13/08/2021 12:54 GMT+7 Email Print Like 0

ទាំងអស់គ្នាដើម្បីគោលដៅរួមគឺការកសាងប្រទេសជាតិរឹងមាំ ប្រជាជនសម្បូរធូធារ

អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ និស្តវៀតណាម លោក Nguyen Phu Trong នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១ បានអញ្ជើញចូលរួមសម័យប្រជុំលើកដំបូងរបស់រដ្ឋាភិបាលសម្រាប់អាណត្តិ ២០២១-២០២៦។ ក្នុងសុន្ទរកថានៅឯកិច្ចប្រជុំដ៏មានសារៈសំខាន់ដែលសំដៅអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់លើការសម្របសម្រួលដោយស៊ីចង្វាក់គ្នា របស់ប្រព័ន្ធនយោបាយទាំងមូល សាមគ្គីភាពខ្ពស់របស់បក្សទាំងមូល កងទ័ពទាំង មូលនិងប្រជាជនទាំងមូល ដោយស្មារតីស្រុះចិត្តគំនិតគ្នាដើម្បីអនុវត្តន៍រាល់ភារកិច្ចរបស់ប្រទេសជាតិនិងប្រជាជាតិ។
 

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកដំបូងរបស់រដ្ឋាភិបាលអាណត្តិ ២០២១-២០២៦ (រូបថត៖ TTXVN)


អគ្គលេខាបក្ស លោក Nguyen Phu Trong បានបញ្ជាក់ថា ប្រព័ន្ធនយោបាយនៅវៀតណាមមានផ្នែកចំនួន ៣ គឺ បក្សដឹកនាំ រដ្ឋគ្រប់គ្រង ហើយប្រជាជនជាម្ចាស់។ លោកអគ្គលេខាបក្សបាន មានប្រសាសន៍ដោយឡែកអំពីរដ្ឋាភិបាល ជាពិសេស ដោយមាន គោលការណ៍ ខ្លឹមសារនិងយន្តការប្រតិបត្ដិការដែលបានដាក់នៅក្នុងទំនាក់ទំនងរួមរបស់ទីភ្នាក់ងាររដ្ឋ និងប្រព័ន្ធនយោបាយទាំងមូលនៅវៀតណាម ក្នុងគោលបំណងរួមគឺ កសាងប្រទេសវៀតណាមដែលប្រជាជនមានបាន ប្រទេសជាតិខ្លាំងមាំមួន សង្គមយុត្តិធម៌ ប្រជាធិបតេយ្យនិងអរិយ្យធម៌ រឹងមាំឆ្ពោះទៅរកសង្គមនិយម។

យោងតាមលោកអគ្គលេខាបក្សថា បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំង មូល កំពុងអនុវត្តន៍យ៉ាងសកម្មនិងយ៉ាងប្រញាប់ប្រញាល់នូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ និងសេចក្តីសន្និដ្ឋានក៏ដូចជាសេចក្តីសម្រេចរបស់គណៈកម្មាធិការមជ្ឈឹមក្នុងបរិបទដែលកំពុងជួបប្រទះការលំបាកនិងបញ្ហាប្រឈមច្រើនជាងមុន ហើយស្រួចស្រាលជាងការព្យាករណ៍។ ដើម្បីសម្រេចបានជោគជ័យនូវគោលដៅនិងភារកិច្ចដែលមហាសន្និបាតលើកទី ១៣, សន្និបាតមជ្ឈឹមលើកទី ៣ របស់បក្ស និងសម័យប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី ១៥ បានដាក់ចេញនោះ រដ្ឋាភិបាលសម្រាប់អាណត្តិ ២០២១-២០២៦ ត្រូវការបន្តផ្សព្វផ្សាយឲ្យបានខ្លាំងក្លាជាងនេះទៅទៀត អំពីប្រពៃណីដ៏រុងរឿង អំពីលទ្ធផលនិងស្នាដៃដ៏ធំធេងរួមទាំងមេរៀនដ៏មានតម្លៃ ដែលរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ  ដោយខិតខំប្រឹងប្រែងឲ្យបានខ្លាំងក្លាជាងមុន នៅលើគោលមាគ៌ានៃនវានុវត្តន៍ភាពប្រកបដោយភាពច្នៃប្រឌិតលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រតិបត្តិការនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។  លោកអគ្គលេខាបក្សបានផ្តោតការយកចិត្តទុកដាក់ជាពិសេសចំពោះបញ្ហាដូចខាងក្រោម៖

ទីមួយអំពីការអភិវឌ្ឍសេដ្ឋកិច្ច៖ គំរូសេដ្ឋកិច្ចដែលវៀតណាមបានកសាងឡើង គឺ សេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម។ ដូច្នោះហើយ សេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមគឺជាខឿនសេដ្ឋកិច្ចទីផ្សារទំនើប ជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិ ដំណើរការយ៉ាងពេញលេញនិងស៊ីសង្វាក់គ្នាតាមក្រិត្យក្រមសេដ្ឋកិច្ចទីផ្សារ ក្រោមការគ្រប់គ្រងរបស់នីតិរដ្ឋសង្គមនិយម ដឹក នាំដោយបក្សកុម្មុយនិស្តវៀតណាម ; ធានានូវទិសដៅសង្គមនិយម សំដៅលើគោលដៅ ប្រជាជនមានបាន ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌និងអរិយធម៌។

ទីពីរគឺការអភិវឌ្ឍវប្បធម៌សង្គម៖ លក្ខណៈសំខាន់ពិសេសនៃទិសដៅសង្គមនិយមក្នុងសេដ្ឋកិច្ចទីផ្សារនៅវៀតណាមគឺការផ្សារភ្ជាប់សេដ្ឋកិច្ចជាមួយសង្គម បង្រួបបង្រួមគោលនយោបាយសេដ្ឋ កិច្ចជាមួយគោលនយោបាយសង្គម កំណើនសេដ្ឋកិច្ចដើរទន្ទឹមនឹងការអនុវត្តវឌ្ឍនភាពសង្គមនិងយុត្តិធម៌សង្គមនៅគ្រប់ជំហាន គ្រប់គោលនយោបាយនិងក្នុងដំណើរការអភិវឌ្ឍន៍ទាំងមូល។ តាមនោះ គោលនយោបាយសេដ្ឋកិច្ចនីមួយៗ ត្រូវផ្តោតលើគោលដៅអភិវឌ្ឍន៍សង្គម; គោល នយោបាយសង្គមនីមួយៗ ត្រូវបង្កើតឡើងកម្លាំងចលករសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងធានាវឌ្ឍនភាព យុត្តិធម៌សង្គម។ ទាំងអស់នេះជាតម្រូវការដែលមានលក្ខណៈគោលការណ៍ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយតម្លាភាព ចីរភាព តាមទិសដៅសង្គមនិយម។

ទី ៣ អំពីការពង្រឹងកិច្ចការពារជាតិ សន្តិសុខនិងកិច្ចការបរទេស៖ ស្ថានភាពនៅលើពិភពលោកនិងក្នុងប្រទេសកំពុងមានការវិវត្តយ៉ាងឆាប់រហ័សនិងស្មុគស្មាញ ដែលទាមទារឱ្យយើងត្រូវយកចិត្តទុកដាក់ក្នុងការរក្សាឯករាជ្យនិងភាពខ្លួនទីពឹងខ្លួន; ពង្រឹងសក្តានុពលការពារជាតិនិងសន្តិសុខ; លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ; ប្តេជា្ញចិត្តការពារឯករាជ្យ អធិបតេយ្យភាព ឯកភាពនិងបូរណភាពទឹកដី កោះសមុទ្រ និងដែនអាកាស; រក្សាបរិយាកាសសន្តិភាពនិងស្ថិរភាពសម្រាប់ការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។

ទីបួន អំពីការកសាងអង្គភាព ក្បាលម៉ាស៊ីននិងការងារកម្មាភិបាល៖ នេះគឺជាបញ្ហាសារវ័ន្ត ដែលមានសារៈសំខាន់ មានអត្ថន័យសម្រេចលើប្រតិបត្តិការទាំងមូលរបស់រដ្ឋាភិបាល។  ដូច្នេះ ស្នើឱ្យរដ្ឋាភិបាល ស្ថាប័នចំណុះរដ្ឋាភិបាលនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ពិសេសដើម្បីបំពេញល្អការងារទាំងនេះ។ ទន្ទឹមជាមួយគ្នានោះ បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចរបស់គណៈកម្មាធិការមជ្ឈឹមបក្សលើកទី ៤ នីតិកាលទី ១១ និងទី ១២ ស្តីពីការពង្រឹងការកសាងនិងធ្វើនិយ័ត្នកម្មបក្ស រាំងស្កាត់និងរុញច្រានភាពថយក្រោយ ការធ្លាក់ចុះសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅការប្រែធាតុ ដោយផ្សារភ្ជាប់នឹងការជំរុញការអនុវត្តសារាចរលេខ ០៥ របស់ការិយាល័យនយោបាយ  ស្តីពីការសិក្សារៀនសូត្រនិងធ្វើតាមគំរូសិលធម៌និងរចនាបទរបស់លោកប្រធាន ហូជីមិញតាមលក្ខណៈជាក់ស្តែង យោងតាមសេចក្តីសន្និដ្ឋានលេខ ០១ ចុះថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយ។

លោកអគ្គលេខាបក្សបានសម្តែងនូវជំនឿជឿជាក់ថា រដ្ឋាភិបាលសម្រាប់អាណត្តិ ២០២១-២០២៦ នឹងលើកកម្ពស់រាល់លទ្ធផល បទពិសោធន៍និងប្រពៃណីដ៏រុងរឿងក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក និងបន្តផ្លាស់ប្តូរថ្មីនូវវិធីសាស្រ្តប្រតិបត្តិការ ព្រមទាំងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ដើម្បីចូលរួមចំណែកក្នុងកិច្ចការផ្លាស់ប្តូរថ្មី បង្កើនល្បឿនឧស្សាហកម្មនិងទំនើបកម្ម នាំប្រទេស ឈានមួយជំហានឆ្ពោះទៅការអភិវឌ្ឍ នាំមកនូវភាពរុងរឿង សេរីភាពនិងសុភមង្គលជូនប្រជាជន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ