27/11/2019 15:31 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសម័យប្រជុំទី ២ នៃកិច្ចប្រជុំកំពូលអាស៊ាន - កូរ៉េខាងត្បូង

បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងអាស៊ាន - កូរ៉េខាងត្បូងនោះ នាព្រឹកថ្ងៃទី ២៦ ខែ វិច្ឆិកា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានរួមជាមួយថ្នាក់ដឹក នាំអាស៊ាននិងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានអញ្ជើញចូលរួមសម័យប្រជុំ ទី២ ស្តីពី “បង្កើនកិច្ចសហប្រតិបត្តិការដើម្បីវិបុលភាព” និងសម័យពិសារអាហារការងារថ្ងៃត្រង់ស្តីពី “ការជំរុញសន្តិ ភាពនិងវិបុលភាពនៅឧបទ្វីបកូរ៉េ”។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នៅឯកិច្ចប្រជុំ

នៅឯសម័យពិភាក្សាលើកទី ២ ថ្នាក់ដឹកនាំអាស៊ានបានសង្កត់ធ្ងន់ថា ការតភ្ជាប់គឺជាអាទិភាពកំពូលរបស់អាស៊ាន ក្នុងការខិតខំប្រឹងប្រែង ជំរុញការតភ្ជាប់តំបន់និងការកសាងសហគមន៍ ព្រមទាំងមានបំណង ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយកូរ៉េខាងត្បូង ក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ ឌីជីថល និងការតភ្ជាប់រវាងប្រជាជន។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានបញ្ជាក់ថាកូរ៉េខាងត្បូង នឹងសហការជាមួយអាស៊ាន ដើម្បីជំរុញការតភ្ជាប់នៅក្នុងតំបន់។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកឡើងនូវទិសដៅមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូងនិងអាស៊ាន ក្នុងនោះ មានការតភ្ជាប់និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រ តាមបណ្តោយផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រពីមហាសមុទ្រឥណ្ឌាទៅមហាសមុទ្រប៉ាស៊ីហ្វិក; តភ្ជាប់រវាងអាស៊ីអាគ្នេយ៍ជាមួយអាស៊ីឥសានជាដើម។ លោកនាយករដ្ឋមន្រ្តីក៏បានលើកទឹកចិត្តអាស៊ាននិងកូរ៉េខាងត្បូងឱ្យវិនិយោគទុនយ៉ាងច្រើនក្នុងការតភ្ជាប់ប្រជាជន សម្រួលដល់ការធ្វើដំណើរទេសចរណ៍និងជំរុញលំហូរពលករមានជំនាញខ្ពស់រវាងអាស៊ាននិងកូរ៉េខាងត្បូង។

ក្នុងអំឡុងពេលអាហារថ្ងៃត្រង់ធ្វើការស្តីពីការជំរុញសន្តិភាពនិងវិបុលភាពនៅឧបទ្វីបកូរ៉េនោះ ថ្នាក់ដឹកនាំអាស៊ានបានអះអាងថា អាស៊ានបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួម ដោយឆ្ពោះទៅរកសន្តិភាពប្រកបដោយចីរភាព ការគ្មានអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ រួមទាំងបង្កើតលក្ខខណ្ឌសម្រាប់ភាគីនានា ពង្រឹងការសន្ទនាគ្នានៅក្នុងវេទិកាដែលដឹកនាំដោយអាស៊ាន។

ថ្លែងអំពីមប្រធានបទនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា រួមជាមួយបណ្តាប្រទេសអាស៊ាន វៀតណាមគាំទ្រភាគីសន្ទនានានា កាត់បន្ថយភាពតានតឹង អនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែរ  កសាងឧបទ្វីបកូរ៉េប្រកបដោយសន្តិភាពនិងវិបុលភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ