09/06/2020 11:19 GMT+7 Email Print Like 0

ទាញយកផលប្រយោជន៍ពី EVFTA និង EVIPA ដើម្បីបង្កើនឱកាសអភិវឌ្ឍន៍ និងសមាហរណកម្ម


 (រូបថត៖ TTXVN)
 

នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ​២០២០ រដ្ឋសភា​វៀត​ណាម បាន​អនុម័ត​ជាផ្លូវការ​លើសេចក្តី​សម្រេចចិត្ត​ស្ដីពីការ​ផ្ដល់​សច្ចាប័ន​លើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម ជាមួយសហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រម​ព្រៀង​គាំពាំរ​វិនិយោគរវាងវៀតណាមជាមួយបណ្ដាប្រទេសជា​សមាជិកនៃ សហភាពអឺរ៉ុ​ប (EVIPA)។ នេះជា​សមិទ្ធិផល​ជាប្រវត្តិសាស្ត្រ ហើយជាសញ្ញាសម្គាល់ដ៏សំខាន់ក្នុ​ងទំនាក់ទំនងរវាងវៀតណា​ម - EU និយាយរួម ក៏ដូច​ជា​បើកចេញឱកាសអភិវឌ្ឍន៍ និងសមាហរណកម្មរបស់វៀតណាមនាពេលខាងមុខ។

បំពេញ​បទៅនឹងការធ្លាក់ចុះនៃខឿនសេដ្ឋកិច្ចក្នុងអំឡុងពេលមានជំងឺរាតត្បាត
 
ជំងឺរាត​ត្បាត COVID – 19 បានជះឥទ្ធិពលដល់ស្ថានភាពផលិតកម្ម និងការនាំចេញ - នាំចូលរបស់វៀតណាម និងដៃគូនា​នារបស់វៀតណាមនៅទូទាំងពិភពលោក។ ក្នុងបរិបទនេះ ការដែលកិច្ចព្រមព្រៀង EVFTA បានចូលជាធរមានគឺមានអត្ថន័យដ៏សំខាន់ ជួយបំពេញ​ទៅនឹងការ​ធ្លាក់ចុះ​នៃខឿន​សេដ្ឋកិច្ច​ក្នុង​អំឡុង​ពេល​មាន​ជំងឺរា​ត​ត្បាត។ សម្រាប់ភាគីសហគ្រាស EVFTA នឹងនាំមកនូវឱកាសទីផ្សារពិពិធិកម្ម ហើយជួយ​សហគ្រាស​ទទួលបានសន្ទុះកំណើនក្រោយពីជំងឺរាតត្បាត។
 
ជាក់ស្តែង​នាពេលកន្លងទៅ នៅទីផ្សារអឺរ៉ុបសហគ្រាសវៀតណាម រងការប្រកួត​ប្រជែង​ជាច្រើន​ពីសហគ្រាស​ធំៗ​នៅលើពិភព​លោក។ ដូច្នេះចំណែកទីផ្សារទំនិញរបស់វៀតណាមនៅ EU នៅមានកម្រិត។ គួរកត់សម្គាល់ថា តម្លៃ​ប្រាក់​នាំចេញ របស់វៀតណាមទៅកាន់ EU មាន ត្រឹមតែជាង ៤២% ប៉ុណ្ណោះ ត្រូវបានលើកលែងពន្ធ តាមកម្ម​វិធី អនុគ្រោះពន្ធទូទៅ (GSP) ។ដូច្នេះយោងតាមលោក Tran Thanh Hai អនុប្រធាន​នាយក​ដ្ឋាន​នាំចេញ​និង​នាំចូល នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា ដោយមានការសន្យា​បើកចំ​ហទី​ផ្សារ​យ៉ាងខ្លាំងក្លា និងការសន្យាលុបបំបាត់ពន្ធនាំចូល រហូតដល់ជិត ១០០ % នៃបញ្ជីពន្ធ EVFTA នោះ ឱកាស​បង្កើនការនាំចេញរបស់វៀតណាមគឺធំធេងណាស់ ជាពិសេស​គឺនៅ​ពេល​ដែល​វៀត​ណាមបាន​គ្រប់​គ្រង​ជំងឺ​រាត​ត្បាត COVID-19 ហើលសហគមន៍ធុរជនវៀតណាមមានឱកាសម្ចាស់ការច្រើនជាង បើប្រៀប​ធៀប​នឹង​សហគ្រាស​នៅបណ្ដាប្រទេ​សដទៃទៀត។ លោក Tran Thanh Hai បានឲ្យដឹងថា៖
 
“ទីផ្សារ ​EU  គឺជាទីផ្សារដ៏ធំមួយហើយក៏កំពុង បង្កើតឡើង រាល់តម្លៃខ្ពស់ក្នុង សកម្មភាពនាំចេញ នាំចូលរបស់​វៀត​ណាម​។ នេះក៏ជាទីផ្សារសម្រាប់ទំនិញប្រពៃណី ដែលមានប្រៀបខ្លាំង ដូចជា តម្បាញកាត់ដេរ ស្បែកជើង កសិ - ជលផល និងគ្រឿងឈើ។ នារយៈពេលកន្លងទៅ វៀតណាមបានជ្រៀតចូល និងពង្រីក​ទំហំពាណិជ្ជកម្ម​នៅទីផ្សារ​នេះ។​ ការដែលកិច្ចព្រមព្រៀង EVFTA ចូលជាធរមាននោះ យើងនឹង​មានភាព​ងាយ​ស្រួល​ថែម​ទៀត​ក្នុងការ​អភិក្រម​ទីផ្សារ ខណៈដែលទំនិញភាគច្រើនដែលនាំចេញទៅតំបន់នេះនឹងត្រូវបានលើកលែងពន្ធ“។
 
ទាក់ទងនឹង​ការនាំចូល សហគ្រាសវៀតណាមក៏នឹងទទួលបានផលប្រយោជន៍ពីប្រភពទំនិញនិងវត្ថុធាតុដើម ដែលនាំចូល​ប្រកបដោយគុណភាព និងស្ថិរភាពក្នុងតម្លៃសមរម្យ ពី EU។ លោក Tran Hoang Ngan  សមាជិក សភាទីក្រុង​ហូជីមិញបានចាត់ទុកថា៖
 
“វៀតណាម​មិនត្រឹមតែបាននាំចេញទំនិញទៅកាន់អឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងនាំចូលទំនិញពីអឺរ៉ុបទៀតផង ហើយអតិថិជន​ក៏អាចទិញទំនិញពី អឺរ៉ុបក្នុងអត្រាពន្ធ ០% ផងដែរ។ នាបច្ចុប្បន្ននេះ តម្លៃប្រាក់​នាំចេញ​ទ្វេភាគី​សរុបចំនួន ៥៧,២ ពាន់លានដុល្លារអាមេរិកនោះ វៀតណាមបាននាំចូល ១៥ ពាន់លានដុល្លារអាមេរិក ពោលគឺភាគ​ច្រើនជាគ្រឿងម៉ាស៊ីន ឱសថ និងគ្រឿងសំអាង។ នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន អតិថិជន​វៀតណាមអាចទិញទំនិញដែលមានស្ដង់ដារអឺរ៉ុប ត្រូវបានលើកលែងពន្ធ។ ប្រការនេះពិត​ជាមាន​ផលប្រយោជន៍​សម្រាប់សហគ្រាស និងអតិថិជនណាស់“។
 
បន្តសុក្រឹត​របៀបរបប សំដៅកែលម្អបរិយាកាសវិនិយោគ
 
រួមជាមួយ​កិច្ចព្រមព្រៀង EVFTA នោះ ការអនុវត្តន៍រាល់ការសន្យាតាមកិច្ចព្រមព្រៀង EVIPA នឹងជា​កម្លាំង​ចលករ​ជំរុ​ញវៀតណាមបន្តសុក្រឹតរបៀបរបប គោលនយោបាយ សំដៅកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម​តាមទិសដៅកាន់តែងាយស្រួល សមភាព សុវត្ថិភាព តម្លាភាព និងស្និទ្ធិស្នាលថែមទៀត​សម្រាប់​​វិនិយោគិន​​គ្រប់រូបនៃវិស័យសេដ្ឋកិច្ច។លោក Nguyen Van Giau ប្រធានគ​ណៈ​កម្មាធិការ​កិច្ច​ការ​បរទេស​នៃ​រដ្ឋសភា​ បានឲ្យដឹងថា៖
 
“ការផ្តល់​សច្ចាប័នលើកិច្ចព្រមព្រៀងទាំងនេះ នឹងនាំមកនូវឱកាសទាក់ទាញទុនវិនិយោគបរទេស ជំរុញការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម អភិក្រមខឿនឧស្សាហកម្មទំនើប បច្ចេកវិទ្យាថ្មី និងបច្ចេកវិទ្យាស្អាតពី​បណ្តាប្រទេស​អឺរ៉ុប។ រួមជាមួយកិច្ចព្រមព្រៀង EVFTA នោះ កិច្ចព្រមព្រៀង EVIPA នឹងនាំមកនូវផលបយោជន៍ជាច្រើន ក្នុងការ​ទាក់ទាញការវិនិយោគពីបណ្ដាប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប ក៏ដូចជាបង្កើត​ឱកាស​សម្រាប់​វិនិយោគិន​វៀតណាមផងដែរ“។
 
សហគមន៍​អ៊ឺរ៉ុប (EU) ដែលមានទីផ្សារប្រជាជនចំនួន ៥០៨ លាននាក់ និងផលិតផលក្នុងស្រុកសរុប (GDP) រហូត​ដល់ប្រមាណ ១៨.០០០ ពាន់លានដុល្លារអាមេរិក គឺជាទីផ្សារដែលពោរពេញទៅដោយសក្តានុពល ហើយ​មិន​អាច​រំលងបានរបស់វៀតណាម។ ការដែលរដ្ឋសភាបានអនុម័តជាផ្លូវការលើ EVFTA និង EVIPA នោះ ផ្លូវសម្រាប់​វៀត​ណាម អភិក្រមជាមួយទីផ្សារ EU កានតែទូលំទូលាយថែមទៀត ក៏ដូចជា​បង្កើន​ឱកាស​អភិវឌ្ឍ​សេដ្ឋកិច្ច​ផង​ដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ