01/12/2018 12:46 GMT+7 Email Print Like 0

ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ

នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងផែនការកម្ពុជា លោក ឆាយ ថន ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅ​វៀត​ណាម។
 

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសម្តែងនូវការសម្បាយរីករាយដោយឃើញថា ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជា មានភាពរីកចំរើនយ៉ាងខ្លាំងក្ល និងប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។

លោករដ្ឋមន្រ្តី ឆាយ ថន បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនកម្ពុជាចងចាំជានិច្ចការជួយគាំទ្ររបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមក្នុងបុព្វហេតុរំដោះកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍កាលពីមុន ក៏ដូចជានៅក្នុងការកសាងនិងអភិវឌ្ឍប្រទេសនាសព្វថ្ងៃនេះ។ លោក ឆាយ ថន ឲ្យដឹងថា កិច្ចពិភាក្សាការងារជាមួយក្រសួងផែនការនិងវិនិយោគវៀតណាមទទួលបានជោគជ័យដ៏ល្អប្រសើរ។ ក្រសួងទាំងពីរបានពិភាក្សាគ្នាអំពីដំ​ណោះ​ស្រាយជាច្រើនដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ វាយតំលៃខ្ពស់ចំពោះសមិទ្ធផល​ដ៏ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសវៀតណាមលើគ្រប់វិស័យ លោករដ្ឋមន្រ្តី ឆាយ ថន បានបង្ហាញនូវទំនុកទុកចិត្តថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេសរវាងប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា នឹងទទួលបានសមិទ្ធផលជាច្រើនថែមទៀតនៅក្នុងការអភិវឌ្ឍ និងកសាងប្រទេសជាតិ។

 


នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងផែនការកម្ពុជា
លោក ឆាយ ថន (រូប​ថត៖ vnanet.vn)

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងផែនការកម្ពុជា និងក្រសួងផែនការនិងវិនិយោគវៀតណាមនាកន្លងមក រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសនិមួយៗ និងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែលក្រសួងទាំងពីរបានកសាងនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការតភ្ជាប់សេដ្ឋកិច្ចរវាងវៀតណាមនិងកម្ពុជា ដល់ឆ្នាំ ២០៣០  ហើយបានស្នើឱ្យភាគីទាំងពីរបង្កើត "ផែនការមេសម្រាប់ការតភ្ជាប់សេដ្ឋកិច្ចវៀតណាម - កម្ពុជាដល់ឆ្នាំ ២០៣០" ដូចដែលបានចែងក្នុងកិច្ចព្រមព្រៀងក្របខ័ណ្ឌ ។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ក្រសួងទាំងពីរនឹងបន្តលើកកម្ពស់ប្រពៃណីនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ដើម្បីរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងស្ថិតស្ថេរចីរកាលរវាងវៀតណាម និង​កម្ពុជា ព្រមទាំង ដើម្បីប្រទេសទាំងពីជានិច្ចកាលជាមិត្តល្អនឹងគ្នា និងតែងតែយកចិត្តទុកដាក់ និងគាំទ្រគ្នាទៅវិញទៅមកក្នុងដំណើរការកសាងនិងអភិវឌ្ឍប្រទេសជាតិ៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

បណ្តាព័ត៌មានបានផ្សាយ