27/11/2018 10:03 GMT+7 Email Print Like 0

វៀតណាមជំរុញកិច្ចខិតខំប្រឹងប្រែងបង្ការប្រឆាំងអំពើពុករលួយ

 នៅក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនាចុងសប្ដាហ៍កន្លងទៅ អគ្គ លេខាបក្ស ប្រធាន​រដ្ឋ​វៀត​ណាម​លោក​ Nguyen Phu Trong បានអះអាងថា នឹង មិនដែលរាថយក្នុងការតស៊ូបង្ការប្រឆាំងអំពើពុករលួយទេ។ មុន​​នោះ ​រដ្ឋសភា វៀតណាមក៏បានអនុម័តលើកច្បាប់ស្ដីពីការបង្កា​រប្រឆាំងអំពើពុករលួយ។ សញ្ញា ទាំង​ពីរ​នេះ​គឺ​​ជាមូលដ្ឋាន​ដើម្បីវៀតណាមបន្តអនុវត្តន៍កា​រតស៊ូបង្ការប្រឆាំងអំ​ពើ ពុករលួយ​អោយ​បាន​ខ្លាំង​ក្លានិ​ង​ប្រកប​ដោយ​ប្រសិទ្ធភាពថែមទៀត​នាពេល​​ខាងមុខ។
 
នាពេល​កន្លងទៅ កិច្ចការបង្ការប្រឆាំងអំពើពុករលួយនៅវៀតណាមទទួលបានលទ្ធផលសំខាន់ៗ។ ប្រការ​នេះបាន​សរអោយឃើញនូវការ​ប្ដេជ្ញាចិត្ត​របស់​ប្រព័ន្ធ​នយោបាយ​ទាំង​មូល​ក្រោមការ​ដឹក​នាំ​ដ៏ត្រឹម​ត្រូវ​និង​ទាន់​ពេល​វេលារបស់​បក្ស។
 
មិនដែលរាថយក្នុងការបង្ការប្រឆាំងអំពើពុករលួយ

នៅ​ក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅរដ្ឋធានីហាណូយនាចុងសប្ដាហ៍កន្លងទៅ អគ្គលេខាបក្ស ប្រធាន​រដ្ឋវៀតណាមលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា មិនមាន​ជំនួប​ប្រាស្រ័យ​ណាដែល​អ្នកបោះ​ឆ្នោត​មិ​ន​និយាយអំពីបញ្ហាបង្ការប្រឆាំងអំពើពុករលួយទេ​។ ប្រការនេះសរបញ្ជាក់​ថា នេះជា​បញ្ហាធំមួយ​ដែល​ត្រូវ​បាន​ប្រជាជនយកចិត្តទុកដាក់ជាពិសេស។ តាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋអោយដឹងថា នាបច្ចុប្បន្ន កិច្ចការ​បង្ការ​ប្រឆាំងអំពើពុករលួយបានមានការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល។ សភាពការណ៍ “ខាងលើស​កម្ម ខាងក្រោមអសកម្ម” ក្នុងកិច្ចការបង្ការប្រឆាំងអំពើពុករលួយត្រូវបានជំនះពុះពារជាបណ្ដើៗ។
 
អគ្គលេខាបក្ស​ ប្រធានរដ្ឋលោក Nguyen Phu Trong បានអោយដឹងថា នាបច្ចុប្បន្ន ការងារជាក់​ស្ដែង​ក្នុង​វិស័យ​បង្ការ​ប្រឆាំង​អំពើពុករលួយគឺមានច្រើនណាស់ ហេតុដូច្នេះបា​នជាត្រូវធ្វើ​តាមជំហានៗ ក៏ដូច​ជាត្រូវ​មាន​ធនធាន​មនុស្ស​និងបទពិសោធន៍ផងដែរ។ ​លោកអះអាងថា គ្មាន​ការរាថយ​ឬភាពនឿយ​ណាយក្នុង​កិច្ចការ​បង្ការ​ប្រឆាំង​អំពើពុករលួយនោះឡើយ។

“មាន​ការបញ្ជាណែនាំយ៉ាងខ្លាំងក្លារបស់ក្បាលម៉ាស៊ីនរដ្ឋនិងការប្ដេជ្ញាចិត្តរបស់ប្រជាជន គឺធ្វើបានជាពុំខាន។ ឥឡូវ​នេះ​មានការងារជាច្រើនណាស់ ហេតុនេះហើយត្រូវដោះស្រាយការងារនីមួ​យៗអោយបានរួចរាល់​។ ទន្ទឹម​នឹង​នោះគឺត្រូវ​ពង្រឹង​ប្រព័ន្ធច្បាប់ផងដែរ។ ស្ថានភាព​ជាក់ស្ដែងបានសរអោយឃើញថា ការដោះ​ស្រាយរឿង​ក្ដីនាពេល​កន្លងទៅទទួល​បានការគាំទ្ររបស់ប្រជាជន។ នេះក៏ជាមេរៀនបទពិសោធន៍​ដ៏ថ្លៃថ្លាដែរ”​។
 
សុក្រិត​របៀបរបប

រួម​ជាមួយនឹងការប្ដេជ្ញាចិត្តបង្ការប្រឆាំងអំពើពុករលួយនោះ ចំណុច​លេច​ធ្លោនា​ពេល​កន្លង​ទៅគឺ​ជាការ​ចាប់​បដិសន្ធិ​នៃច្បាប់ស្ដីពី​ការបង្ការប្រឆាំងអំពើពុករលួយឆ្នាំ២០១៨​។ ច្បាប់នេះត្រូវបានចេញផ្សាយកាលពីឆ្នាំ​២០០៥​ ហើយត្រូវបានធ្វើវិសោធនកម្ម​នាឆ្នាំ២​០០៧​និងឆ្នាំ២០១២​។

​ច្បាប់​នេះមានមាត្រាចំនួន២៤ក្នុងចំណោមមាត្រាសរុបទាំង៩៦ ដែល​ចែង​អំពីការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​និង​ចំណូល​របស់អ្នក​មាន​មុខតំណែង​និងអំណាច។ វាជាលើក​ដំបូង​ដែលវៀត​ណាម​មានស្ថាប័ន​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​​និង​ចំណូលដ៏ឯករាជ្យ។ យន្តការនេះមានសារសំ​ខាន់ណាស់​។ ចាប់តាំងពីនេះ​មក អធិការ​កិច្ច​រដ្ឋាភិបាល​នឹង​គ្រប់​គ្រង​ទ្រព្យសម្បត្តិ និងចំណូលរបស់កម្មាភិបាលពីថ្នាក់នាយកមន្ទីរ ​និងថ្នា​​ក់ស្មើៗគ្នានៅតាមមូលដ្ឋាន ក៏ដូច​ជានៅក្រសួង​នានាក្នុងរដ្ឋាភិបាលផងដែរ​។ ចំពោះថ្នាក់ទាប​ជាងគឺ​អធិការកិច្ច​ថ្នាក់​មូលដ្ឋាន​និង​អធិការ​កិច្ច​ថ្នាក់ក្រសួង​នឹង​ទទួលការខុសត្រូវ។


ច្បាប់នេះក៏ប្រគល់សិទ្ធិជាច្រើនចំពោះស្ថាប័នគ្រប់គ្រងទ្រព្យសម្បត្តិនិងចំណូលនេះ ដើម្បី​អនុវត្តន៍​ភារកិច្ច​នេះផង​ដែរ​។ តាមនោះ រតនាគារ អង្គការឥណទាន ធនា​គារបរទេស នគរបាល ស្ថាប័នពន្ធ ​គយ និង​គ្រប់​គ្រង​ដី​ធ្លី ត្រូវផ្គត់ផ្គង់ព័ត៌មាន​ដើម្បីបម្រើអោយការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​និង​ចំណូល​របស់​មនុស្ស​ដែល​មាន​កាតព្វកិច្ច​ប្រកាស​ទ្រព្យស​ម្បត្តិ។​
 
ស្ដីពីការ​ដកហូតទ្រព្យសម្បត្តិពីអំពើពុករលួយ លោកស្រី Vo Thi Nhu Hoa សមាជិកាសភាមណ្ឌលទីក្រុងដាណាំង បាន​ចាត់​ទុកថា៖​“ការដកហូតទ្រព្យសម្បត្តិពីអំពើពុករលួយ គឺជាសំណូមពរ​ចាប់បង្ខំ​ដែលមិន​អាចកាត់​ផ្ដាច់​ចេញ​ពីកិច្ចការ​​បង្ការ​ប្រឆាំង​អំពើពុករលួយទេ។ វាមាន​ឥទ្ធិ​ពល ដ៏សកម្ម​ចំពោះកិច្ចការ​បង្ការប្រឆាំងអំពើពុករ​លួយ​ ហើយនេះជាកត្តាសំខាន់ដើម្បីវាយតម្លៃចំពោះ​ប្រសិទ្ធភាព ​នៃ​កិច្ចការបង្ការ​ប្រឆាំងអំពើពុក​​រលួយ”។​
 
នាពេលខាងមុខ វៀតណាមនឹងបន្ត​កែតម្រូវដល់​ច្បាប់ផ្សេងៗ​ជាច្រើន​អោយបាន​សម​ស្រប​ទៅ​នឹង​បទបញ្ញត្តិ​នៃច្បាប់​បង្ការ​ប្រឆាំង​អំពើពុក​រលួយ​ឆ្នាំ២០១៨។
 
ក្នុងបរិបទដែលប្រជាជន​ចង់កំចាត់អំពើពុករលួយនោះ​ គឺការប្ដេជ្ញាចិត្ត​របស់បក្ស រដ្ឋ រួម​ជាមួយ​ការចេញ​ផ្សាយ​​បទ​បញ្ញត្តិថ្មីៗ នឹងរួមចំណែកជំរុញកិច្ចការប​ង្ការប្រឆាំង អំពើពុករលួយអោយកាន់តែខ្លាំងក្លា​ មាន​របៀប​រៀប​រយ​និងប្រកបដោយប្រសិទ្ធភាពថែ​មទៀត​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ