07/01/2015 10:26 GMT+7 Email Print Like 0

គណបក្សប្រជាជនកម្ពុជា ប្រារព្ធពិធីមិទ្ទិញរំឮកខួបទី៣៦ នៃទិវាជ័យជម្នះ ៧មករា

ភ្នំពេញ: គណបក្សប្រជាជនកម្ពុជាបានប្រារព្ធពិធីមិទ្ទិញរំឮកខួបទី៣៦ នៃទិវាជ័យជម្នះ ៧មករា ( ៧ មករា ១៩៧៩-៧ មករា ២០១៥ )។ ពិធីជួបជុំដ៏អធឹកអធម​នោះ បានធ្វើឡើង នាព្រឹក​ថ្ងៃទី៧​មករា​នេះ នៅទីស្នាក់ការកណ្តាល គណ​បក្ស​ប្រជាជន​កម្ពុជា នៅបុរី​ចំការមន​ ក្នុងរាជធានី​ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច​ហ៊ុន​សែន អនុ​ប្រធាន​​​​គណបក្ស និងសម្តេចភរិយា​ សម្តេចហេងសំរិននិងភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់​ថ្នាក់ គណបក្ស​ន​យោ​បាយ​​​ជាដៃគូសម្ព័ន្ធភាព និងអង្គ​ទូត​​​ជាច្រើន​ទៀត​។

សម្តេចហេងសំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយស​គណបក្សប្រជាជនកម្ពុជា បាន​ឡើង​​ថ្លែង​សន្ទរកថា ក្នុងអង្គ​មិ​ទ្ទិញ​ នាព្រឹកនេះថា "យើងប្រារព្ធពិធីបុណ្យ​រំឮក​ដល់​ទិវាជ័យ​ជម្នះ​​​ជាប្រវត្តិសាស្ត្រ​នេះ ក្នុង​ស្មារតី​គោរព​ដឹង​គុណ​ដ៏​ជ្រាល​ជ្រៅបំផុត ចំពោះវីរយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិដ៏ច្រើនឥតគណនា និងវីរយុទ្ធជននៃកងទ័ព​ស្ម័គ្រចិត្ត​វៀត​ណាម​ ដែលបានប្រយុទ្ធ​ និងធ្វើ​ពលិកម្មយ៉ាង​អង់អាចក្លាហានបំផុត ដើម្បីរំដោះប្រទេសកម្ពុជា ពីរបប​ប្រល័យ​ពូជ​សាសន៍​ និង​ការពារការរស់​ឡើង​វិញ​របស់​ប្រជាជន"។

ក្នុងសន្ទរកថា សម្តេចហេងសំរិន បានរម្លឹកនូវអតីតកាលដ៏ខ្មៅងងឹតពោរពេញ​ដោយ​ការ​ឈឺចាប់​ខ្លោច​ផ្សា​រក​ទី​បំ​ផុត​គ្មាន ដែលបង្កឡើងដោយសង្គ្រាម និងអំពើ​ប្រល័យ​ពូជ​សាសន៍របស់ពួក ប៉ុល ពត បានឡើយ។

សម្តេចហេងសំរិន បានរម្លឹកពីប្រវត្តិនៃការផ្តួលរំលំរបបខ្មែរក្រហម យ៉ាងដូច្នេះថា "ចលនា​បះបោរ​នៅភូមិភាគបូព៌ា គួប​ផ្សំ​នឹងកម្លាំង​ដែលកសាងបណ្តុះបណ្តាលដោយ​សម្តេចហ៊ុនសែន កម្លាំងតស៊ូ​នៅភូមិភាគឥសាន និង​នៅ​ខេត្ត​កោះ​កុង ព្រមទាំង​ប្រជាជន​រាប់ម៉ឺននាក់ ដែលភៀសខ្លួនពីរបបប៉ុលពត ទៅប្រទេសវៀតណាម និងឡាវ បាន​ក្លាយ​ជា​មូល​ដ្ឋាននៃកម្លាំងបដិវត្ត​ន៍ដ៏ខ្លាំងក្លា​។ កម្លាំងទាំងនេះ បានធ្វើការ​ឯកភាព​​គ្នា បង្កើតឡើងរណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨"។

ក្រៅពីលើកឡើងពីប្រវត្តិតស៊ូផ្តួលរំលំរបបខ្មែរក្រហម សម្តេចហេងសំរិន ក៏បាន​លើក​ឡើង​ពីការ​រីក​ចម្រើន​លើ​គ្រប់​វិ​ស័យ​​របស់កម្ពុជា ក្នុងរយៈពេល ៣៦ ឆ្នាំកន្លងមកនេះ បន្ទាប់ពី​ជ័យជម្នះ​​ថ្ងៃ​៧មករា ១៩៧៩​។

ក្នុងឱកាសរម្លឹកខួបទី៣៦ ឆ្នាំ ថ្ងៃ៧មករា ១៩៧៩-ថ្ងៃ៧មករា ២០១៥ សម្តេច​ហេងសំរិន ក៏បាន​ឆ្លើយ​តប​នឹង​កា​រ​រិះ​គន់​​របស់មជ្ឈដ្ឋានមួយចំនួន លើថ្ងៃ៧មករា ដែលថាជាថ្ងៃវៀតណាមចូលឈ្លានពានទឹកដីកម្ពុជា​នោះ។

សម្តេចហេងសំរិន បានគូសបញ្ជាក់ថា "​អ្វីៗ​ដូច​បាន​លើកឡើង​ខាងលើ​នេះ គឺជា​សច្ចធម៌​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​​គ្មាន​ជនណាម្នាក់ ឬ​អនុភាព​ណាមួយ​អាច​មក​បំផ្លាញ ឬ​មួលបង្កាច់​បានឡើយ​។ ការសប្បាយ​រីករាយរ​បស់​យើង នៅ​ថ្ងៃនេះ គឺ​ពិតជា​ផ្តើមចេញ​ពី​ជ័យជម្នះ​៧​មករា បើ​គ្មាន​ជ័យជម្នះ​៧​មករា តើ​ធ្វើ​ម្តេច​យើង​អាច​មាន​អ្វីៗ​នៅ​ថ្ងៃនេះ​បាន​? គឺ​ពិតជា​មិន​អាច​ទេ​។ ប៉ុន្តែ​ទោះបីជា​ដូច្នេះ​ក្តី ក៏​៣៦​ឆ្នាំ​មកនេះ នៅតែ​មាន​ក្រុម​ជន និង​មជ្ឈដ្ឋាន​អគតិ​មួយចំនួន បន្ត​​ប្រឆាំងនឹង​ជ័យជម្នះ​៧​មករា​ទៀត អាស្រ័យ​ដោយ​មហិច្ឆតា​នយោបាយ​ដ៏​ពិសពុល និង​គ្រោះថ្នាក់​បំផុត​របស់​ពួក​គេ​​។ មកដល់​ពេលនេះ​ហើយ យើង​ពិតជា​មិន​ចង់​ប្រើប្រាស់​ពេលវេលា​ដោយ​ឥត​ប្រយោជន៍​តបត​ទៅ​នឹង​ទស្សនៈ និង​សកម្មភាព​មិន​ត្រឹមត្រូវ​បែប​នោះឡើយ ប៉ុន្តែ​ក្រុម​ជន និង​មជ្ឈដ្ឋាន​អគតិ​ទាំង​នោះ មិន​គ្រាន់តែ​មិន​ទទួលយក​ការពិត​ក្នុង​​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ​ទេ ពួកគេ​ថែមទាំង​ប្រឌិត​កាឡៃ​ប្រវត្តិសាស្ត្រ​ថែមទៀត ហើយ​ជំរុញ​ការឃោសនា​ឥត​ឈប់​ឈរ​ ធ្វើឲ្យ​មនុស្ស​មួយចំនួន​មាន​ការស្រ​ពេចស្រ​ពិល និង​យល់​ខុស​ចំពោះ​ប្រវត្តិសាស្ត្រ​។ ក្រុម​អ្នក​វង្វេង​ប្រវត្តិសាស្ត្រ​ទាំង​នោះ បាន​ឃោសនា​ដដែលៗ មួលបង្កាច់​ថ្ងៃ​ជ័យជម្នះ ៧​មករាថា​ជា​ថ្ងៃ ដែល​កម្ពុជា​បាត់បង់​ឯករាជ្យ ក្រោម​ការ​ឈ្លាន​ពាន​របស់​កងទ័ព​វៀតណា​ម​ទៅវិញ​។ ការពិត​ជាក់ស្តែង បាន​បង្ហាញ​ច្បាស់​ថា វត្តមាន​នៃ​កងទ័ព​ស្ម័គ្រចិត្ត​វៀត​ណាម​គឺជា​ការឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់រ​ណ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែលជា​អង្គការ​ចាត់តាំង​ស្រប​ច្បាប់​​តែមួយគត់​របស់​ប្រជាជន​កម្ពុជា នៅក្នុង​ដំណាក់កាល​នោះ ព្រោះ​ថា​អង្គការ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា គឺ​ជា​តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ដែល​មាន​បំណង​រើបម្រះ​ក្រោកឈរ​តស៊ូ​រំដោះខ្លួន ពី​របប​ប្រល័យ​ពូជសាសន៍​។ ក្នុង​កាលៈទេសៈ​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៅពេលនោះ ប្រជាជន​កម្ពុជា ដែល​គ្មាន​កម្លាំង និង​លទ្ធភាព​ដើម្បី​​រំដោះ​ខ្លួន​ពី​សេចក្តីស្លាប់​ក្នុង​របបប៉ុលពតមាន​សិទ្ធិ​ពេញលេញ​ ក្នុងការ​អំពាវនាវ​រក​ការជួយឧបត្ថម្ភ​ពី​ខាងក្រៅ​ដើម្បី​​​ផ្តួលរំលំ​របប​ដ៏​ឃោ​ឃៅ​នេះ​។ ប្រវត្តិ​សាស្ត្រ​​​បែបនេះ ក៏​ធ្លាប់​កើតមាន​រួច​មក​ហើយ​នៅ​ប្រទេស​ជាច្រើន លើ​ពិភព​លោក​​។ គេ​ត្រូវតែ​យល់​ឲ្យ​ច្បាស់​ថា បើ​គ្មាន​ការកាប់សម្លាប់និង​បង្ក្រាប​របស់​របប ប៉ុលពត វា​ពិតជា​គ្មាន ការ​ក្រោក​ឈរ​​តស៊ូរ​របស់​ប្រជាជន​កម្ពុជា​ទេ ហើយ​បើ​គ្មាន​កម្លាំង​ប្រជាជន​កម្ពុជា​តស៊ូ ក៏​មិន​អាច​នាំ​ទៅដល់​ការជួយឧបត្ថម្ភ​របស់​​វៀតណាម​នោះ​ដែរ​។ ការជួយ​ឧបត្ថម្ភ​នេះ ជា​ការរួមវិភាគទាន​ក្នុង​ការជួយ​រំដោះ​ប្រជាជន​កម្ពុជា​ពី​ពួក​ឃាតក និង​​ជួយ​ការពារ​ការ​រស់​ឡើង​វិញ​របស់​កម្ពុជា ប្រឆាំង​ការប៉ុនប៉ង​វិលត្រឡប់​មក​វិញ​របស់​ពួក​ប៉ុល ពត​។ កងទ័ព​ស្ម័គ្រ​ចិត្ត​​វៀតណាម​បាន​ធ្វើ​មាតុភូមិនិវត្តន៍​ជា​បន្តបន្ទាប់ ចាប់ពី​ឆ្នាំ​១៩៨២ និង​បាន​ធ្វើ​មាតុភូមិនិវត្តន៍​ទាំងស្រុង នៅ​ខែ​កញ្ញា ឆ្នាំ​​១៩៨៩ ពេល​ដែល​កម្លាំង​កម្ពុជា​ផ្ទាល់​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការបំពេញ​ភារកិច្ច​ការពារ​ជាតិ​ខ្លួន​។ ដូច្នេះ​ក្រុម​ជន​ និង​មជ្ឈដ្ឋាន​អគតិ​ទាំង​នោះ ត្រូវ​ឈប់​កាឡៃ​ប្រឌិត​ប្រវត្តិសាស្ត្រ ដែល​គ្រាន់តែ​បង្ក​ឲ្យមាន​សតិអារម្ម​ណ៍ ជាតិ​និយម​​ជ្រុល និង​ការ​គុំគួន​រវាង​ជាតិនិង​ជាតិ​ប៉ុណ្ណោះ​"​។

​សម្តេច​ហេង​សំរិន បន្តថា "​នៅក្នុង​បរិការណ៍​នេះដែរ ការប្រព្រឹត្តទៅ​នៃ​អង្គជំនុំជម្រះ វិសាមញ្ញ​នៅ​ក្នុង​តុលាការ​កម្ពុជា ដើម្បី​​កាត់សេចក្តី​ឧក្រិដ្ឋកម្ម ដែល​បាន​ប្រព្រឹត្ត​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ដែល​បាន​ចេញ​សាលក្រម​វិនិច្ឆ័យ​​ទោស ចំពោះ​អតីត​អ្នកដឹកនាំ​ជាន់​ខ្ពស់​បំផុត​នៃ​របប​ដ៏​យង់ឃ្នង​នេះ ចំនួន ២​រូប កាលពី​ថ្ងៃ​៧ ខែ សីហា ឆ្នាំ​២០១៤​ កន្លងមក បាន​ការពារ​សច្ចធម៌​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ដោយ​ផ្តល់​យុត្តិធម៌​ដល់​ប្រជាជន​កម្ពុជា ជា​យុត្តិធម៌​ដែល​​យើង​បាន​រង់ចាំ​អស់​រយៈពេល ៣៥​ឆ្នាំ និង ៧​ខែ ទើបបាន​ទទួល​"​៕ 


គណបក្សប្រជាជនកម្ពុជា បានប្រារព្ធពិធីមិទ្ទិញរំឮកខួបទី៣៦ នៃទិវាជ័យជម្នះ ៧មករា ( ៧ មករា ១៩៧៩-៧ មករា ២០១៥ )

តាមគេហទំព័រ៖http://www.cen.com.kh/

បណ្តាព័ត៌មានបានផ្សាយ