើរ និងមានបំណងជម្រុញ ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។
ក្នុងថ្ងៃដដែល ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយ ប្រធានាធិបតីឆាដនិងរដ្ឋមន្ត្រីទំនាក់ទំនងកិច្ចការបរទេសសាធារណរដ្ឋកាមេរូនផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម