26/08/2021 17:45 GMT+7 Email Print Like 0

វៀតណាមតែងតែចាត់ទុកអាមេរិកជាដៃគូសំខាន់ជួរមុខ

នារសៀលថ្ងៃទី ២៥ ខែសីហា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

ប្រធានរដ្ឋលោក Nguyen Xuan Phuc និងអនុប្រធានាធិបតីអាមេរិក Kamala Harris នៅក្នុងជំនួប (រូបថត៖ Thong Nhat/TTXVN)


នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋវៀតណាមបានអះអាងថា វៀតណាមតែងតែចាត់ទុកអាមេរិកជាដៃគូសំខាន់បំផុតរបស់ខ្លួន ហើយមានបំណងចង់សហការជាមួយអាមេរិកដើម្បីបន្តជំរុញទំនាក់ទំនងវៀតណាម - អាមេរិកឱ្យមានការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ជាក់ស្តែងនិងស្ថិរភាពយូរអង្វែង។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគីនិងវាយតម្លៃខ្ពស់ចំពោះការដែលភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងស្តីពីបញ្ហាគោលនយោបាយអត្រាប្តូរប្រាក់ក្នុងស្មារតីស្ថាបនាឆ្ពោះទៅរកពាណិជ្ជកម្មប្រកបដោយសុខដុមនិងផលប្រយោជន៍ទៅវិញទៅមក។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានបញ្ជាក់ថា វៀតណាមនិងអាមេរិកបានចែករំលែកការយកចិត្តទុកដាក់រួមស្តីពីការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងអនុវត្តន៍វិធានការខ្លាំងក្លាអំពីថាមពលស្អាត ថាមពលកកើតឡើងវិញ។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិក៏ដូចជាវេទិកាពហុភាគីដទៃទៀត គាំទ្រការធានាសន្តិសុខ សុវត្ថិភាព សេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍ ហើយរាល់ជម្លោះនៅសមុទ្រខាងកើតគួរតែត្រូវបានដោះស្រាយដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក៏ដូចជា បញ្ចប់ក្រមប្រតិបត្តិសម្រាប់ភាគីនៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ។

អនុប្រធានាធិបតីលោកស្រី Kamala Harris បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការបន្តគាំទ្រវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាត ត្បាត។ លោកស្រី Kamala Haris បានស្នើឱ្យភាគីទាំងពីរសហការយ៉ាងជិតស្និទ្ធ ដើម្បីគាំទ្រដល់បណ្តាអង្គភាពអាជីវកម្ម ជាពិសេសសម្ព័ន្ធក្រុមហ៊ុនធំៗ របស់អាមេរិកនិងវៀតណាម ដើម្បីបន្តរក្សាសង្វាក់ផ្គត់ផ្គង់ផលិតកម្ម កុំអោយមានការអាក់ខានចំពោះមុខផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ -១៩។

អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញទទួលជួបអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris (រូបថត៖ TTXVN)


មុននេះនាព្រឹកថ្ងៃទី ២៥ ខែសីហា នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍និងជួបពិភាក្សាជាមួយអនុប្រធានាធិ បតីអាមេរិកលោកស្រី Kamala Harris ដែលកំពុងមានដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត ណាម។ លោកស្រី Kamala Harris គឺជាអនុប្រធានាធិបតីអាមេរិកដំបូងដែលមកបំពេញទស្សនកិច្ចនៅវៀតណាម។

អញ្ជើញពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យសំខាន់ៗមួយចំនួន ដូចជា សុខាភិបាល ការអប់រំនិងស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ -១៩ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអះអាងថា វៀតណាមតែងតែខិតខំប្រឹងប្រែងលើកកម្ពស់សមភាព យេនឌ័រ ការពារថែរក្សាកុមារនិងអនុវត្តន៍រាល់គោលនយោបាយសន្តិសុខសង្គមសម្រាប់ក្រុម អន់ខ្សោយក្នុងសង្គម។ លោកស្រីអនុប្រធានរដ្ឋបានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋ អាមេរិកចំពោះគម្រោងផ្តល់មូលនិធិសម្រាប់បណ្តាគម្រោងបង្កើនឱកាសចូលរួមរបស់ស្ត្រី ក៏ដូចជាកម្មវិធីគាំទ្រដល់ក្រុមងាយរងគ្រោះ។ លោកស្រីអនុប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាលនិងអភិវឌ្ឍន៍ធនធានមនុស្សរវាងប្រទេសទាំងពីរ ព្រមទាំងស្វាគមន៍ចំពោះការដែលអ្នកស្ម័គ្រចិត្តអាមេរិកនឹងចូលមកវៀតណាមក្នុងពេលឆាប់ៗនេះដើម្បីបង្រៀនភាសាអង់គ្លេស។

ក្នុងឱកាសនេះ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានស្នើឲ្យរដ្ឋាភិបាលអាមេរិកបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅអាមេរិកធ្វើអាជីវកម្ម រស់នៅនិងកាន់តែអភិវឌ្ឍន៍ ហើយក្លាយជាស្ពានដ៏មានប្រសិទ្ធភាពនាំទំនាក់ទំនងវៀតណាម - អាមេរិកកាន់តែជិតស្និទ្ធថែមទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ