08/11/2018 10:33 GMT+7 Email Print Like 0

វៀតណាមនិងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់ផ្ទៃដីជាង១៣ហិកតាដែលត្រូវបានបោសសម្អាតគ្រាប់បែកមីននិងជាតិគីមីពុលនៅព្រលានយន្តហោះអន្តរជាតិ Da Nang


 តំណាងនៃភាគីទាំងពីរចូលរួមពិធីប្រគល់ផ្ទៃដីដែលត្រូវបានបោសសម្ពាតគ្រាប់បែក
មីននិងជាតិគីមីពុលនោព្រលានយន្តហោះ Da Nang (រូបថត៖ baomoi)

នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមនិងជាប្រធានស្ថាប័នអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិទទួល​បន្ទុកការជំនះពុះពារលើផលវិបាកដោយសារគ្រាប់បែកមីន ជាតិគីមីពុលក្រោយសង្គ្រាមនៅវៀតណាម និង​លោក Daniel Kritenbrink ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាមបានធ្វើជាសក្សីនៅពិធីចុះហត្ថលេខាលើ​កិច្ច​ព្រមព្រៀងស្ដីពីការប្រគល់ផ្ទៃដីមានទំហំ ១៣,៧ ហិកតាដែលត្រូវបានបោសសម្អាតគ្រាប់បែកមីន និងជាតិគីមីពុល នៅព្រលានយន្តហោះអន្តរជាតិ Da Nang សម្រាប់ក្រសួងគមនាគមន៍ដឹកជញ្ជូនវៀតណាមគ្រប់គ្រង។
ពិធីនេះក៏បានគូសសញ្ញានៃការសម្រេចគម្រោងការណ៍បោសសម្អាតបរិស្ថានដែលត្រូវបំពុលដោយជាតិគីមី dioxin ​នៅព្រលានយន្តហោះ Da Nang ដែលបានដំណើរការក្នុងរយៈពេល ៦ ឆ្នាំ ដោយស្ថាប័នអភិវឌ្ឍន៍អាមេរិកសហការជាមួយក្រសួងការពារប្រទេសវៀតណាម។

ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានអះអាងថា លទ្ធផលនៃគម្រោងការណ៍នេះបាននាំមកនូវប្រសិទ្ធភាពនិងអត្ថន័យលើវិស័យជាច្រើនចាប់តាំងពីវិស័យបរិស្ថាន សេដ្ឋកិច្ច​សង្គម រហូតដល់វិស័យសុខភាពសហគមន៍និងកិច្ចការបរទេសជាដើម។ លោកបាន សង្កត់ធ្ងន់ថា៖

“រដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាលអាមេរិកបានឯកភាពគ្នាបន្តបោសសម្អាតជាតិគីមីពុល dioxin នៅព្រលានយន្តហោះ Bien Hoa។ អាស្រ័យដោយមានកិច្ចសហប្រតិបតិ្តការពីស្ថានទូតអាមេរិក ពិសេសគឺបុគ្គលឯកឧត្តមឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថាប័នអភិវឌ្ឍន៍អាមេរិកនោះគឺខ្ញុំជឿជាក់ថា យើងនឹងសម្រេចគម្រោងការណ៍នៅ Bien Hoa ប្រកបដោយជោគជ័យ”។

ចំណែកឯឯកអគ្គរដ្ឋទូតអាមេរិកលោក Daniel Kritenbrink បានបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកនឹងសហការជាមួយរដ្ឋាភិបាលនិងក្រសួងការពារប្រទេសវៀតណាម ដើម្បីដោះស្រាយផលវិបាកដោយសារសង្គ្រាម ព្រមទាំងបន្តបង្កើនទំនាក់ទំនងសន្តិសុខការពារជាតិ សេដ្ឋកិច្ចនិងវប្បធម៌រវាងប្រទេសទាំងពីរ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ