25/05/2016 09:35 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក

នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Xuan Phuc បាន​អញ្ជើញ​ជួបសន្ទនា ជាមួយប្រធានាធិបតីអាមេរិក លោក​Barack Obama ដែលកំពុងបំពេញ​ទស្សន​កិច្ច​ជាផ្លូវ​ការនៅ​វៀតណាម ចាប់ពីថ្ងៃទី២៣​ដល់ថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៦ ។ ថ្នាក់ដឹក​នាំទាំងពីរ​រូបបាន​រំលឹក​ឡើង​វិញ និង​សម្ដែងនូវការ​ពេញ​ចិត្ត ចំពោះការអភិវឌ្ឍន៍ជាក់ស្ដែងទំនាក់ទំនង រវាងប្រទេសទាំងពីរ ចាប់ពីថ្ងៃ​បង្កើត​​ទំនាក់ទំនង​ដៃគូ លើគ្រប់វិស័យ(នាឆ្នាំ២០១៣) ជាពិសេសក្នុងវិស័យ​សេដ្ឋកិច្ច  ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល ជំនះពុះពារលើផលវិបាក​ដោយសង្គ្រាម និង​ជំនួបប្រាស្រ័យប្រជាជន។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានាធិ​បតី លោក Barack Obama ក៏បាន​ផ្លាស់ប្តូរ​អំពី​បណ្ដា​វិធាន​ការ​បង្កើន​ទំនាក់​ទំនងសហប្រតិបត្តិ​ការដៃគូលើគ្រប់វិស័យ​វៀតណាម-អាមេរិក ដែលក្នុងនោះផ្តល់អាទិភាពចំ​ពោះកិច្ច​សហប្រតិបត្តិការ អភិវឌ្ឍន៍ជាចម្បង និងកម្លាំងចលករក្នុងទំនាក់ទំនងនា​ពេលខាងមុខនេះ។

​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើអោយអាមេរិកទទួលស្គាល់​ខឿនសេដ្ឋកិច្ច​ទីផ្សារ​របស់​វៀត​ណាម​យ៉ាង​ឆាប់ៗ បើកទ្វារទីផ្សារថែមទៀត​សំរាប់​ទំនិញវៀត​ណាម បង្កើន​ការវិនិយោគ​ផ្ទាល់​ដើម្បីក្លាយ​ទៅជា​វិនិយោគិន​ធំបំផុត​នៅ​វៀតណាម ជួយឧបត្ថម្ភទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ពិសេសគឺនៅក្នុង​តំបន់​វាល​​ទំនាប​ទន្លេ Cuu Long និងជួយឧបត្ថម្ភវៀតណាមរៀបចំព្រឹត្តិការណ៍ APEC 2017​ ប្រកបដោយជោគ​ជ័យ ជំរុញ​ទំនួបប្រាស្រ័យប្រជាជន​។ នាយក​រដ្ឋមន្ត្រី លោក Nguyen​ Xuan Phuc ក៏បាន​អះអាង​នូវតួនាទី​ដ៏សែន​សំខាន់ និងការរួម​វិភាគទានសកម្មរបស់សហគមន៍ជនវៀតណាម នៅអាមេរិក ក្នុង​ការជំរុញ​ទំនាក់​ទំនង​ទ្វេភាគី ហើយ​ក៏ស្នើអោយភាគីអាមេរិកបង្កលក្ខណះ សំរាប់សហគមន៍បានអភិវឌ្ឍន៍ និងរួមវិភាគ​ទានថែម​ទៀត ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc ក៏បាន​អះអាង​ជាថ្មីម្តង​ទៀត​ថា៖ វៀតណាម​នឹងដាក់ជូនរដ្ឋ​សភាពិនិត្យ​មើល ហើយ​អនុម័តកិច្ច​ព្រមព្រៀងដៃ​គូឆ្លង​មហាសមុទ្រ​ប៉ាស៊ី​ហ្វីក (TPP)។ ប្រធានាធិបតី លោក Barack Obama បានអះអាងថា​៖ អាមេរិក​មានគោ​ល​បំណង​បង្កើតទំនាក់ទំនងមិត្តភាព និងយូរអង្វែងជាមួយវៀតណាម ដោយផ្អែកទៅលើការ​គោរពរបប​នយោបាយ​របស់​គ្នា និងដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេស​ទាំងពីរ។ លោក Barack Obama ក៏បាន​សង្កត់ធ្ងន់​ថា៖ TPP ជាកិច្ចព្រមព្រៀងពាណិជ្ជ​កម្មគុណភាពខ្ពស់ ក្នុងសតវត្ស៍ទី​២១ ហើយ​អះអាង​នូវការ​ប្តេជ្ញាចិត្ត​ជំរុញ​ការ​អនុម័ត​ លើកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ ២០១៦។

​ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាអំពីស្ថានភាពនៅក្នុងតំបន់ ដែលក្នុង​នោះមានបញ្ហានៅសមុទ្រខាងកើត បណ្ដាការ​លំបាកសាក​ល្បង អំពីសន្តិសុខក្រៅប្រ​ពៃណីដែលកំពុង​លេចឡើង​ដែលជះ​ឥទ្ធិពល​ទៅលើ​សន្តិភាព ស្ថិរភាព និងកិច្ចសហ​ប្រតិបត្តិការអភិវឌ្ឍន៍​នៅក្នុងតំបន់ និងពិភពលោក អះអាង​នូវគោល​ការណ៍​គោរព​អនុសញ្ញាអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការនិង​ដោះ​ស្រាយ​បញ្ហានា​នានៅ​ក្នុងតំបន់​។ ភាគីទាំងពីរក៏បានឯកភាពថា៖ជំលោះនៅ​សមុទ្រខាងកើត ត្រូវដោះស្រាយដោយ​សន្តិវិធី ផ្អែក​ទៅលើច្បាប់​អន្តរជាតិ ធានាសេ​រីភាពនិងសុវត្ថិភាពនាវាចរណ៍ អាកាស​ចរណ៍និ​ង​មិន​ប្រើប្រាស់​អំពើ​ហឹង្សា។​

​ក៏ក្នុងថ្ងៃដដែល នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក ង្វៀនភូចុង បាន​អញ្ជើញជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក Barack Obama ដែលកំពុង​បំពេញទស្សន​កិច្ច​ជាផ្លូវការ​នៅវៀត​ណាម​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ