29/09/2015 09:30 GMT+7 Email Print Like 0

ថ្នាក់បង្រៀនតន្រ្តីប្រពៃណីនៅទីសក្ការបូជាបូរាណហាវណាម

ទីសក្ការបូជាហាវ​ណាម ស្ថិតនៅ​អ៊ូចើយឿ ដុង​ដា ហា​ណូយ បាន​ក្រសួង​វប្បធម៌ កីឡា​និង​ទេសចរណ៍​ ទទួល​ស្គាល់ជា​កេរដំណែល​ប្រវត្តិសាស្រ្ត​វប្បធម៌ ថ្នាក់​ជាតិ​នៅឆ្នាំ​១៩៩៤។ នៅ​ទី​នេះ​មាន​បើកថ្នាក់​បង្រៀន​ពិសេស​មួយ គឺ​បង្រៀន​ឧបករណ៍​តន្រ្តី​ជន​ជាតិ​ (ស្គរ ចាប៉ី ខ្លុយ​។​ល​។​)​ និង​ចម្រៀង​កាទ្រូ ចម្រៀង​សឹម ក្វាង​ហ។ល។ ដោយ​មាន​លោក​សាស្រ្តា​ចារ្យ សិល្បករ​ប្រជា​ជន ផាម​ឌិញ​ខាង និង​សិល្ប​ករ ថាវ​យ៉ាង​ជាអ្នក​បង្កើត​ និងបង្ហាត់​បង្រៀន​ផ្ទាល់។

ស្ថិតនៅក្នុងផ្ទះតូច​ដែលនៅជាប់​ក្បែរទីសក្ការ​បូជា​ហាវ​ណាម មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សិល្បៈតន្រ្តី​វៀត​ណាម បាន​​បង្កើត​នៅ​ឆ្នាំ​២០០៥ គឺជា​ទីកន្លែង​ទាក់ទាញ​មនុស្សជា​ច្រើន ជាពិសេស​គឺមជ្ឈដ្ឋាន​យុវវ័យ​នៅហា​ណូយ ស្វែង​រក​រៀន​ និងស្រាវ​ជ្រាវ​អំពី​តន្រ្តី​ប្រពៃណី​របស់​ជន​ជាតិ។ បណ្តាថ្នាក់​រៀនពិសេស​ ពីឧបករណ៍​តន្រ្តី​ជន​ជាតិ (ស្គរ ចាប៉ី ខ្លុយ។ល។) និង​កាទ្រូ ច្រៀងសឹម ក្វាង​ហ​។ល។ របស់​មជ្ឈម​ណ្ឌល​តែង​តែ​ទាក់​ទាញ​អ្នក​រៀន​គ្រប់​វ័យ​រាប់​សិប​នាក់​មក​ចូល​រួម។

នៅទី​នេះ ក្នុងបរិយាកាសវប្បធម៌​បូរាណ និងភាព​សាកសិទ្ធិ​របស់​ទីសក្ការ​បូជា​បូរាណ មនុស្ស​គ្រប់​គ្នា​បាន​រៀន​យក​ ចំណេះដឹងពីតន្រ្តី​បូរាណ​របស់​វៀត​ណាម។ អាច​និយាយ​បាន​ថា ចាប់​ពីថ្ងៃ​បង្កើត សាស្រ្តាចារ្យ សិល្បករ​ប្រជាជន ផាមឌិញ​ខាង និងសិល្បករ​ថាវ​យ៉ាង បាន​ខិត​ខំប្រឹង​ប្រែង​កសាង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សិល្បៈតន្រ្តី​វៀត​ណាម ឲ្យក្លាយជាមូលដ្ឋាន​បណ្តុះបណ្តាល​តន្រ្តីជន​ជាតិ តាម​រចនាបទ​មួយ​ដោយ​ឡែក នៅទី​នោះ អ្នក​សិក្សាមិន​ចាំបាច់​ឡើង ថ្នាក់​បង្រៀន មិន​រៀនតាម​ឯកសារ ដែល​មាន​លក្ខណៈ​ទ្រឹស្តី គឺបាន​រៀន​ដោយ​ផ្ទាល់​នឹង​ប្រភេទ​សិល្បៈ​ប្រពៃ​ណី តាមរបៀបធម្ម​ជាតិ ជិត​ស្និទ្ធជា​មួយ​ទិដ្ឋភាព​ជាក់​ស្តែង​និង​ងាយ​ស្រួល​យល់​បំផុត​។


សិល្បៈករថាវយ៉ាង កំពុងណែនាំសិស្សរបៀបវាយក្រាប់ក្នុងចម្រៀងសឹម។

ម៉ោងរៀនឧបករណ៍តន្រ្តីប្រពៃណីមួយនៅក្នុងទីសក្ការបូជាហាវណាម។

សិល្បករថាវយ៉ាងណែនាំសិស្សរបៀបប្រើប្រាស់ស្គរទ័ពក្នុងចម្រៀងសឹម។

សិល្បករថាវ​យ៉ាង ជានាយករងមជ្ឈមណ្ឌល​អភិវឌ្ឍន៍​សិល្បៈ​តន្រ្តី​វៀត​ណាម ធ្វើជាគ្រូបង្រៀន​ផ្ទាល់​ផង និង​ទទួល​បន្ទុកតួនាទី​ជាអ្នក​គ្រប់​គ្រង​រៀប​ចំ នូវសកម្មភាព​របស់​មជ្ឈមណ្ឌល​ផង​ដែរ។ មួយ​ជីវិត​លោក​បាន​ផ្សារ​ភ្ជាប់​នឹង​តន្រ្តីប្រជា​ប្រិយ ដូច្នេះ​ហើយសិល្បករ​ថាវ​យ៉ាង​បាន​យក​អស់​ពី​កម្លាំង​កាយ​ចិត្ត​និង​ក្តីចំ​ណូល​ចិត្ត​របស់​ខ្លួន ដើម្បីរួមដៃ​នឹងបណ្តាសិល្បក​ររបស់មជ្ឈមណ្ឌល​ស្រាវជ្រាវ ស្តាឡើង​វិញ​នូវបទ​ចម្រៀង​បូរាណ ដែល​មាន​ក្នុង​ប្រភេទ​តន្រ្តី​ប្រពៃណីដូច​ជា៖ ចម្រៀង​សឹម ចម្រៀង​វ៉ាន់ ចម្រៀង​ស្គរទ័ព ចម្រៀង​ក្វាន​ហ។ល។ ដើម្បី​បម្រើ​ការ​បង្ហាត់​បង្រៀន​ផង និង​អាចនាំតន្រ្តី​នេះទៅដល់​មហាជនផង។

ជាធម្មតាដូច​ជានៅក្នុង​ឆ្នាំ២០០៥ លើកដំបូង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សិល្បៈ​តន្រ្តី​វៀត​ណាម បាន​រៀប​ចំ​សម្តែង​ជោគ​ជ័យ ក្នុង​កម្មវិធី​ចម្រៀង​សឹមនៅ​ខ្លោង​ទ្វារ​ផ្សារ​ដុង​ស្វឹន​(ហាណូយ) នាំចម្រៀង​សឹម ជាប្រ​ភេទ​សិល្បៈ​កើត​មុន​នេះជាង​៧០០​ឆ្នាំ កំពុង​មានហា​និភ័យ​ត្រូវបាត់​បង់ ឲ្យត្រ​ឡប់​មក​ជាជីវ​ភាព​ពាក់​កណ្តាល​បូរាណ​ពាក់​កណ្តាល​សម័យ​។ កម្មវិធី​នេះ ក្រោយ​មកបាន​មជ្ឈមណ្ឌល​រក្សាសម្តែង ជាប្រចាំនៅផ្សារ​ដុង​ស្វឹន ហើយ​ទាក់​ទាញ​ការគាំទ្រ​របស់​មហាជន អ្នក​ទស្សនាគ្រប់​ជាន់ស្រទាប់​ នៅក្នុងស្រុក​និងបរទេស​យ៉ាង​រហ័ស។

ក្រោយពីការជោគជ័យ​នេះ យុវជននិស្សិត​នៃមហា​វិទ្យាល័យ​ធំៗ​ជាង​២០០នាក់ ពនៅហាណូយ បាន​ដាក់​លិខិត​សុំចូល​រៀន​ថ្នាក់​ចម្រៀង​សឹម និងរៀនដេញចាប៉ី ក្រាប់ ស្គរ។ល។ ក្នុង​ថ្នាក់​រៀន​បណ្តុះ​បណ្តាល​ចម្រៀង​សឹម​មិន​គិត​ថ្លៃ ដោយ​មជ្ឈមណ្ឌល​រៀបចំឡើង នៅទីសក្ការបូ​ជាហាវណាម។ នៅទីនេះ អ្នក​និពន្ធបទ​ចម្រៀង សិល្ប​ករ​ល្បីឈ្មោះដូច​ជា៖ សិល្បករ ប្រជាជនស្វឹន​ហ្វាច់ សិក្បករ​ឆ្នើម ថាញ​ង៉ាន ធីង៉ឹន​។ល​។ បាន​ចំណាយ​ពេល​វេលា​ ទឹក​ចិត្ត បង្រៀន​ជូនសិស្សានុ​សិស្ស។ ហើយ​ក៏ចាប់ផ្តើម​ពីបណ្តា​ថ្នាក់​រៀន​ដូច្នេះ មិត្ត​យុវវ័យ​ជាច្រើន​ដូច​ជា៖ ម៉ាយឌឺក​ធៀន ឌឹក​ហ្វី ហ្វូយី កេវ​ឡង ធូផឿង។ល។ បាន​ចេះដឹង​និង​យល់​ច្បាស់។

ដើម្បីការងារ​ស្តាឡើង​វិញនិងលើក​ស្ទួយ ចម្រៀង​សឹម ចាប់​ពីខែមិថុនា​ឆ្នាំ២០០៧ មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍​សិល្បៈត​ន្រ្តីវៀត​ណាម បន្តបើក​ថ្នាក់បណ្តុះ​បណ្តាល​ឥត​គិត​ថ្លៃ ជូន​អ្នក​ណា​ដែល​ចូល​ចិត្ត​ស្រឡាញ់​សិល្បៈ​កាទ្រូ ទាក់ទាញ​មិត្តយុវវ័យ​ជាច្រើន​មកចូល​រួម។ ដោយឡែក​នៅឆ្នាំ​២០០៨ មជ្ឈមណ្ឌល​បាន​បណ្តុះ​បណ្តាល​សិស្សានុសិស្ស​​ចំនួន​៧០នាក់ ក្នុងនោះមាន​សិស្សពូកែ​ឆ្នើម​ចំនួន១០​នាក់  បាន​ជ្រើស​រើស​ចូល​សម្តែង​រួម​នឹង​ក្លិប​កាទ្រូ​ជា​ប្រចាំ  ដែល​មជ្ឈមណ្ឌល​ជាអ្នក​បង្ក​បង្កើត។ មកដល់​សព្វ​ថ្ងៃ មជ្ឈ​មណ្ឌល​ប្រមូល​បាន​ទំនុក​បទ​ចម្រៀង​សឹម​ និងស្គរទ័ព​ជាង១០០​ទំនុកបទ​ចម្រៀង។​


ឈុតចម្រៀងកាទ្រូមួយរបស់ក្រុមសិស្សានុសិស្សនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍សិល្បៈតន្រ្តីវៀតណាម។

សិស្សានុសិស្សរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍សិល្បៈតន្រ្តីវៀតណាម សម្តែងទំនុកចម្រៀងក្វានហបាក់និញ។

សិស្សានុសិស្សរបស់មជ្ឈមណ្ឌលប្រគំតន្រ្តីជនជាតិ។

សិស្សម្នាក់របស់មជ្ឈមណ្ឌលកូតទ្រម្នាក់ឯង។

ការសម្តែងចម្រៀងសឹម “គ្រួសារសឹម” របស់សិស្សានុសិស្សមជ្ឈមណ្ឌលអភិវឌ្ឍន៍សិល្បៈតន្រ្តីវៀតណាម។

អ្នកនិពន្ធ​បទចម្រៀង​ថាវយ៉ាង និយាយ​ទាំងព្រួយ​បារម្ភ​ថា៖ តន្រ្តីប្រពៃណី គឺជាសម្លេងរបស់​ប្រជាជន ប្រជា​ជន​បាន​ច្នៃរក្សា​ឆ្លង​កាត់ជាច្រើន​ជំនាន់​ហើយ។ ច្រៀង​ក្វានហ កាទ្រូ ចម្រៀងចាប៉ីដងវែងតៃទឺ បាន​អង្គ​ការ UNESCO ទទួលស្គាល់ជាកេរ​ដំណែលវប្បធម៌​អរូបី របស់​មនុស្សជាតិ​។ តន្រ្តី​ប្រពៃណី​ភាគ​ច្រើន​សម្តែង​បង្រៀន​តៗ​គ្នា ដោយសម្តី​ក្នុងប្រ​ជាប្រិយ មិន​ទាន់បាន​បង្រៀន​នៅក្នុង​មហាវិទ្យាល័យ​សិល្បៈ ដូច្នេះហើយ ហានិភ័យ​បាត់​បង់​សាបសូន្យ​ទៅ គឺធំ​ណាស់ ដោយ​សារមិន​បាន​បណ្តុះបណ្តាល​តាម​ក្បូន​ខ្នាត់ ជាក់​ស្តែង និង​វិទ្យាសាស្រ្ត​។

ហេតុ​នេះហើយ អាចនិយាយ​បាន​ថា សកម្មភាព​បណ្តុះ​បណ្តាល​របស់​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សិល្បៈ​តន្រ្តីវៀត​ណាម​  បាននិង​កំពុងរួមវិភាគ​ទាន​ចូល​ក្នុងការ​អភិរក្ស ពង្រីក​និង​លើក​កម្ពស់​ភាព​អស្ចារ្យ​នៃ​តន្រ្តី​ជន​ជាតិ​វៀត​ណាម​៕

 

អត្ថបទ៖ វិញហឺង រូបថត៖ ទ្រីញវ៉ាន់​​ប៊ូ
 

បណ្តាអត្ថបទបានផ្សាយ