បោះឆ្នោតសមាជិកសភានីតិកាលទី១៤និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់នៅវៀតណាម
នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ អ្នកបោះឆ្នោតជាង៦៩លាននាក់ បានទៅបោះឆ្នោតសមាជិកសភា នីតិកាលទី១៤ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០១៦-២០២១ នៅមណ្ឌលបោះឆ្នោតចំនួនជាង៩១ពាន់កន្លែង។ បរិយាកាសបោះឆ្នោតប្រព្រឹត្តទៅដ៏មហោឡារឹក សប្បាយរីករាយ ពីទីក្រុងដល់តំបន់ជនបទ តំបន់ឆ្ងាយដាច់ស្រយាល តំបន់ជនជាតិភាគតិច។
អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋរបស់ខ្លួន នៅមណ្ឌលបោះឆ្នោតទី៣សង្កាត់ Nguyen Du ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ។ ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មានបន្ទាប់ពីការ បោះឆ្នោតអគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖
“ខ្ញុំក៏ដូចជាអ្នកបោះឆ្នោតផ្សេងៗទៀត សុទ្ធតែមានគោលបំណងថាបណ្ដាបេក្ខជនជាប់ឆ្នោតជាសមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជន គ្រប់ជាន់ថ្នាក់សុទ្ធតែធ្វើអស់ពីចិត្ត អស់ពីថ្លើម ដើម្បីប្រទេសជាតិ ដើម្បីប្រជាជនអនុវត្តគ្រប់គ្រាន់ការទទួលខុសត្រូវ និងកាតព្វកិច្ច របស់អ្នកដំណាងអោយប្រជាជន។ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាប្រជាជន និងរដ្ឋសភា ក្នុងអាណត្តិខាងមុខគឺត្រូវបំពេញល្អភារកិច្ចជាស្ថាប័នដោយប្រជាជនជ្រើសតាំង។ និងខ្ញុំជឿជាក់ថា៖ បេក្ខជនជាប់ឆ្នោតលើកនេះ សុទ្ធតែយល់ដឹងច្បាស់ និងគ្រប់គ្រាន់អំពីតួនាទី ការទទួលខុសត្រូវរបស់ខ្លួន ក្នុងការអនុវត្ត សុក្រិតប្រព័ន្ធនយោបាយ របស់យើងនិយាយរួមដែលក្នុងនោះមានរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន។”

អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ នៅមណ្ឌលបោះឆ្នោតទី៨ សង្កាត់ Nhan Chinh ខ័ណ្ឌ Thanh Xuan រដ្ឋធានីហាណូយ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖ ការបោះឆ្នោតថ្ងៃនេះ ជាព្រឹត្តិការណ៍ដ៏មហិមា របស់ប្រជាជាតិទាំងមូល ដើរតួនាទីដ៏សែនសំខាន់ ក្នុងការកសាង ពង្រឹងនិងពង្រីកនីតិរដ្ឋវៀតណាម សង្គមនិយម របស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន បំពេញតម្រូវការជំរុញខ្លាំងបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម និងធ្វើសមាហរណកម្មអន្តរជាតិ របស់ប្រទេសជាតិ៖
“ខ្ញុំមានគោលបំណងថា៖ អ្នកបោះឆ្នោតត្រូវលើកកំពស់ស្មារតីទទួលខុសត្រូវ ពង្រីកសិទ្ធិជាម្ចាស់របស់ខ្លួន ជ្រើសរើសមនុស្សឆ្នើមបំផុត មានគ្រប់សិលធម៌ ចំណេះដឹងចូលក្នុងក្រុមប្រឹក្សាប្រជាជន និងរដ្ឋសភា នីតិកាលទី១៤ ដើម្បីរួមជាមួយបក្សរដ្ឋ បញ្ជាណែនាំ អនុវត្តជោគជ័យសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតបក្ស លើកទី១២ ក៏ដូចជាសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ដែលបានដាក់ចេញ។”

លោកប្រធានរដ្ឋ ត្រឹនដាយក្វាង
ក៏ក្នុងព្រឹកថ្ងៃនេះដែរ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានទៅបោះឆ្នោត នៅទីរួមស្រុក Vinh Bao ទីក្រុង Hai Phong ។ ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាន បន្ទាប់ពីពេលបោះឆ្នោត នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖ អ្នកបោះឆ្នោតក្នុងទូទាំងប្រទេសបានទៅបោះឆ្នោត បានបង្ហាញនូវបរិយាកាសប្រជាធិបតេយ្យ ការទទួលខុសត្រូវ ភារកិច្ច ការតព្វកិច្ច និងសិទ្ធិ ផលប្រយោជន៍របស់ប្រជាជន។

ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិ លោកស្រី Nguyen Thi Kim Ngan
ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិ លោកស្រី Nguyen Thi Kim Ngan បានអនុវត្តសិទ្ធិ និងកាត្វកិច្ចរបស់ខ្លួន នៅសង្កាត់ Vinh Phuc ខ័ណ្ឌ Ba Dinh រដ្ឋធានីហាណូយ។ បន្ទាប់នោះ លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅត្រួតពិនិត្យ ឃ្លាំមើលមណ្ឌលបោះឆ្នោតមួយចំនួន នៅទីក្រុងហាណូយ។ វាយតំលៃអំពីការងារត្រៀមរៀបចំ និងការអនុវត្តបោះឆ្នោតនៅមណ្ឌលទាំងនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖
“ចំណុចគួរអោយសប្បាយរីករាយ នោះគឺអ្នកបោះឆ្នោតបានយកចិត្តទុកដាក់ជាច្រើន ចំពោះការងារនេះ។ អ្នកបោះឆ្នោតមានការ គិតគូរ ប្រៀបធៀបយ៉ាងម៉ត់ចត់។ ខ្ញុំគិតថា៖ការងារឃោសនា អំពីសិទ្ធិនិងកាតព្វកិច្ចរបស់ប្រជាជន ត្រូវបានអនុវត្តល្អធ្វើអោយប្រជាជនយល់ដឹងច្បាស់ អំពីសិទ្ធីនិងកាតព្វកិច្ចរបស់ខ្លួន។”
ក្នុងពេលជាមួយគ្នានោះទោះបីជាមានភ្លៀង នៅតំបន់មួយចំនួនក្តី ប៉ុន្តែនៅខេត្តនានាតំបន់ភូមិភាគពាយ័ព្យ ជនរួមជាតិជាជនជាតិភាគតិច ក្នុងសម្លៀកបំពាក់ស្អាតបំផុត បានមានវត្តមាននៅមណ្ឌលបោះឆ្នោត។ នៅខេត្ត Lai Chau អ្នកបោះឆ្នោតចំនួន២៥០ពាន់នាក់ បានចូលរួមការបោះឆ្នោត។ គណៈកម្មាធិការរៀបចំការបោះឆ្នោត នៅតំបន់ទាំងឡាយ បានរៀបចំអោយបងប្អូនប្រជាជនបោះឆ្នោតលឿនក្តី ប៉ុន្តែនៅធានាតាមដំណើការ និងការកំណត់របស់ច្បាប់។ លោក Ma Cang Chinh ប្រធានគណៈកម្មាធិការប្រជាជន និងជាប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត ឃុំ Nung Nang ស្រុល Tam Duong ខេត្ត Lai Chau បានអោយដឹងថា៖
“ កំពុងនៅក្នុងដំណាក់កាលប្រមូលផល បានជាបងប្អូនប្រជាជនមានគោលបំណងទៅបោះឆ្នោតលឿន ដូច្នេះ នាម៉ោង៦និង៣០នាទី ឃុំបានរៀបចំអោយបោះឆ្នោត។ គិតដល់ពេលថ្ងៃត្រង់ ការបោះឆ្នោតនៅក្នុងតំបន់ ទទួលបានជាង៩៧%ហើយ។ ” នៅស្រុកកោះ Co To ( ខេត្ត Quang Ninh ភាគខាងជើងវៀតណាម) នាថ្ងៃទី២២ខែឧសភា បានមានអ្នកបោះឆ្នោតចំនួន ៥ពាន់នាក់ ដែលក្នុងនោះ១/៣ជាអ្នកនេសាទបានអនុវត្តការបោះឆ្នោតនៅមណ្ឌលបោះឆ្នោត ចំនួន២០។ លោក Hoang Ba Nam លេខាគណៈកម្មាធិការបក្សស្រុក Co To បានអោយដឹងថា៖ “ មណ្ឌលបោះឆ្នោតទាំងឡាយសុទ្ធតែធានាជាដាច់ខាត អំពីសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់។ ស្រុក និងបណ្ដាអង្គភាពបោះឆ្នោត សុទ្ធតែបង្កលក្ខណះល្អបំផុត សំរាប់អ្នកបោះឆ្នោត។ គិតដល់ម៉ោង៩ នាព្រឹកថ្ងៃនេះ មណ្ឌលបោះឆ្នោតឆ្ងាយបំផុត គឺកោះTran របស់ស្រុក Co To បានសម្រេចការបោះឆ្នោត។”ចំពោះបណ្ដាខេត្តនៅឆ្នេរសមុទ្រភូមិភាគកណ្ដាលវៀតណាម ជាតំបន់មានអ្នកបោះឆ្នោតភាគច្រើនជាអ្នកនេសាទ។ អ្នកបោះឆ្នោតTran Van Loc នៅទីក្រុង Phan Thiet បានអោយដឹងថា៖ “បងប្អូននៅលើនាវាបានដឹងថា៖ ថ្ងៃទី២២ ជាទិវាបោះឆ្នោត។ ដូច្នេះ នាវាទាំងអស់បាននៅផ្ទះ ហើយរួមគ្នាទៅបោះឆ្នោត ហើយដល់ថ្ងៃស្អែកទើបចេញទៅលំហរសមុទ្រដែរ។”
បរិយាកាសបោះឆ្នោតនៅបណ្ដាភូមិ ឃុំ នៅតំបន់ Tay Nguyen បានប្រព្រឹត្តទៅដ៏សប្បាយរីករាយចាប់ពីពេលព្រឹក៖ លោកស្រី Yrut អ្នកបោះឆ្នោតនៅទីក្រុង Kon Tum បានអោយដឹងថា៖
“ទិវាបោះឆ្នោតសប្បាយរីករាយណាស់។ បងប្អូនប្រជាជន អ្នកណាក៏សប្បាយរីករាយដែរ។ បងប្អូនប្រជាជននឹងជ្រើសរើសអ្នកឆ្នើម មានគ្រប់ចំណេះដឹង សិលធម៌មានការយកចិត្តទុកដាក់ចំពោះប្រជាជនជាជនជាតិភាគតិច។ ខ្ញុំមានគោលបំណងថា៖ បេក្ខជនជាប់ឆ្នោតនឹងសក្តិសម ជាមួយទំនុកទុកចិត្តរបស់ប្រជាជន។”
រួមជាមួយអ្នកបោះឆ្នោតក្នុងទូទាំងប្រទេស នាព្រឹកថ្ងៃទី២២ ឧសភា អ្នកបោះឆ្នោតចំនួនជាង៥,២លាននាក់ នៅទីក្រុងហូជីមិញ (ភូមិភាគខាងត្បូងវៀតណាម) បានទៅកាន់មណ្ឌលបោះឆ្នោតចំនួនជាងត៣២០០ ដើម្បីបោះឆ្នោត អនុវត្តសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួន។
វាយតំលៃអំពីការបោះឆ្នោតថ្ងៃនេះ អគ្គលេខាធិការរដ្ឋសភា លោក Nguyen Hanh Phuc បានថ្លែងថា៖ “ បូកសរុបក្នុងទូទាំងប្រទេស អ្នកបោះឆ្នោតចំនួន៧០%បានទៅបោះឆ្នោត។ នេះគឺជាតួរលេខស្ថិរតិនាម៉ោង ៩ និង៣០នាទី។ មានតំបន់មួយចំនួនបានសម្រេច១០០%ហើយ។ គិតដល់ពេលនេះ ក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិ មិនទាន់មានព័ត៍មានណា ស្ដីអំពីបញ្ហារំលោភច្បាប់បានកើតមានឡើយដែរ។ អ្វីៗទាំងអស់បានប្រព្រឹត្តទៅជាធម្មតា។ ប្រការនេះល្អណាស់ ដោយប្រជានយល់ដឹងច្បាស់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកបោះឆ្នោត។” តាមច្បាប់បោះឆ្នោត បណ្ដាមណ្ឌលបោះឆ្នោតនឹងបើកទ្វារដល់ម៉ោង១៩ ថ្ងៃទី ២២ ឧសភា ឆ្នាំ ២០១៦៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម