08/12/2018 11:13 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបចរចា ជាមួយសមភាគីកូរ៉េខាងត្បូងលោក Moon Hee Sang

នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅអគាររដ្ឋសភាកូរ៉េខាងត្បូងនៅរដ្ឋធានីសេអ៊ូល ពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមត្រូវបានរៀបចំឡើងយ៉ាង ឱឡារិក ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Moon Hee Sang។

ប្រធានរដ្ឋសភាទាំងពីររូបនៅក្នុងជំនួបចរចា (រូបថត៖ VOV)

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ភាគីទាំងពីរបានដំណើរការចរចា។ នៅក្នុងជំនួបចរចា ប្រធានរដ្ឋសភាកូរ៉េខាងត្បូងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នាបច្ចុប្បន្ន វៀតណាមកំពុងជាដៃគូពាណិជ្ជកម្មធំទី៤របស់កូរ៉េខាងត្បូង។ ក្នុងឆ្នាំ ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគី​ទទួលបាន ៦៣ ពាន់ ៩ រយលានដុល្លាអាមេរិក ពោលគឺកើន ៤០% បើប្រៀបធៀបនឹងឆ្នាំទៅមិញ។
ចំពោះវៀតណាម កូរ៉េខាងត្បូងក៏ជាវិនិយោគិនធំបំផុតដោយដើមទុនសរុបឡើងដល់ទៅ ៧៥ ពាន់លានដុល្លាអាមេរិកផងដែរ។ ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Moon Hee Sang បានអះអាងថា វៀតណាមជាដៃគូសហប្រតិបតិ្តការអភិវឌ្ឍធំបំផុតរបស់កូរ៉េខាងត្បូង ព្រមទាំងសម្ដែងនូវគោលបំណងចង់កសាងទំនាក់ទំនងសហប្រតិបត្តិការ​មិត្តភាពដើម្បីផលប្រយោជន៍សម្រាប់ភាគីទាំងពីរ ផងដែរ។

ចំណែកឯប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan វិញ ក៏បានអះអាងថា រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចបើកពង្រីកទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរនិងកិច្ចសហប្រតិបតិ្តការដោយចីរភាពរវាងរដ្ឋសភានៃប្រទេសទាំងពីរ សំដៅរួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រ​វៀត​ណាម​-​កូរ៉េខាងត្បូង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ ១០០ ពាន់លានដុល្លាអាមេរិក នាឆ្នាំ២០២០ប្រកបដោយតុល្យភាព ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានស្នើអោយភាគីទាំងពីរបន្តរក្សាយន្តការសហប្រតិបតិ្តការទ្វេភាគីដែលមានស្រាប់ ព្រមទាំងចាត់វិធានការសំដៅបើកពង្រីកនិងលើកកំពស់គុណភាពនិងប្រសិទ្ធភាពនៃកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ផងដែរ។

ចំពោះបញ្ហាអន្តរជាតិនានា លោកស្រី Nguyen Thi Kim Ngan បានអះអាងថា វៀតណាមស្វាគមន៍ “គោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មី” របស់កូរ៉េខាងត្បូងដែលផ្តោតទៅលើការជំរុញកិច្ចសហប្រតិបតិ្តការជាមួយប្រទេសអាស៊ាននានាដែលក្នុងនោះចំណុចសំខាន់គឺវៀតណាម។ វៀតណាមក៏វាយតម្លៃខ្ពស់ចំពោះគោលជំហររបស់កូរ៉េខាងត្បូងស្ដីពីបញ្ហាសមុទ្រខាងកើត ដែលគាំទ្រ ការរក្សាសន្តិភាព ស្ថិរភាព ការដោះស្រាយជម្លោះដោយសន្តិវិធីអោយបានសម ស្របទៅនឹងច្បាប់អន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ