13/12/2018 09:54 GMT+7 Email Print Like 0

ប្រារព្ធធ្វើឡើងមហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមន៍កសិករវៀតណាមលើកទី៧ អាណត្តិ២០១៨-២០២៣

នាព្រឹកថ្ងៃទី១២ ខែធ្នូ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីប្រាព្ធធ្វើឡើងយ៉ាងឱឡារឹកមហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមន៍កសិករវៀតណាមលើកទី៧ អាណត្តិ ២០១៨-២០២៣ ដោយមានការចូលរួមរបស់តំណាងចំនួន ៩៩៩ នាក់។

 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong
អញ្ជើញថ្លែងនៅមហាសន្និបាត (រូបថត៖ VOV)


អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អចិន្ត្រៃយ៍គណៈលេខាលោក Tran Quoc Vuong ប្រធានគណៈកម្មាធិការចលនាមហាជនលោកស្រី Truong Thi Mai និងប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិលោក Tran Thanh Man បានអញ្ជើញចូលរួមពិធីនេះ។

អញ្ជើញថ្លែងនៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានអះអាងថា សមាគមន៍កសិករវៀតណាមជានិច្ចកាលជាស្ពានតភ្ជាប់គួរអោយជឿទុកចិត្តរវាងបក្ស រដ្ឋជាមួយវណ្ណៈកសិករ ព្រមទាំងជាគ្រឹះស្ថាននយោបាយរបស់សង្គម ដែលតំណាងអោយសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់កសិករ ផងដែរ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈថ្មី សមាគមន៍កសិករវៀតណាមគ្រប់ជាន់ថ្នាក់ចាំបាច់ត្រូវបន្តផ្លាស់ប្ដូរថ្មីខ្លឹមសារនិងវិធីសាស្ត្រធ្វើសកម្មភាព ហើយបង្កើនការងារឃោសនា ចលនា ដើម្បីអោយកសិករក្លាយទៅជាកម្លាំងបដិវត្តន៍ក៏ដូចជាកម្លាំងសេដ្ឋកិច្ច នយោបាយនិងសង្គមកិច្ចដ៏ខ្លាំងក្លារបស់បក្សនិងរដ្ឋ។ លោកអញ្ជើញមានប្រសាសន៍ថា៖

“កសិករម្នាក់ៗចាំបាច់ត្រូវយល់ច្បាស់ថា បុព្វហេតុឧស្សាហូបនីយកម្ម ទំនើបកម្មវិស័យកសិកម្ម ជនបទនិងកសាងជនបទថ្មីនោះគឺបុព្វហេតុរបស់ប្រជាជនទាំងមូល ដែលក្នុងនោះកសិករដើរតួនាទីជាស្នូល ដោយជាកម្លាំង​អនុវត្តន៍ផងព្រមទាំងជាកម្លាំងទទួលសមិទ្ធផលទៀតផង។ យើងចាំបាច់ត្រូវគៀងគរនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវគ្រប់ធនធាននៃវណ្ណកសិករនិងផ្នែកសេដ្ឋកិច្ចនៅក្នុងនិងក្រៅប្រទេស ដើម្បីធ្វើអោយកសិកម្ម កសិករនិងជនបទវៀតណាមមានការចរីកចម្រើនយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព។
ខិតខំប្រឹងប្រែងអនុវត្តន៍គោលដៅកសាងខឿនកសិកម្មដោយសម្បូររុងរឿង ប្រជាកសិករសម្បូរធូធារ ជនបទអរិយ្យធម៌និងទំនើប”។

អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានស្នើអោយសមាគមន៍គ្រប់ជាន់ថ្នាក់ចាំបាច់ត្រូវបង្កើនការបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកស្ទួយសមត្ថភាពសម្រាប់កសិករ ព្រមទាំងផ្គត់ផ្គង់ចំណេះដឹងថ្មីៗអំពីវិទ្យាសាស្ត្រ​បច្ចេកវិទ្យាសម្រាប់កសិករផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ