12/01/2019 11:17 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជាទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់គណៈ កម្មាធិការត្រួតពិនិត្យមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃ ទី១០ ខែមករា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ គណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Tran Cam Tu លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានកិត្តិយស គណៈបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន អនុប្រធានគណៈបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា សម្ដេច សាយ ឈុំ និងសមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណៈបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាលោកស្រី ម៉ែន សំអន ផងដែរ។

ប្រធានកិត្តិយសគណៈបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន អញ្ជើញទទួលជួបជាមួយ
លោក Tran Cam Tu លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ VOV)


នៅក្នុងបណ្ដាជំនួបនេះ លោក Tran Cam Tu បានអះអាងថា គោលមាគ៌ាដ៏ឥតងាករេរបស់ វៀតណាមនោះគឺគោរពនិងធ្វើអស់ពីសមត្ថភាពដើម្បីរួមជាមួយកម្ពុជាពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាពមិត្តភាពប្រពៃណី កិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា ដោយឈរលើមូលដ្ឋាននៃ គោលការណ៍និងទិសដៅធំៗដែលបក្សទាំងពីរ ប្រទេសទាំងពីរបានឯកភាពគ្នា ដើម្បីសុខសន្តិភាព ស្ថិរភាពនិងវិបុលភាពនៃប្រទេសនីមួយៗ។

ថ្នាក់ដឹកនាំព្រឹទ្ធសភារដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជា ក៏បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងនិងមានអត្ថន័យប្រវត្តិសាស្ត្រដែលវៀតណាមសម្រេចបានក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី ព្រមទាំងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបពិភាក្សាការងាររវាងគណៈប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមនៃបក្សទាំងពីរផង​ដែរ​។ ថ្នាក់ដឹកនាំកម្ពុជាបានអះអាងថា ទំនាក់ទំនងសាមគ្គី ភាពមិត្តភាពប្រពៃណី កិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងវៀតណាមគឺជាទ្រព្យសម្បត្តិរួមដ៏ថ្លៃថ្លាដែលចាំបាច់ត្រូវថែរក្សានិងបន្តផ្ទេរទៅអោយ ជំ​នាន់ក្រោយៗផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ