06/05/2021 14:09 GMT+7 Email Print Like 0

វៀតណាមប្រឆាំងជំទាស់នឹងការហាមឃាត់ការនេសាទរបស់ចិននៅសមុទ្រខាងកើត

នាពេលថ្មីៗនេះ ចិនបានប្រកាសបម្រាមហាមឃាត់ការនេសាទនៅសមុទ្រខាងកើត ចាប់ពីថ្ងៃទី ១ ខែឧសភាដល់ថ្ងៃទី ១៦ កញ្ញាឆ្នាំ ២០២១ ក្រោមការឃ្លាំមើលរបស់ឆ្មាំសមុទ្រ។

វិសាលភាពនៃការហាមឃាត់ការនេសាទ លាតសន្ធឹងពីតំបន់ខាងជើងនៃសមុទ្រខាងកើត ដល់ ១២ ដឺក្រេរយៈទទឹងខាងជើង រួមមានផ្នែកមួយនៃឈូងសមុទ្រតុងកឹង (Gulf of Tonkin) និងប្រជុំកោះ Hoang Sa (Paracel) ក្រោមអធិបតេយ្យភាពរបស់វៀតណាម។

ធ្វើការវិភាគលើខ្លឹមសារនៃបម្រាមហាមឃាត់ការនេសាទនេះរបស់ចិន សាស្ត្រាចារ្យរង បណ្ឌិត Vu Thanh Ca អតីតប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងវិទ្យាសាស្ត្របច្ចេកវិទ្យា អគ្គនាយកសមុទ្រនិងកោះ វៀតណាមបានបញ្ជាក់ថា៖ “ចិនបានប្រកាសជាឯកតោភាគីនូវបម្រាមហាមឃាត់ការនេសាទនៅសមុទ្រខាងកើតទាំងមូល ដែលស្ថិតនៅក្នុងវិសាលភាព ១២ ដឺក្រេរយៈទទឹងខាងជើង។ តំបន់សមុទ្រទាំងមូលនេះរួមបញ្ចូលទាំងប្រជុំកោះ Hoang Sa ទាំងមូលរបស់វៀតណាម ក៏ដូចជាផ្នែកមួយនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ។ ប្រការនេះដើរផ្ទុយនឹងច្បាប់អន្តរជាតិ។ បច្ចុប្បន្ននេះ ធនធានជលផលនៅសមុទ្រខាងកើតកំពុងរីងខះហេតុដូច្នេះ បណ្តាប្រទេសចាំបាច់ត្រូវសហការ ប៉ុន្តែត្រូវឈរលើមូលដ្ឋានអធិបតេយ្យភាព។ ហើយដូច្នេះ នៅក្នុងតំបន់សមុទ្រវៀតណាម គឺមានតែវៀតណាមដែលមានសិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការសម្រាប់អនុវត្តន៍បម្រាមនេសាទ ចំណែកឯចិនវិញ គឺគ្មានសិទ្ធិប្រតិបត្តិក្នុងតំបន់សមុទ្ររបស់វៀតណាមនោះឡើយ”។

បន្ទាប់ពីការប្រកាសជាឯកតោភាគីរបស់ចិន នៅថ្ងៃទី ២៩ ខែមេសា អ្នកនាំពាក្យរងក្រសួងការបរទេស វៀតណាមលោក Doan Khac Viet បានអះអាងថា៖ វៀតណាមប្រឆាំងជំទាស់និងច្រានចោលដាច់អហង្ការ លើសេចក្តីសម្រេចចិត្តដោយឯកតោភាគីនេះរបស់ចិន។ បទបញ្ញត្តិនេះបានរំលោភលើអធិបតេយ្យភាពរបស់ វៀតណាមចំពោះប្រជុំកោះ Hoang Sa រំលោភទៅលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដើរផ្ទុយនឹងស្មារតីបានចែងក្នុងសេចក្តីថ្លែងការណ៍របស់ភាគីនានានៅសមុទ្រខាងកើត DOC និងដើរផ្ទុយទៅនឹងកិច្ចព្រមព្រៀងស្តីពីគោលការណ៍មូលដ្ឋានសម្រាប់ដឹកនាំការដោះស្រាយបញ្ហាសមុទ្រ រវាង វៀតណាមនិងចិន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ