បើកសម្ពោធគម្រោងការណ៍កសាងស្ពាន Cao Lanh និងខ្សែផ្លូវតភ្ជាប់ស្ពាន Cao Lanh ជាមួយស្ពាន Vam Cong
បណ្ដាតំណាងកាត់ខ្សែបូសម្ពោធ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅឃុំ Tinh Thoi ទីក្រុង Cao Lanh ខេត្ត Dong Thap ភាគខាងត្បូងវៀតណាម ថ្នាក់ដឹកនាំក្រសួងគមនាគមន៍ដឹកជញ្ជូនវៀតណាមបានរៀបចំពិធីបើកសម្ពោធគម្រោងការណ៍កសាងស្ពាន Cao Lanh និងខ្សែផ្លូវតភ្ជាប់ស្ពាន Cao Lanh ជាមួយស្ពាន Vam Cong ចំណុះគម្រោងការណ៍តភ្ជាប់តំបន់មជ្ឈមណ្ឌលវាលសណ្ដទន្លេ Cuu Long។
ចូលរួមព្រឹត្តិការណ៍នេះមានឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Julie Bishop រួមជាមួយតំណាងក្រសួង ស្ថាប័នមជ្ឈឹម ក៏ដូចជាថ្នាក់ដឹកនាំបណ្ដាខេត្តក្រុងក្នុងតំបន់វាលសណ្ដទន្លេ Cuu Long ផងដែរ។
ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា ដើម្បីជួយតំបន់វាលសណ្ដទន្លេ Cuu Long ពង្រីកបាននូវសក្ដានុភាព និងឧត្តមភាពរបស់ខ្លួន ហើយអភិវឌ្ឍន៍ដោយចីរភាពនិងវិបុលភាពនោះ គឺចាំបាច់ត្រូវអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដោយព្រមៗគ្នាតាមទិសទំនើប ឆ្លាត និងបន្សាំល្អជាមួយនឹងបម្រែបម្រួលអាកាសធាតុ។ ដោយហេតុនេះ គម្រោងការណ៍ស្ពាន Cao Lanh នាពេលបានដាក់ឲ្យដំណើរការនឹង រួមចំណែកកែលំអបណ្ដាញគមនាគមន៍នៅតំបន់វាលសណ្ដទន្លេ Cuu Long បង្កើតកម្លាំងចលករអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហើយបង្កើនការធានាសន្តិសុខការពារជាតិក្នុងតំបន់ផងដែរ។
“នេះជាសំណង់គមនាគមន៍ដែលមានអត្ថន័យដ៏សំខាន់ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃខេត្ត Dong Thap និយាយដោយឡែកនិងតំបន់វាលសណ្ដទន្លេ Cuu Long និយាយរួម។ សំណង់នេះនឹងរួមចំណែកលើកកំពស់លទ្ធភាពប្រកួតប្រជែង របស់តំបន់វាលសណ្ដទន្លេ Cuu Long ក៏ដូចជារបស់ខឿនសេដ្ឋកិច្ចវៀតណាមទាំងមូលផងដែរ”។
ស្ពាន Cao Lanh ឆ្លងកាត់ទន្លេ Tien មានប្រវែង២,០១គ.ម ហើយខ្សែផ្លូវតភ្ជាប់ស្ពាន Cao Lanh - ស្ពាន Vam Cong មានប្រវែង២១,៤៥គ.ម។ គម្រោងការណ៍នេះត្រូវបានវិនិយោគដោយប្រភពទុនឧបត្ថម្ភឥតសំណងរបស់រដ្ឋាភិបាលអូស្ត្រាលី ទុនកម្ចីពីធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ីនិងទុនបំពេញបន្ថែម របស់រដ្ឋាភិបាល ដោយតំលៃសុរបចំនួន៧៥០០ពាន់លានដុង៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម