06/11/2021 13:27 GMT+7 Email Print Like 0

វៀតណាម-បារាំងបន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង នាយករដ្ឋមន្ត្រីវៀតណាម លោក  Pham Minh Chinh បានអញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron និងចូលរួមពិធីបដិសណ្ឋារកិច្ចរបស់ប្រធានាធិបតីបារាំង នៅវិមានប្រធា នាធិបតី។
 

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពរួមគ្នាបង្កើតផែនការប្រចាំឆ្នាំជាមួយនឹងភារកិច្ចជាក់ស្តែង ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំង (រូបថត៖ VTV)


នៅក្នុងជំនួបនេះ លោកប្រធានាធិបតី Macron បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំងរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងដំណើរបំពេញទស្សនកិច្ចនៅអឺរ៉ុបលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រី; វាយតម្លៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់ វៀតណាមក្នុងតំបន់; មានបំណងចង់ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំងឱ្យកាន់តែស៊ីជម្រៅថែមទៀត និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនវៀត ណាមដែលបានជួយឧបត្ថម្ភម៉ាសវេជ្ជសាស្រ្តសម្រាប់ប្រជាជនបារាំងក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងឆ្នាំ ២០២០ ព្រមទាំងបានប្រកាសថា ប្រទេសបារាំងនឹងផ្តល់ជំនួយបន្ថែមដល់ប្រទេសវៀតណាមជាមួយនឹងវ៉ាក់សាំងចំនួន ៤ សែនដូសតាមរយៈបណ្តាញទ្វេភាគីនិងវ៉ាក់សាំងចំនួន ៩៧.០០០ ដូស តាមរយៈយន្តការ COVAX ដែលនាំមកនូវចំនួនវ៉ាក់សាំងសរុបដែលបារាំងបានជួយឧបត្ថម្ភ វៀតណាមឡើងទៅដល់ជាង ២ លានដូស ដែលបង្ហាញពីស្មារតីនៃកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកដើម្បីជំនះជំងឺរាតត្បាត។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនបារាំង ដែលបានជួយឧបត្ថម្ភវ៉ាក់សាំងនិងឧបករណ៍វេជ្ជសាស្ត្រ រួមចំណែកប្រកបដោយប្រសិទ្ធ ភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា បារាំងនឹងបន្តជួយឧបត្ថម្ភបរិក្ខារពេទ្យ ផ្ទេរបច្ចេកវិទ្យាផលិតថ្នាំដើម្បីព្យាបាលជំងឺកូវីដ ១៩ និងជួយលើកកំពស់សមត្ថភាពផ្នែកសុខាភិបាលរបស់វៀតណាម។

នៅឯជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ ក្នុងយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក លោកប្រធានាធិបតី Emmanuel Macron បានវាយតម្លៃខ្ពស់ចំពោះតួនាទីជាមជ្ឈភាពរបស់អាស៊ាន ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍។ លោកប្រធានាធិបតី Macron ក៏បានសង្កត់ធ្ងន់លើការគាំទ្ររបស់លោកចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ជាពិសេសក្នុងបញ្ហាសមុទ្រខាងកើត។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងប្រធានាធិបតីលោក Macron បានឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍រួមក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh នៅប្រទេសបារាំងនាពេលនេះ ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរផងដែរ។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានពាំនាំការអញ្ជើញរបស់អគ្គលេខាបក្សលោក Nguyen Phu Trong និងប្រធានរដ្ឋលោក Nguyen Xuan Phuc ជូនចំពោះប្រធានាធិបតី Emmanuel Macron អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម។ ប្រធានាធិប តី បារាំងបានទទួលយកដោយរីករាយ។

មុននោះ នាព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយប្រធានរដ្ឋសភា Richard Ferrand។

ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពក្នុងតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ដោយបានឯកភាពថា ប្រទេសនានាគួរតែលើកកំពស់តួនាទីទទួលខុសត្រូវរបស់ខ្លួន និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមក្នុងតំបន់។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានពាំនាំការអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជូនចំពោះប្រធានរដ្ឋសភាបារាំង Richard Ferrand។ ប្រធានរដ្ឋសភាលោក Richard Ferrand បានទទួលយកការអញ្ជើញដោយរីករាយ ហើយបានបញ្ជាក់ថា លោកត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍ប្រធានរដ្ឋសភាលោក Vuong Dinh Hue មកបំពេញទស្សនកិច្ចនៅប្រទេសបារាំងនាពេលឆាប់ៗនេះ។

បន្ទាប់មក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោក Fabien Roussel លេខាបក្សកុម្មុយនិស្តបារាំង។ នាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា សកម្មភាពសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងរវាងភាគីទាំងពីរបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំង និងការផ្សារភ្ជាប់មនោសញ្ជេតនារវាងប្រជាជនវៀតណាមនិងបារាំងផងដែរ។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានពាំនាំការអញ្ជើញរបស់អគ្គលេខាបក្ស Nguyen Phu Trong ជូនចំពោះលោក Fabien Roussel មកបំពេញទស្សនកិច្ចនៅវៀតណាម។ លេខានៃបក្សកុម្មុយនិស្តបារាំង Fabien Roussel បានថ្លែងអំណរគុណនិងទទួលយកការអញ្ជើញនេះដោយរីករាយផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ