19/01/2015 10:25 GMT+7 Email Print Like 0

ត្រចះត្រចង់វត្ត Xiêm Cán គឺវត្តគម្ភីរសាគរ ឬវត្តព្រែកជ្រៅ

មកទស្សនាខេត្តបាកលីវ ភ្ញៀវទេសចរណ៍ណាក៏ចង់ទៅទស្សនាវត្ត (Xiêm Cán) ព្រែក​ជ្រៅ​បាន​មួយ​ដង​ដែរវត្ត​ជា​សំណង់​ស្ថាបត្យកម្ម​ល្អអស្ចារ្យ​មួយ​របស់​បងប្អូនខ្មែរនិង​ក៏ជា​ទីក​ន្លែង​ទេសចរណ៍​​​ខាង​សតិអារម្មណ៍​ដ៏ល្បី​ឈ្មោះ​របស់មូលដ្ឋានដែរ។

ជាវត្តពុទ្ធសាសនានិកាយថេរវាទនៃបងប្អូនជនជាតិខ្មែរតែឈ្មោះវត្តថា Xiêm​ Cán (ព្រែកជ្រៅ) នេះ​គឺ​ចេញ​មក​ពី​ភា​សា​​តា​ជីវ (ភាសានៃប្រជាជនមានដើមកំណើតចិនតាជីវប្រទេសចិន សព្វ​ថ្ងៃ​កំពុង​រស់​នៅ​ច្រើន​នៅ​ខេត្ត​បាកលីវ - អ្នក​យក​ព័ត៌​មាន) មានន័យថា “ជាប់ទឹក” ពីព្រោះពីមុននេះសណ្ឋានដីនៅតំបន់នេះ គឺ​នៅ​ក្បែរ​ឆ្នេរ​ដីល្បាប់សមុទ្រ។ តាម​ដង​​​ផ្លូវ​មាន​​ម្លប់ដើមមៀនវ័យចំណាស់ចំណុះឃុំហៀបថាញ់ ទីក្រុងបាកលីវ វត្ត​ព្រែក​ជ្រៅលេច​ចេញ​នៅ​មុខ​របស់​យើង​ខ្ញុំ​ គឺជា​ស្ថាបត្យកម្ម​យ៉ាងពិសេសមួយ ផុស​អណ្តែត​លើ​ផ្ទៃ​មេឃ​ពណ៌​បៃ​តង​ក្នុងថ្ងៃពេញដោយពន្លឺ។ វត្តពិតជា​មិន​ខុស​ពី​កេរ្តិ៍ ឈ្មោះ​ជាវត្តមួយក្នុងចំណោមវត្តខ្មែរធំបំផុត និង​ត្រចះ​ត្រចង់​បំផុតក្នុងប្រព័ន្ធវត្ត​ខ្មែរ​នា​នា​នៅ​តំ​បន់​ណាមបូ។


ចំណាប់អារម្មណ៍មុនដំបូងបង្អស់ គឺខ្លោងទ្វារវត្តស្ថិតនៅទិសខាងកើតប្រកបដោយក្បូរក្បាច់រចនា ស្ថាបត្យ​កម្មយ៉ាង​សម្បូរ​​​បែប និងមានពណ៌លឿងនៃដីសែនត្រជាក់ភ្នែកហើយពោរពេញដោយលក្ខណៈខ្មែរ។ នៅ​ខាង​​លើ​គឺជា​រូប​កំពូល​ត្រីសូល៍​ ដែលធ្វើតាមលក្ខណៈស្ថាបត្យកម្មនៃប្រាសាទអង្គរនៅប្រទេសកម្ពុជា និង​រូប​ចម្លាក់​​ពស់ច្រើនក្បាល បាន​​​ឆ្លាក់​យ៉ាង​ផ្ចិតផ្ចង់។ ក្រៅពីនេះ របងព័ទ្ធជុំវិញតភ្ជាប់ជាមួយខ្លោងទ្វារវត្ត បាន​ឆ្លាក់​ជា​រូបពស់ទេព និង​ក្បូរ​ក្បាច់​រចនា​ដ៏​ប្រណិត​ៗជាច្រើនគួរចាប់អារម្មណ៍ទៀតផង។


ពី​ខ្លោងទា្វរចូលទៅដល់មជ្ឈមណ្ឌលវត្តព្រែកជ្រៅ ប្រហែល១០០ម៉ែត្រ ភ្ញៀវ​ទេសចរណ៍​នឹង​ដើរ​ឆ្លង​កាត់​បរិវេណ​សួន​ទូ​លាយ​ពេញទៅដោយ ដើមគគីរ ដើមឈើទាលត្រង់ជាជួរខ្ពស់ត្រដែត ហើយ​ចោល​ម្លប់​សែន​ត្រជាក់​។ ពេលនេះ ភ្ញៀវ​​ទេសចរណ៍​ងាយស្រួលទទួលបានអារម្មណ៍ពីបរិយាកាសដ៏ស្ងប់ស្ងាត់ និង​សុខ​សាន្ត​របស់​វត្តអារាមបូរាណមួយ ដែល​​បាន​កសាងតាំងពីឆ្នាំ១៨៨៧។

បរិវេណធំទូលាយជាមួយដើមត្នោតវ័យចំណាស់ ឈរត្រង់ជាជួរខ្ពស់ត្រដែតនៅក្នុងវត្តបូរាណ ដែលបាន​ផ្តើម​កសាង​តាំង​ពី​ឆ្នាំ១៨៨៧។ រូបថត៖ត្រុងចិញ
វត្តព្រែកជ្រៅ ទុកដូចជាវត្តមួយក្នុងចំណោមវត្តខ្មែរទាំងឡាយដែលធំបំផុតនិងត្រចះត្រចង់បំផុត ក្នុងប្រព័ន្ធ​វត្ត​ខ្មែរ​នា​នា​នៅ​តំបន់ណាមបូ។ រូបថត៖ត្រុងចិញ
កំពូលត្រីសូល៍នៅខ្លោងទា្វរដែលធ្វើត្រាប់តាមស្ថាបត្យកម្មបា្រសាទអង្គរនៃជនជាតិខ្មែរនៅកម្ពុជា និងរូបចម្លាក់ពស់ច្រើនក្បាល ដែលបានឆ្លាក់យ៉ាងផ្ចិតផ្ចង់។ រូបថត៖ត្រុងចិញ
ដំបូលព្រះវិហារបានស្ថាបនាច្រើនជាន់​ ច្រើនស្រទាប់ តម្រួតពីលើគ្នាបង្កើតជាលំហអាកាសខ្ពស់ត្រដែត សក្តិសម​នឹង​កំ​ពូល​ស្រួចដូចជាកំពូលនៃចេតិយ។ រូបថត៖ឡេមិញ
រូបចម្លាក់ពស់ក្បាល ៥ បានតុបតែងដាក់នៅពីមុខកុដិមួយ ក្នុងវត្តព្រែកជ្រៅ។ រូបថត៖ឡេមិញ

រូបចម្លាក់សត្វគ្រុឌ បានតុបតែងដាក់នៅលើជ្រុងសសរនៃកុដិមួយនៅក្នុងវត្ត។ រូបថត៖ឡេមិញ
វត្តព្រែកជ្រៅ បានរៀបចំកុដិសាលានឹងសាលាទានយ៉ាងសមនឹងគ្នា។ រូបថត៖ ឡេមិញ

ក្បាច់រំលេចមួយផ្ទាំង បានដាក់តុបតែងនៅខាងក្រៅព្រះវិហារនៃវត្តព្រែកជ្រៅ។ រូបថត៖ត្រុងចិញ

  រូបបដិមាព្រះពុទ្ធបរិនិព្វាន ជាទីកន្លែងមួយក្នុងចំណោមទីកន្លែងទាំងឡាយ ដែលភ្ញៀវទេសចរណ៍ឈប់អុជធូប នាឱកាសមកទស្សនាវត្តនេះ។ រូបថត៖ត្រុងចិញ

ក្នុងព្រះវិហារកន្លែងដែលខ្ពស់បំផុត គឺទីសក្ការៈបូជាមានរូបបដិមាព្រះពុទ្ធដ៏ធំគង់ខាងលើ ឯរូបបដិមាព្រះពុទ្ធផ្សេងៗដែលមានឥរិយាបថខុសៗគ្នា - សម្តែងឡើងនូវការនិមិត្តខ្លួននៃព្រះពុទ្ធ។ រូបថត៖ត្រុងចិញ

លើជញ្ជាំងនិងពិតាននៃសាលានៅក្នុងវត្តបានតុបតែងដោយក្បូរក្បាច់រចនា និងផ្ទាំង​គំនូរ​ទាំង​ឡាយ​ដែល​និទាន​ឡើង​វិញ​នូវ​ជីវប្រវត្តិនៃព្រះពុទ្ធ។ រូបថត៖ឡេមិញ

  វត្តព្រែកជ្រៅក៏ដូចជាវត្តខែ្មរនានានៅតំបន់ណាមបូ វត្តជាមជ្ឈមណ្ឌលវប្បធម៌ អប់រំរបស់ភូមិស្រុក ជាទីកន្លែង​ដែល​ក្មេង​ប្រុស​មានអាយុមិនទាន់ពេញវ័យ (១៨ឆ្នាំ) បាននាំចូលវត្ត ដើម្បីសិក្សាអក្សរខ្មែរ ភាសាបាលី រៀនធម៌អាថ៌។ល។ និង​ស្វែង​យល់​​នូវអត្តសញ្ញាណជាតិ វប្បធម៌របស់ជនជាតិខ្លួនក្នុងរយៈពេលប្រហែល៣ឆ្នាំ ។ រូបថត៖ត្រុងចិញ


ជុំវិញព្រះវិហារ គឺជាចេតិយដាក់អដ្ឋិធាតុនៃអ្នកដែលចែកឋានទៅហើយ។ រូបថត៖ឡេមិញ
 

តាមទស្សនៈរបស់បងប្អូនខ្មែរ ព្រះវិហារតែងបែរមុខទៅទិសខាងកើត ពី​ព្រោះ​ពួក​គាត់​យល់​ឃើញ​ថា​មាគ៌ា​បួស​រៀន​របស់​ព្រះពុទ្ធ គឺធ្វើដំណើរពីទិសខាងលិចទៅទិសខាងកើត។ ស្ថិត​នៅ​លើ​ខឿន​ឥដ្ឋ​៣​ជាន់​កម្ពស់​១,៥​ម៉ែត្រ រួម​នឹង​ផ្លូវ​របៀង​ព័ទ្ធជុំវិញនិងជ្រុងដំបូលនៃរាល់កំពូល របស់ព្រះវិហារវត្តព្រែកជ្រៅសុទ្ធតែមាន ពូន​រាង​​កន្ទុយពស់យ៉ាងវែង ពត់​បែន​ ទន់ភ្លន់។ អណ្តែតលើផ្ទៃមេឃពណ៌បៃតង គឺ​ដំ​បូល​ព្រះ​វិហារ​បាន​រចនា​តាម​ជាន់​ ស្រទាប់ ដាក់​តម្រួត​ពី​លើ​គ្នា​បង្កើត​ជាលំហអាកាសខ្ពស់ត្រដែត សក្តិសមជាមួយកំពូលស្រួច ដូច​ជា​កំពូល​ប្រាសាទ ។ នៅលើផ្នត់​ដំ​បូល​ព្រះវិហារ​បាន​​បិទភ្ជាប់ ដោយរូបចម្លាក់នាគខ្មែរ រូបរាងនាគក្បាលពីរ ដង​ខ្លួន​នាគដេកសណ្តូក និងកន្ទុយ​នា​គ​ពើត​កោង​ឡើង​ដូច​​ជា​អណ្ដាតភ្លើងអញ្ចឹង។ ដោយការរួមផ្សំរវាងក្បាល ខ្លួន និងកន្ទុយនាគ បង្កើតបានជារូបទូក-ង - សម្បតិ្ត​រួម​របស់​បង​ប្អូន​ជនជាតិខ្មែរ នៅតាមភូមិស្រុកនីមួយៗ (អង្គភាពលំនៅដ្ឋានរបស់បងប្អូនខ្មែរក្នុងជនបទ - អ្នកយកព័ត៌មាន) និង​បាន​​រក្សា​យ៉ាង​ម៉ត់​ចត់​នៅ​ក្នុង​វត្ត​អារាម​។

ធ្វើ​ដំណើរចូលក្នុងព្រះវិហារ ភ្ញៀវទេសចរណ៍ត្រូវដោះមួក ដើរដោយបាទជើងទទេ ដើម្បីសម្ដែងការគោរព។ នៅ​ទីនេះ ទី​ខ្ពស់​បំផុតគឺទីសក្ការៈបូជា មានរូបបដិមាព្រះពុទ្ធមួយអង្គធំគង់នៅខាងលើ រូប​បដិមា​ព្រះ​ពុទ្ធ​ផ្សេង​ៗ​​ ដែល​មាន​ឥរិយាបថ​ខុសៗគ្នា - សម្តែងឡើងនូវការនិមិត្តខ្លួនរបស់ព្រះពុទ្ធតាមសម័យ កាល។ ប្រការ​ពិសេស​នៅក្នុង​ព្រះ​វិហារ​វត្ត​ព្រែក​ជ្រៅ គឺក្បាច់រំលេចនិងផ្ទាំងគំនូរច្រើនពណ៌ ដែល​បាន​តុប​តែង​នៅ​លើ​ជញ្ជាំង ពិតាននិងសសរទាំងឡាយ។ ដោយ​​​ឡែក​គឺ​ផ្ទាំង​គំនូរ​ដែល​និទាន​ឡើង​វិញ​នូវ​ជីវ​ប្រវត្តិ​របស់​ព្រះ​ពុទ្ធ​និង​​រឿងរាមកេរ្តិ៍ (កំណែរបស់ខ្មែរពីរឿង ដើម​ឈ្មោះ​​រាមាយណៈ​ច្រើនភាគ ក្នុងនិទានកថាឥណ្ឌាដ៏ល្បីឈ្មោះ) សុទ្ធ​​តែបន្សល់នៅអារម្មណ៍រំភើបឲ្យភ្ញៀវទេសចរណ៍ ពេល​មក​ទស្សនាវត្ត និង​កាន់​តែ​កោត​សរ​សើរ​នូវ​សិប្បករ​ដែលបង្កើតបានជាផ្ទាំងគំនូរទាំងឡាយនេះ។

ពីខាងក្រៅ ទល់មុខព្រះវិហារគឺ បង្គោលរាងរូបពស់ក្បាលប្រាំ សម្រាប់អុជទៀន ក្នុងពិធីបុណ្យទាននានា។ នៅ​ទីនេះ មានន័យចង់អោយយើងដឹងថា ព្រះធម៌របស់ព្រះពុទ្ធ តែងបំភ្លឺអោយមនុស្សលោក ជួយ​អោយ​មនុស្ស​ម្នារាល់គ្នា រស់នៅដោយសច្ចធម៌ ដូចជាប្រភេទពស់បានផ្សាំងដោយចិត្ត មេត្តា ករុណា មុទិតា ឧបេក្ខារបស់ព្រះ។

ក្រៅពីនេះ វត្តព្រែកជ្រៅមានការរៀបចំ កុដិ សាលា សាលាទាន ចេតិយ។ល។យ៉ាងសមនឹងគ្នា ក្នុង​នោះ​សា​លា​​ទាន​គឺ​ជា​ទីកន្លែងប្រជុំរបស់ព្រះសង្ឃនិងពុទ្ធបរិស័ទខែ្មរ ប្រើសម្រាប់ពិភាក្សារៀបចំ មុន​ពេល​ឡើង​ព្រះ​វិហារ​ធ្វើពិធីពុទ្ធ​កិច្ច​។​ សាលាទានក៏បានតុបតែងដោយក្បូរក្បាច់រចនាផ្ទាំង​គំនូរ​នៅ​លើ​ជញ្ជាំង ​និង​ពិតាន​ដែរ​។​ នៅ​ជុំ​វិញ​វិហារ​មាន​ចេតិយ​ជា​ច្រើន​​សម្រាប់ដាក់អដ្ឋិធាតុរបស់អ្នកដែលចែកឋានទៅហើយ។ នេះគឺជា លក្ខណៈ​​​សម្គាល់ឲ្យដឹងថា​ជា​វត្ត​ខ្មែរ​ នៅ​ពេល​មើល​ពីខាងក្រៅ យើង​ឃើញ​មាន​កំពូល​ចេតិយ​ស្រួច​ខ្ពស់​ត្រ​ដែត​​នៅចម្រុះជាមួយគ្នា។

មិនត្រឹមតែជាទីកន្លែងអនុវត្តសកម្មភាព សាសនា វត្តព្រែកជ្រៅក៏ដូចជាវត្តខ្មែរនានានៅតំបន់ណាមបូ នៅ​ទាំង​ជា​មជ្ឈមណ្ឌលវប្បធម៌ អប់រំ របស់ភូមិស្រុក វត្ត​នៅ​រក្សា​បាន​កម្រង​រឿង​និទាន​ប្រជា​ប្រិយ​បូរាណ​និង​បច្ចុប្បន្ន ឬមរតកវប្បធម៌ប្រពៃណី។ នៅទីនេះ ក្មេងប្រុសដែលមានអាយុមិនទាន់ពេញវ័យ ( ១៨ ឆ្នាំ) នឹង​បាន​នាំ​ចូ​​លវត្ត ដើម្បី​សិក្សា​អក្សរខ្មែរភាសាបាលី រៀនធម៌អាថ៌។ល។ និងស្វែងយល់នូវអត្តសញ្ញាណជាតិ វប្បធម៌​របស់​ជន​ជាតិខ្លួន ក្នុង​រយៈ​ពេលប្រហែល៣ឆ្នាំ៕

អត្ថបទ៖ ង្វៀនវ៉ូថាញ់ដាក រូបថត៖ ត្រុងចិញ ឡេមិញ

 

 

 

 

 

 

 

 

 

 

 

បណ្តាអត្ថបទបានផ្សាយ