26/11/2018 09:50 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទពន្លឿនវិនិយោគនៅខេត្ត Cao Bang


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយវិនិយោគិននៅក្នុងសន្និសីទ (រូបថត៖ chinhphu.vn) 

 នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅទីក្រុង Cao Bang នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញចូលរួមសន្និសីទ​ពន្លឿន​វិនិយោគ​ពាណិជ្ជកម្ម និង​ទេសចរណ៍នៅ​ខេត្ត Cao Bang ឆ្នាំ​២០១៨។ 
 
អញ្ជើញ​ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបា​នសង្កត់ធ្ងន់ទៅលើរាល់តម្លៃយុទ្ធ​សាស្ត្រនៃ​ខេត្ត Cao Bang ព្រម​ទាំង​ជឿជា​ក់​ថា Cao Bang នឹងបន្តជំរុញការផ្លាស់ប្ដូ​រថ្មីនិងការអភិវ​ឌ្ឍនា​ពេលខាងមុ​ខ។ លោក​នាយក​រដ្ឋមន្រ្តី​ចាត់​ទុក​ថា Cao Bang គប្បីផ្តោតទៅលើទិសដៅសំខាន់ចំ​នួន៣នោះគឺ៖ សេវាកម្មទេសច​រណ៍ ​កសិកម្ម-រុក្ខកម្ម​ដែល​អនុវត្ត​ន៍បច្ចេកវិទ្យា​ខ្ពស់ និងសេដ្ឋកិច្ចច្រកទ្វារព្រំ​ដែន​។
 
ចំពោះ​ការអភិវឌ្ឍវិស័យកសិកម្ម-រុក្ខកម្មដែលអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ឧត្តមភាពនៃខេត្ត Cao Bang នោះគឺ​ខេត្ត​នេះមាន​តំបន់​អេកូឡូស៊ី​ជាច្រើន​ដោយ​មាន​ដំណាំនិង​សត្វចិញ្ចឹមដ៏ពិសេសដោយឡែក។​ ទន្ទឹមនឹងនោះ លោក​នាយករដ្ឋមន្រ្តី​បាន​សំណូមពរ​អោយ​ខេត្ត​ Cao Bang ជំរុញខ្លាំង​នូវការដាំព្រៃ​ឈើនិង​ការកែច្នៃឈើផង​ដែរ​។

“ខ្ញុំចង់​សង្កត់ធ្ងន់លើវិស័យមួយដែលមានប្រភពវត្ថុធាតុដើម និងទីផ្សារដ៏ធំទូលាយ នោះគឺ​វិស័យដាំព្រៃឈើ កែច្នៃឈើ ជាពិសេស​គឺគ្រឿងឈើសិប្បកម្ម​វិចិត្រ​សិល្បៈដែល​មានគុណភាព​ខ្ពស់​ដើម្បី​នាំចេញ​ទៅ​កាន់​ទីផ្សារ​ចិន​។ គ្រឿងឈើ​ជាមុខទំនិញមួយក្នុងចំណោមមុខទំនិញនាំចេ​ញសំខាន់ៗ​របស់វៀត​ណាម។​ ហេតុដូច្នេះហើយ ​ការដាំ​ព្រៃឈើ​ កែច្នៃឈើ ជាពិសេសគឺគ្រឿងឈើសិប្បក​ម្មវិចិត្រសិល្បៈដើម្បីនាំចេ​ញទៅទីផ្សារបរទេស ក្នុង​នោះ​មាន​ទីផ្សារ​ចិន គឺជាទិសដៅថ្មីដែលយើងត្រូ​វយកចិត្តទុកដាក់ជា​ពិសេស”​។
 
ដើម្បីពង្រីកបាននូវឧត្តមភាពនៃតំបន់ លោកនាយករដ្ឋមន្រ្តីចាត់ទុកថា Cao Bang ចាំបាច់​ត្រូវ​កែលម្អ​បរិយាកា​ស​ធ្វើអាជីវកម្មនិងលទ្ធភាពប្រកួ​តប្រជែងរបស់ខ្លួន ​ព្រមទាំង​ផ្ដោតទៅ​លើការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ផង​ដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ