10/11/2018 12:32 GMT+7 Email Print Like 0

លោកប្រធាន Miguel Mario Diáz Canel៖ ទំនាក់ទំនងគុយបា-វៀតណាមជានិច្ចកាលជាទំនាក់ទំនងពិសេស

នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានប្រធានរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងប្រធានក្រុមប្រឹក្សារដ្ឋនិងគណៈរដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា Miguel Mario Diáz Canel Bermúdez បានអនុវត្តន៍កិច្ចចរចាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែវិច្ឆិកា របស់ប្រធានរដ្ឋលោក Miguel Mario Diáz Canel ដែលតបតាមការអញ្ជើញរបស់ប្រធានរដ្ឋនិងនាយករដ្ឋមន្ត្រីនៃសាធារណ រដ្ឋសង្គមនិយមវៀតណាម។


អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong នៅក្នុងពិធីទទួលស្វាគម
លោកប្រធាន Miguel Mario Diáz Canel Bermúdez (រូបថតៈ VGP)

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងប្រធានក្រុមប្រឹក្សារដ្ឋ និង​គណៈរដ្ឋមន្ត្រី លោក Miguel Diáz  Canel Bermúdez បានវាយតម្លៃជាវិជ្ជមានអំពីការអភិវឌ្ឍន៏នៃកិច្ចសហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនាពេលកន្លងទៅ ហើយទំនាក់ទំនងនយោបាយទ្វេភាគីកាន់​តែ​មានការជឿទុកចិត្តគ្នាទៅវិញទៅមកតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរវិធានការជាច្រើន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគក្នុងស្មារតីប្រកបដោយប្រសិទ្ធភាព រួមទាំងការអនុវត្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងវិស័យការពារជាតិសន្តិសុខនិងកិច្ចការ​បរទេសផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក  Nguyen Phu Trong និងប្រធានក្រុមប្រឹក្សារដ្ឋនិងគណៈរដ្ឋមន្ត្រីលោក Miguel Mario Diáz Canel Bermúdez បានព្រមព្រៀងគ្នាដឹកនាំក្រសួង ស្ថាប័ននៃភាគីទាំងពីរ ជំរុញយ៉ាងសកម្មការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី  ស្វែងរកនូវយន្តការនិងវិធានការនានាដើម្បី​សម្រួលដល់ការចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមកនៃបណ្តាសហគ្រាសរបស់ប្រទេសទាំងពីរនិងខិត​ខំ​ប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ៥០០ លានដុល្លារអាមេរិក នាឆ្នាំ២០២២។

លោកប្រធាន Miguel Mario Diáz Canel៖ ទំនាក់ទំនង
គុយបា-វៀតណាមជានិច្ចកាលជាទំនាក់ទំនងពិសេស -  រូបថតៈ VGP

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការបង្កើនកិច្ចសហប្រតិបត្តិការនិងការគាំទ្រទៅវិញទៅមករវាងវៀតណាមនិងគុយបានៅបណ្តាអង្គការអន្តរជាតិនិងវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិចលនាមិនចូលបក្សសម្ព័ន្ធវេទិកាអាស៊ីបូព៌ា - អាមេរិកឡាទីនជាដើម។ ល។ ធ្វើការផ្លាស់ប្តូរអំពីស្ថានភាពអន្តរជាតិនិងតំបន់ ភាគីទាំងពីរបានឯកភាពថា ជម្លោះអធិបតេយ្យភាពនិងដែនដីត្រូវបានដោះស្រាយ​ដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ។

បន្ទាប់ពីបញ្ចប់កិច្ចចរចានេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងលោកប្រធាន  Miguel Mario Diáz Canel បានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងពិធីសារហិរញ្ញវត្ថុ ដើម្បីអនុវត្តគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍ស្រូវវៀតណាម-គុយបាដំណាក់កាល២០១៩-២០២៣។

ទិដ្ឋភាពនៃជំនួបចរចា (រូបថតៈ VGP)

បន្ទាប់មក ថ្នាក់ដឹកនាំទាំងពីររូបបានអញ្ជើញជួបជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន។ ថ្លែងមតិនៅទីនេះ ប្រធាន​ក្រុមប្រឹក្សារដ្ឋនិងគណៈរដ្ឋមន្ត្រីគុយបា លោក Miguel Mario Diáz Canel បានអះអាងនូវលក្ខណៈប្រវត្តិសាស្ត្រដ៏ពិសេសនៃទំនាក់ទំនងគុយបា - វៀតណាមដោយផ្អែកលើភាពជឿជាក់នយោបាយរបស់បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំង មានបំណងថា រាល់កិច្ចព្រមព្រៀងដែលទទួលបានរវាងប្រទេសទាំងពីរនឹងត្រូវបានអនុវត្តតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង ហើយនាំមកផលប្រយោជន៍​សម​ស្របសម្រាប់ភាគីទាំងពីរផងដែរ។ លោកប្រធានគុយបាអញ្ជើញផ្តល់ប្រសាសន៍ថា៖ “យើងខ្ញុំសូមចែករំលែកជាមួយជំនាន់វ័យក្មេងរបស់ទាំងគុយបានិងវៀតណាមដែលជានិច្ចកាលនឹងស្មោះត្រង់នឹងមរតកសាសន៍របស់លោកប្រធានហូជីមិញនិងលោកប្រធាន Fidel ហើយជំនាន់វ័យក្មេងជាកត្តារួមចំណែកជម្រុញ និងការពារចំ​ណង​មិត្តភាពរវាងប្រជាជនទាំងពីរ។ ទំនាក់ទំនងរវាងវៀតណាមនិងគុយបានឹងមានលក្ខណៈពិសេសជានិច្ចកាលទាំងក្នុងបច្ចុប្បន្ននិងនាពេលអនាគត។ ដូច្នេះខ្ញុំសូមរំលឹកឡើងវិញនូវសេចក្តីថ្លែងការណ៍អមតៈរបស់លោកប្រធាន  Fidel ថា ដើម្បីវៀតណាម គុយបាត្រេមខ្លួនជាស្រេចពលីទាំងសាច់ស្រស់ ឈាមស្រស់ផងដែរ”។

ចំណែកអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong  បានបញ្ជាក់ថា ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នាលើវិធានការជាក់ស្តែងជាច្រើន ដើម្បីបន្តពង្រីកនិងបង្កើនលក្ខណៈប្រសិទ្ធភាពនិងនិរន្តរភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងនូវ​ទំនាក់ទំនងនយោបាយទ្វេភាគីរវាងវៀតណាមនិងគុយបានឹងកាន់តែប្រសើរឡើងដោយការជឿទុកទុកចិត្តខ្ពស់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ