11/11/2020 15:07 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីឡាវ


នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីរដ្ឋាភិបាលឡាវលោក Thongloun Sisoulith។ (រូបថត៖ VGP)
 

នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីរដ្ឋាភិបាលឡាវលោក Thongloun Sisoulith ដើម្បីផ្លាស់ប្ដូរអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឡាវ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់មុនពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ប្រារព្ធធ្វើឡើង។

នាយករដ្ឋមន្រ្តីទាំងពីររូបបានបញ្ជាក់ថា នឹងតែងតែយកចិត្តទុកដាក់ពិសេសនិងផ្ដល់អាទិភាពខ្ពស់បំផុតចំពោះចំណងទំនាក់ទំនងដ៏មហិមារ មិត្តភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ ហើយវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងប្រទេសទាំងពីរក្នុងការអនុវត្តសកម្មភាពសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជានយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌និងអប់រំបណ្ដុះបណ្ដាល។ នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នាថា ក្នុងបរិបទដែលវៀតណាមនិងឡាវសុទ្ធតែគ្រប់គ្រងបាននូវជម្ងឺរាតត្បាតជាស្ថាពរនោះ ត្រូវការជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋនិងការដោះដូរទំនិញទៅវិញទៅមករវាងប្រទេសទាំងពីរ ឆាប់មានវិធានការបើកឡើងវិញនូវច្រកទ្វារព្រំដែនគោកនិងជើងហោះហើរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងជំរុញគម្រោងសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរផងដែរ។

នាយករដ្ឋមន្រ្តីទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងស្អិតរមួតនិងការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរនៅវេទិកាតំបន់ អន្តរជាតិនានា ជាពិសេសគឺក្នុងក្របខ័ណ្ឌអាស៊ាននិងយន្តការសហប្រតិបត្តិការអនុតំបន់។ លោកនាយករដ្ឋមន្រ្តីឡាវក៏បានវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់វៀតណាមក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិឆ្នាំ២០២០-២០២១ ក៏ដូចជាប្រធានអាស៊ានឆ្នាំ២០២០ ព្រមទាំងបញ្ជាក់ថា នឹងបន្តគាំទ្រចំពោះវៀតណាមក្នុងការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧និងកិច្ចប្រជុំពាក់ព័ន្ធនានាផងដែរ។

ថ្នាក់ដឹកនាំទាំងពីរក៏បានចែករំលែកសារសំខាន់នៃការបន្តពង្រីកចំណងសាមគ្គីភាព ការមូលមតិឯកឆ័ន្ទរបស់អាស៊ានក្នុងបញ្ហាសមុទ្រខាងកើត ព្រមទាំងសហការគ្នាក្នុងការចរចាឆ្ពោះទៅរកក្រុមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ឲ្យមានប្រសិទ្ធភាព ជាក់ស្ដែង អនុលោមតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២ រួមចំណែកដល់ការថែរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ