24/08/2021 22:52 GMT+7 Email Print Like 0

ពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក

អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Haris អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែសីហា តាមការអញ្ជើញរបស់អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan។

ឯកអគ្គរដ្ឋទូត Ngo Quang Xuan អតីតឯកអគ្គរដ្ឋទូត ស្ថានបេសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនៅទីក្រុងហ្សឺណែវ



ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅក្នុងបរិបទដែលភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិកកំពុងមានការអភិវឌ្ឍយ៉ាងល្អលើគ្រប់វិស័យ។ នេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក ដែលមានទិសដៅទៅកាន់ប្រទេសសិង្ហបុរីនិងវៀតណាម គូសសញ្ញានូវដំណាក់កាលថ្មីនៃការចូលរួមរបស់អាមេរិកនៅអាស៊ីអាគ្នេយ៍។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមនៅចំពោះមុខដំណើរទស្សនកិច្ចរបស់លោកស្រី Kamala Haris  មកកាន់វៀតណាម ឯកអគ្គរដ្ឋទូត Ngo Quang Xuan អតីតឯកអគ្គរដ្ឋទូតស្ថានបេសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនៅទីក្រុងហ្សឺណែវ បានចាត់ទុកថាដំណើរទស្សនកិច្ចនេះប្រកបដោយអត្ថន័យជាច្រើន។

“រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ខ្លួនឯងចាត់ទុកតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកជាតំបន់អាទិភាព ហើយចាត់ទុកវៀតណាមនិងសិង្ហបុរីជាដៃគូសំខាន់ពីររបស់អាមេរិកក្នុងការរក្សាសណ្តាប់ធ្នាប់តំបន់ដោយផ្អែកលើច្បាប់។ ទាំងប្រធានាធិបតី Joe Biden និងអនុប្រធានាធិបតី Haris សុទ្ធតែបានកំណត់អាទិភាពកំពូលមួយគឺការកសាងទំនាក់ទំនងជាមួយដៃគូសកល។ លោកស្រី Kamala Haris គឺជាមន្ត្រីអាមេរិកខ្ពស់បំផុតដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាម។ ប្រការដែលគួរអោយចាប់អារម្មណ៍នោះគឺ នេះក៏ជាដំណើរនៅក្រៅប្រទេសលើកដំបូង ដែលគូសសញ្ញាពីការចូលរួមរបស់សហរដ្ឋអាមេរិកនៅអាស៊ីអាគ្នេយ៍”។

ឯកអគ្គរដ្ឋទូតលោក Ngo Quang Xuan ក៏បានឲ្យដឹងថែមទៀតថា ដំណើរទស្សនកិច្ចរបស់លោកស្រី Kamala Haris នៅវៀតណាមគឺជាឱកាសសម្រាប់ភាគីទាំងពីរពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយដែលកំពុងអភិវឌ្ឍយ៉ាងល្អជាក់ស្តែងលើគ្រប់វិស័យហើយទន្ទឹមនឹងនេះ បានបើកចេញឱកាសសហប្រតិបត្តិការជាច្រើនសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខនេះ។

“ដំណើរទស្សនកិច្ចនេះគឺជាឱកាសសម្រាប់សហរដ្ឋអាមេរិកបើកទូលាយ ការវិនិយោគលើវិស័យបច្ចេកវិទ្យាខ្ពស់ សេដ្ឋកិច្ចឌីជីថល ទីក្រុងឆ្លាតវៃ ថាមពលកកើតឡើងវិញ សន្តិសុខថាមពល ការអប់រំនិងការបណ្តុះបណ្តាលប្រកបដោយគុណភាព។ ដំណើរទស្សនកិច្ចនេះក៏បង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការបង្ការ ទប់ស្កាត់ជំងឺកូវីដ ១៩។ រហូតមកដល់បច្ចុប្បន្ននេះ សហរដ្ឋ អាមេរិកបានជួយដល់វៀតណាមនូវវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៧ លានដូស ហើយសន្យាថា នឹងបន្តជួយដល់វៀតណាម។ ដំណើរទស្សនកិច្ចនេះក៏ជួយឱ្យភាគីទាំងពីរពិភាក្សាអំពីការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីមានជំងឺរាតត្បាត ពិភាក្សាអំពីសន្តិសុខតាមអ៊ីនធឺរណែត និងការប្រែប្រួលអាកាសធាតុជាដើម”។

ឯកអគ្គរដ្ឋទូត លោក Ngo Quang Xuan បានអះអាងថា ទំនាក់ទំនងវៀតណាម-អាមេរិកនាពេលបច្ចុប្បន្នគឺជាទំនាក់ទំនងសហប្រតិបត្តិការមានលក្ខណៈបំពេញបន្ថែមគាំទ្រគ្នាទៅវិញទៅមក គ្មានការប្រកួតប្រជែង គ្មានទំនាស់ផលប្រយោជន៍។ ដូច្នេះដំណើរទស្សនកិច្ចនៅវៀតណាមរបស់អនុប្រធានាធិបតីលោកស្រី Kamala Harris នឹងរួមចំណែកពង្រឹងបន្ថែមទៀតនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយ ចែករំលែកផលប្រយោជន៍និងការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ