07/09/2018 09:45 GMT+7 Email Print Like 0

រដ្ឋសភាកម្ពុជាបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តចំពោះសម្ដេចហ៊ុនសែនឲ្យធ្វើជានាយករដ្ឋមន្ត្រី

នាព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋសភាកម្ពុជា នីតិកាលទី ៦ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះសម្ដេចហ៊ុនសែនឲ្យបន្តធ្វើជានាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលនៃប្រទេសខ្លួន ក្នុងអាណត្តិ ៥ ឆ្នាំ (ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៣) ក្រោយពីពេលគណបក្សប្រជាជនកម្ពុជា (CPP) របស់សម្ដេចទទួលបានជ័យជំនះច្រើនលើសលុបក្នុងការបោះឆ្នោតនាថ្ងៃទី ២៩ កក្កដាកន្លងទៅ។

 សមាសភាពគណរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា

ក្រៅពីនេះ រដ្ឋសភាក៏បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពគណរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល ដែល​ជើស​តាំងដោយសម្ដេចតេជោហ៊ុនសែន។ តាមនោះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៦ រួមមាន នាយករដ្ឋមន្ត្រីសម្ដេចហ៊ុនសែននិងឧបនាយករដ្ឋមន្រ្តីចំនួន ១០ រូប ទេសរដ្ឋមន្រ្តីចំនួន ១៧ រូប រួមទាំង រដ្ឋមន្រ្តី ២៩ រូបទៀត​។​

តាមផែនការ នាយករដ្ឋមន្ត្រីសម្ដេចហ៊ុនសែន រួមជាមួយសមាសភាពរាជរដ្ឋាភិបាលនឹង ធ្វើសច្ចាប្រណិធានចូលកាន់​តំណែងចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅ​ព្រះបរមរាជវាំងនារសៀលថ្ងៃទី ៦ កញ្ញា។

មុននេះនាថ្ងៃទី ១៧ សីហា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យតែងតាំងសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីអាណត្តិទី ៥ ប្រធានគណបក្ស CPP បន្តធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី ៦។

ក៏នៅក្នុងសម័យប្រជុំនេះ តំណាងរាស្ត្រទាំង ១២៥ រូប នៃរដ្ឋសភាថ្មីបានឯកភាពបោះឆ្នោតជ្រើសតាំងសម្ដេច ហេង សំរិន បន្តកាន់ដំណែងជាប្រធានរដ្ឋសភានីតិកាលទី ៦។

សម័យប្រជុំរដ្ឋសភាលើកទី ១ នីតិកាលពី ៦ បានប្រព្រឹត្តិទៅពីព្រឹកថ្ងៃទី ៥ កញ្ញា ក្រោមព្រះរាជាធិបតីភាពរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី។ នាថ្ងៃទី ៦ កញ្ញា រដ្ឋសភានីតិកាលទី ៦ បន្តសម័យប្រជុំ​លើកទី ១ ដើម្បីបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភាថ្មី ប្រធាន អនុប្រធានគណកម្មាការជំ​នាញ​នៃរដ្ឋសភា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ