01/07/2021 13:49 GMT+7 Email Print Like 0

ប្រគល់សេចក្តីសម្រេចចិត្តតែងតាំងអគ្គនាយកវិទ្យុសម្លេងវៀតណាម

លោក Pham Binh Minh សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រី បានប្រគល់សេចក្តីសម្រេចចិត្តរបស់លោកនាយករដ្ឋមន្រ្តីក្នុងការតែងតាំងអគ្គនាយកវិទ្យុសម្លេងវៀតណាមចំពោះលោក Do Tien Sy  (រូបថត៖ VOV)
 

នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅឯមជ្ឈមណ្ឌលផ្សាយសំឡេងជាតិលេខ ៥៨ វិថី Quan Su ទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានអញ្ជើញប្រគល់សេចក្តីសម្រេចចិត្តតែងតាំងអគ្គនាយកវិទ្យុសម្លេងវៀតណាម (VOV) ជូនចំពោះលោក Do Tien Sy សមាជិកនៃគណៈកម្មាធិការមជ្ឈឹមបក្សនិងជាសមាជិករដ្ឋសភា។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh មានបំណងចង់ឲ្យលោក Do Tien Sy និងសមូហភាពនៃវិទ្យុសំឡេងវៀតណាមនឹងខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីសក្តិសមនឹងឈ្មោះថា “សំឡេងវៀតណាម”។

លោកឧបនាយករដ្ឋមន្រ្តីបានវាយតម្លៃថា លោក Do Tien Sy ជាកម្មាភិបាលមួយរូប ដែលជាសមាជិកគណៈកម្មាធិការមជ្ឈឹមបក្សពីរអាណត្តិ និងជាសមាជិករដ្ឋសភានីតិកាលទី ១៤ និងទី ១៥ ហើយលោកបានឆ្លងកាត់មុខតំណែងជាច្រើន ក្នុងនោះអស់រយៈពេលជាច្រើនឆ្នាំ កាន់ដំណែងជាប្រធានគណៈកម្មាធិការបក្សភាគខេត្ត Hung Yen។ លោកឧបនាយករដ្ឋមន្រ្តីជឿជាក់ថា លោក Do Tien Sy នឹងរួមជាមួយក្រុមថ្នាក់ដឹកនាំវិទ្យុដើម្បីលើកកម្ពស់ប្រពៃណីនៃ ៧៦ ឆ្នាំកន្លងមក ដើម្បីកសាងវិទ្យុសំឡេងវៀតណាម ក្លាយទៅជាស្ថានីយ៍ផ្សព្វផ្សាយពហុមធ្យោបាយ ទំនើប និងបន្តរក្សាជំហររបស់ខ្លួនជាភ្នាក់ងារសារព័ត៌មានឈានមុខគេមួយនៃប្រទេសជាតិ ឈានដល់កម្រិតតំបន់និងអន្តរជាតិ។

នាពេលខាងមុខ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យវិទ្យុសំឡេងវៀតណាម បន្តធ្វើឱ្យកាន់តែប្រសើរថែមទៀត ក្នុងការជំរុញនិងបណ្តុះបណ្តាលកម្មាភិបាល អ្នកយកព័ត៌មាន អ្នកនិពន្ធនិងអ្នកបច្ចេកទេស។ ទន្ទឹមជាមួយគ្នានោះ ជំរុញការស្រាវជ្រាវនិងការអនុវត្តបច្ចេកវិទ្យាទំនើបក្នុងការផលិតកម្ម ដោយស្របតាមនិន្នាការអភិវឌ្ឍន៍នៃតំបន់និងពិភពលោក។ ជាងនេះទៅទៀត លើកកម្ពស់ការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រង ការពារសុវត្ថិភាពសម្រាប់ស្ថានីយ៍វិទ្យុ ធានាសន្តិសុខផ្ទៃក្នុង សន្តិសុខព័ត៌មាននិងសុវត្ថិភាពរលកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ