08/12/2018 11:13 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបចរចាជាមួយ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន

តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាមចាប់​ពីថ្ងៃទី៦ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។

 

 ទិដ្ឋភាពនៃពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម (រូបថត៖ Chinhphu.vn)


នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចដែល ត្រូវបានរៀបចំឡើងយ៉ាងឱឡារិកនៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបចរចាជាមួយសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានសម្ដែងការពេញចិត្តចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងរវាងវៀត ណាមនិងកម្ពុជានាពេលកន្លងទៅ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីររួមជាមួយ ក្រសួង ស្ថាប័ន អង្គការមហាជន និងខេត្ត ក្រុងនានា ជាពិសេសគឺខេត្ត ក្រុងដែលមានខ្សែព្រំដែនជាប់គ្នាបានរៀបចំជំនួបពិភាក្សាការងារនិងជំនួបប្រាស្រ័យយ៉ាងញឹកញ៉ាប់ដែលរួមចំណែកលើកស្ទួយការជឿទុកចិត្តគ្នានិងភាពស្និទ្ធស្នាលរវាងភាគីទាំងពីរ។
ក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីមានការលោតផ្លោះដ៏ធំធេង ដែលអាចសម្រេចបានចំនួន​៤​ ពាន់​ ៥​ រយ​លាន​ដុល្លាអាមេរិកតាមការប៉ាន់ស្មាន។ វៀតណាមបន្តស្ថិតនៅក្នុងចំណោមប្រទេសចំនួន ១០ ដែលបណ្ដាក់ទុនជាច្រើនបំផុតនៅកម្ពុជា ដោយមានគម្រោងវិនិយោគជាង២០០និងដើមទុនសរុបជាង ៣ ពាន់លានដុល្លាអាមេរិក។ ភាគីទាំងពីរបានឯកភាពគ្នានឹងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបតិ្តការផ្នែកការពារជាតិ សន្តិសុខ សំដៅការពារយ៉ាងរឹងមាំបរិ យាកាសសន្តិភាព សន្តិសុខនិងស្ថិរភាពនៃប្រទេសនីមួយៗ។

នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា

ក្នុងវិស័យពាណិជ្ជកម្ម នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរបានអបអរសាទរ ចំពោះក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមនិងក្រសួងពាណិជ្ជកម្មកម្ពុជា ដោយបានសម្រេចការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ព្រំដែននិងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីលទ្ធផលនេះ ព្រមទាំងសម្ដែងនូវជំនឿថា ទំហំពាណិជ្ជកម្មទ្វេភាគីនឹងសម្រេចបាននូវគោលដៅចំនួន ៥ ពាន់លានដុល្លាអាមេរិកយ៉ាងឆាប់ៗ ដើម្បីឆ្ពោះទៅរកគោលដៅខ្ពស់ៗថែមទៀតនាឆ្នាំ ២០២០។


ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យអប់រំ បណ្ដុះបណ្ដាល កសិកម្ម រុក្ខកម្ម និងនេសាទ វប្បធម៌សិល្បៈ និងការជួបប្រា ស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នាបន្តដោះស្រាយអោយបានល្អនូវបញ្ហានៅសេសសល់ដោយឈរលើស្មារតីមិត្តភាពនិងការយល់ដឹងគ្នាទៅវិញទៅមក ជាពិសេសគឺបញ្ហាខ័ណ្ឌសីម៉ាបោះបង្គោលលើខ្សែព្រំដែនរួមរវាងប្រទេសទាំងពីរ សំដៅកសាងខ្សែព្រំដែនរួមប្រកបដោយសន្តិភាព មិត្តភាព ដើម្បីកិច្ចសហប្រតិបតិ្តការនិងវឌ្ឍនភាព។

ចំពោះបញ្ហាតំបន់និងអន្តរជាតិនានា ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាលើសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ ព្រមទាំងអះអាងថានឹងសហការយ៉ាងជិតស្និទ្ធ ដើម្បីបន្តកសាងនិងអភិវឌ្ឍន៍សហគមន៍ អាស៊ាន ជំរុញកិច្ចសហប្រតិបតិ្តការនៅតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាមនិងអនុតំបន់មេគង្គ សំដៅបង្រួញគម្លាតអភិវឌ្ឍគ្រប់គ្រងនិងប្រើប្រាស់ប្រភពទឹកនៃទន្លេមេគង្គប្រកបដោយចីរភាព​ ឆ្ពោះទៅរកគោលដៅអភិវឌ្ឍដោយ ចីរភាពរបស់អង្គការសហប្រជាជាតិផងដែរ។

បន្ទាប់ពីជំនួបចរចា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែនបានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការមួយចំនួនក្នុងវិស័យគមនាគមន៍ដឹកជញ្ជូន ខ័ណ្ឌសីម៉ាបោះបង្គោលព្រំដែន និងអប់រំ។ បន្ទាប់នោះ នាយករដ្ឋមន្រ្តីទាំងពីររូបបានអញ្ជើញជាសហអធិបតីនៅសន្និសីទកាសែតរួមដើម្បីជូនដំណឹងនូវលទ្ធផលនៃជំនួបចរចាទ្វេភាគីខាងលើ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ