04/11/2018 12:34 GMT+7 Email Print Like 0

វៀតណាមនិងបារាំងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន១៧ក្នុងវិស័យជាច្រើន

នារសៀលថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីបារាំងលោក Edouard Philippe បានជម្រាបជូនសារព័ត៌មានអំពីលទ្ធផលនៃកិច្ចចរចា រវាង​នាយករដ្ឋមន្ត្រីទាំងពីររូប។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានឲ្យដឹងថា ភាគីទាំង ២ បានពិភាក្សាប្រកបដោយជោគជ័យនិងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងផ្លាស់ប្តូរឯកសារ សហប្រតិបត្តិការចំនួន ១៧។


នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីបារាំង លោក  Edouard Philippe នៅក្នុងសន្និសីទកាសែត (រូបថតៈ Chinhphu.vn)

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានលើកច្បាស់ថា បារាំងជានិច្ចកាលជាដៃគូនាំមុខគេរបស់វៀតណាមនិងមានទីតាំងអាទិភាព ក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាមនាបច្ចុប្បន្ន។
ភាគីទាំងពីរក៏បានអះអាងអំពីតួនាទីស្នូលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ នៅក្នុងទំនាក់ទំនងរបស់​ប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាព រក្សាយន្តការនូវកិច្ចសន្ទនាយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការ​ការពារជាតិរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ព្រមទាំងអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខាជាស្រាប់ជាពិសេសគឺសេចក្តីថ្លែងការណ៍រួមស្តីពីទស្សនៈវិស័យរួមនៃទំនាក់ទំនងការពារជាតិរវាងវៀតណាមនិងបារាំង។

 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសន្និសីទកាសែត (រូបថតៈ Chinhphu.vn)

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc  បានវាយតម្លៃខ្ពស់ចំពោះគោលជំហររបស់បារាំងនៅក្នុងបញ្ហាសមុទ្រខាងកើត ការគោរពច្បាប់អន្តរជាតិនិងការធានាសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត​ផង​ដែរ។

ចំណែកឯនាយករដ្ឋមន្ត្រីបារាំងបានអះអាងជាមួយសារព័ត៌មានថា ដំណើរទស្សនកិច្ចលើកនេះរបស់លោកគឺដើម្បី​ពង្រឹងទំនាក់ទំនងទ្វេភាគី។ ទន្ទឹមជាមួយគ្នានោះ  អង្គភាពអាជីវកម្មរបស់បារាំងដែលមានវត្តមាននៅក្នុងប្រទេសវៀតណាមសុទ្ធតែជឿជាក់លើកំណើននិងឱកាសសហប្រតិបត្តិការជាមួយវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ