20/11/2018 10:21 GMT+7 Email Print Like 0

វៀតណាមនិងរុស្ស៊ីបន្តពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ


 ពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev (ខាងឆ្វេង) (រូបថត៖ Zing) 

 តាម​ការអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc នាយក​រដ្ឋមន្រ្តី​រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ីលោក Dmitry Medvedev បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការមកកាន់ វៀតណាម​ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែវិច្ឆិកា។
 
នាព្រឹក​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នាយក​រដ្ឋមន្រ្តី​វៀត​ណាម​លោក Nguyen Xuan Phuc បានអញ្ជើញជួបរចាជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev។
 
នាយក​រដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា គោល​ជំហរ​ដោយ​ឥត​ងាក​រេរបស់​វៀត​ណាម​នោះ គឺជា​និច្ចកាល​គោរពនិងផ្ដល់អាទិភាពដល់ទំនាក់ទំ​នងមិត្តភាព​ប្រពៃណី និង​ភាពជា​ដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ រវាងវៀត​ណាមនិងរុស្ស៊ី។ ចំណែកឯ​នាយករដ្ឋមន្រ្តីរុស្ស៊ីលោក ​Dmitry Medvedev វិញ ​បានសង្កត់​ធ្ងន់​ថា វៀតណាម​ជានិច្ចកាល​ជាដៃគូមួយក្នុងចំណោមដៃគូ​សំខាន់បំផុត របស់រុស្ស៊ីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។​

 

 
 ទិដ្ឋភាពនៃជំនួបចរចារវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ (រូបថត៖ Zing)

នាយក​រដ្ឋមន្រ្តីទាំងពីររូបបានពិភាក្សាលើទិសដៅនិងវិធានការ សំដៅបន្ត​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនងភាព​ជាដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ីប្រកប​ដោយភាពស៊ីជំរៅនិងចីរភា​ព។ នាយក​រដ្ឋមន្រ្តី​ទាំង​ពីររូបបានអះអាងថា នឹ​ងបន្តបង្កលក្ខណៈ​ងាយស្រួល​សម្រាប់​សហគ្រាស​នៃប្រទេស​ទាំងពីរ​ដើម្បី​សហប្រតិបត្តិការ​គ្នារុករកនិងធ្វើអាជីវកម្មប្រេងឧស្ម័ននៅតំប​ន់ខ្ពង់រាបបាតសមុទ្រវៀត​ណាម និងនៅលើ​ដែន​ដីរុស្ស៊ី ផងដែរ។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញ គម្រោងសហប្រតិបត្តិការសំខាន់ៗលើវិស័យថាមពល ឧស្សាហកម្ម​ គមនាគមន៍ដឹកជ​ញ្ជូន កសិកម្ម ព្រមទាំងបើក​ពង្រីកកិច្ច​សហប្រតិបតិ្តការ​ដល់វិស័យ​ព័ត៌មាន​បច្ចេក​​វិទ្យាឌី​ជីថល និងរដ្ឋាភិបាលអេឡិច​ត្រូនិក ហើយអះអាង​ជាថ្មីម្ដង​ទៀតនូវ​ការប្ដេ​ជ្ញា​ចិត្ត​អនុវត្តន៍​គម្រោង​​មជ្ឈមណ្ឌលវិទ្យាសាស្ត្រ បច្ចេកវិទ្យា នុយក្លេអ៊ែរនៅវៀតណាមដោយ​មាន​តម្លៃ៣៥០លាន​ដុល្លាអាមេរិក ផងដែរ។

ថ្នាក់ដឹក​នាំទាំងពីររូបបានឯកភាព​គ្នានឹងបន្ត​បង្កើន​កិច្ចសហប្រតិបតិ្តការ​រវាងប្រទេសទាំងពីរ​នៅវេទិកាព​ហុភាគី​នានា​ ព្រមទាំងសង្កត់ធ្ងន់លើភាពចាំបាច់​នៃការរក្សាសន្តិភាព ​ស្ថិរភាព ​សន្តិសុខ សុវត្ថិភាព​និង​សេរីភាព​​ខាងនាវាចរណ៍ អាកាសចរណ៍នៅសមុ​ទ្រខាងកើត ការដោះស្រាយជម្លោះដោយ​សន្តិវិធីដោយ​ឈរ​លើ​មូលដ្ឋាន​នៃការគោរព​ច្បាប់អន្តរជាតិ​និងអនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពីច្បាប់ស​មុទ្រឆ្នាំ១៩៨២ ក៏ដូច​​ជា​កា​រអនុវត្តយ៉ាងពេញ​លេញនិងប្រកបដោយប្រសិទ្ធ​ភាពនូវសេចក្ដីថ្លែងការណ៍ស្ដី​ពីការ​ប្រតិ​បត្តិ​នៅ​សមុទ្រ​​ខាងកើត (D​OC) និងការ​កសាងក្រម​ប្រតិបត្តិ​សម្រាប់​ភាគីនានា​នៅ​សមុទ្រ​ខាង​កើត​ (COC) អោយ​បាន​ជាក់ស្ដែងនិងប្រកបដោយប្រ​សិទ្ធភាពផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ