នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន-រុស្ស៊ី

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី២០បង្កើតទំនាក់ទំនងការដៃគូសន្ទនាអាស៊ាន-រុស្ស៊ី
ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី២០ បង្កើតទំនាក់ទំនងការដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុង Sochi ប្រទេសរុស្ស៊ី។
ក្នុងកិច្ចប្រជុំផ្សេងៗ នាថ្ងៃទី២០ ខែឧសភា បណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់របស់អាស៊ាននិងរុស្ស៊ី បានផ្លាស់ប្តូរអំពីស្ថានភាពក្នុងតំបន់និងអន្តរជាតិ វាយតំលៃអំពីទំនាក់ទំនងសន្ទនា រវាងអាស៊ាននិងរុស្ស៊ី ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ និងការកំណត់ ដំណោះស្រាយជាក់ស្ដែងនានា សំដៅជំរុញទំនាក់ទំនងនេះឡើងកំរិតថ្មី។
ផ្លាស់ប្តូរអំពីបណ្ដាបញ្ហានៅក្នុងតំបន់ និងអន្តរជាតិដែកបានយកចិត្តទុកដាក់ដូចគ្នា ថ្នាក់ដឹកនាំរបស់ភាគីទាំងពីរ បានសង្កត់ធ្ងន់ទៅលើសារសំខាន់ និងការចាំបាច់ រក្សាសន្តិភាព សន្តិសុខ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក តួនាទី និងការរួមវិភាគទានរបស់អាស៊ាននិងរុស្ស៊ី ក្នុងពេលដោះស្រាយបញ្ហានានា អំពីសន្តិសុខ និងអភិវឌ្ឍន៍។ ថ្នាក់ដឹកនាំអាស៊ានទាំងឡាយ និងរុស្ស៊ីក៏បានចែករំលែកការយកចិត្តទុកដាក់ សារសំខាន់និងផលប្រយោជន៍រួម របស់ការធានាសន្តិសុខ ស្ថិរភាព សន្តិភាព សុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅតំបន់សមុទ្រខាងកើត ចំពោះសន្តិភាព និងការអភិវឌ្ឍន៍ក្នុងតំបន់និងអន្តរជាតិ លើកកំបស់គោលការណ៍របស់អាស៊ាន គឺដោះស្រាយជំលោះដោយសន្តិវិធី ផ្អែកទៅលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) មិនបានប្រើប្រាស់ឬគំរាមគំហែងប្រើប្រាស់អំពើហឹង្សា អត់ធ្មត់ មិនបានបង្ករឿងហេតុធ្វើអោយស្ថានភាពនៅទីនេះ ស្មុគ្រស្មាញថែមទៀត។
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ ចំពោះការផ្តើមគំនិត របស់ប្រធានាធិបតីរុស្ស៊ី និងអត្តន័យនៃការរៀបចំសន្និសីទលើកនេះ។ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែអភិវឌ្ឍន៍ ពីមួយថ្ងៃទៅមួយថ្ងៃ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើអោយទិសដៅសហប្រតិបត្តិការធំៗ រួមមាន៖ ទីមួយ បង្កើនកិច្ចសហប្រតិបត្តិការនយោបាយសន្តិសុខ ពិសេសគឺក្នុងវិស័យសន្តិសុខសមុទ្រ ប្រឆាំងភេរវកម្ម និងបទល្មើសឆ្លងដែន។ ទីពីរគឺត្រូវពង្រីកជាអតិបរិមា សក្ដានុភាព និងឧត្តមភាពរបស់ភាគីនិមួយៗ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពល និងទេសចរណ៍៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម