11/01/2018 09:19 GMT+7 Email Print Like 0

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ដោយនិរន្តរភាព


កិច្ចប្រជុំកំពូលសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី ២ បានប្រារព្ធនាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាដោយមានការចូលរួមរបស់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃប្រទេស​ចំនួន ៦ រួមមាន កម្ពុជាចិន មីយ៉ាន់ម៉ា ឡាវ ថៃនិងវៀតណាម។

 រដ្ឋមន្រ្តីការបរទេសនៃប្រទេសសមាជិកទាំង៦ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង
លើកទី៣ នាខែធ្នូ ឆ្នាំ២០១៧ នៅ Yunnan ប្រទេសចិន (រូបថត៖ TTXVN)


ក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាព” នោះ កិច្ចប្រជុំគឺសំដៅជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ ដើម្បីកសាងសហគមន៍មានការទទួលខុសត្រូវនិងផលប្រយោជន៍រួមក្នុងអនុតំបន់។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ គណប្រតិភូ វៀតណាមដឹកនាំដោយនាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc បានរួមវិភាគទានយ៉ាងសកម្មទៅក្នុងកិច្ចសហប្រតិបតិ្តការមេគង្គ-ឡានឆាង។

កិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង ត្រូវបានរៀបចំឡើងជារៀងរាល់២ឆ្នាំម្ដង តាមបែបប្ដូរវែនរវាងក្រុមប្រទេសសមាជិក។ កិច្ចប្រជុំឆ្នាំនេះត្រូវបានរៀបចំឡើង ក្រោមសហប្រធានរបស់កម្ពុជានិងចិន។ កិច្ចប្រជុំនឹងផ្តោតសំខាន់លើការពិភាក្សាស្ដីពី បញ្ហាគ្រប់គ្រងធនធានទឹក ការតភ្ជាប់និងសហប្រតិបតិ្តការផលិតកម្ម កិច្ចសហ ប្រតិបតិ្តការសេដ្ឋកិច្ចឆ្លងដែន កសិកម្ម និងការកាត់បន្ថយភាពក្រីក្រ។ កិច្ចប្រជុំនេះក៏ត្រូវបានរំពឹងទុកថា នឹងអនុម័តលើឯកសារមួយចំនួន ក្នុងនោះមានសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ និងផែនការសកម្មភាព ៥ ឆ្នាំនៃកិច្ចសហប្រតិបតិ្តការ មេគង្គ-ឡានឆាង២០១៨-២០២២ ជាដើម។

 រួមគ្នាប្រើប្រាស់តាមបែបវិទ្យាសាស្ត្រនិងប្រកបដោយចីរភាពនូវប្រភពទឹកទន្លេមេគង្គ

អនុតំបន់មេគង្គមានឱកាសជាច្រើនដើម្បីបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ប៉ុន្តែក៏ត្រូវប្ឈមមុខនឹងការសាកល្បងធំទាំងខាងសន្តិសុខនិងវឌ្ឍនភាពដែរ ជាពិសេសគឺបញ្ហាបំពុលបរិស្ថាន ប្រភពទឹកនិងបម្រែបម្រួលអាកាសធាតុ។ ក្នុងកាលៈទេសៈនោះ កិច្ចសហប្រតិបតិ្តការមេគង្គ-ឡានឆាងអាចដើរតួនាទីសំខាន់ ក្នុងការជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាពនៅអនុតំបន់មេគង្គ ពង្រឹងទំនាក់ទំនងជាអ្នកជិតខាងល្អប្រសើររវាងប្រទេសទាំង ៦ ជួយឧបត្ថម្ភអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ហើយធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិនផងដែរ។

នៅកិច្ចប្រជុំកំពូលសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី ១ នាខែមិនា ឆ្នាំ២០១៦កន្លងទៅ ប្រទេសសមាជិកទាំង៦បានឯកភាពលើទិសដៅធំៗសំរាប់យន្តការសហប្រតិបត្តិការ។ បណ្ដាប្រទេសបានបង្កើតឡើងយន្តការសន្ទនាជា ច្រើនដូចជា កិច្ចប្រជុំកំពូល កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM)។
ក្រៅពីនោះ មជ្ឈមណ្ឌលសហប្រតិបត្តិការអំពីធនធានទឹក កិច្ចសហប្រតិបត្តិការអំពីបរិស្ថានទន្លេមេគង្គ-ឡានឆាង មជ្ឈមណ្ឌលស្រាវជ្រាវទន្លេមេគង្គសកលក៏ត្រូវបានបង្កើតឡើងផងដែរ។ គម្រោងការណ៍មួយចំនួនត្រូវបានដំណើរការរួចរាល់ដូចជា វេទិកាសហប្រតិបត្តិការនារីនិងវេទិកាសហប្រតិបត្តិការបណ្ដាទីក្រុងទេសចរណ៍មេគង្គ-ឡានឆាង ជាដើម។

ការចូលរួមមានការទទួលខុសត្រូវរបស់វៀតណាម

ដោយយល់ដឹងច្បាស់នូវតួនាទីនិងអត្ថន័យរបស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ចំពោះការអភិវឌ្ឍន៍ប្រកបដោយចីភាពនិងវិបុលភាពនៃអនុតំបន់ មេគង្គនោះ វៀតណាមជានិច្ចកាលចូលរួមយ៉ាងសកម្មចាប់ពីដំណើរការបង្កើតយន្តការសហប្រតិបតិ្តការនេះ។ រាល់ការរួមវិភាគទានរបស់វៀតណាម ក្នុងនោះ មានសំណើរស្ដីពីកិច្ចសហប្រតិបតិ្តការប្រភពទឹកនិងការតភ្ជាប់សេដ្ឋកិច្ច សុទ្ធតែត្រូវបានគាំទ្រ។

វៀតណាមក៏បំផុសយ៉ាងសកម្មនូវគម្រោងការណ៍ដែលនាំមកនូវផលប្រយោជន៍ជាក់ស្ដែង និងសមស្របជាមួយអាទិភាពនៃកិច្ចសហប្រតិបតិ្តការមេគង្គ-ឡានឆាង ជាពិសេសគឺគម្រោងការណ៍បង្កើនកិច្ចសហការទប់ទល់នឹងគ្រោះ​ ទឹកជំនន់និងគ្រោះរាំងស្ងួតក្នុងតំបន់។

វៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយចិននិងប្រទេសផ្សេងៗ ក្នុងអនុតំបន់មេគង្គ ក្នុងការអនុវត្តគម្រោងការណ៍រួមអំពីការបង្កើតមជ្ឈមណ្ឌលសហប្រតិបតិ្តការប្រភពទឹកមេគង្គ-ឡានឆាង សំដៅចែករំលែកព័ត៌មាន លើកកំពស់ សមត្ថភាពគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព។ 

ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២របស់ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បង្ហាញនូវការគោរពរបស់វៀតណាម ចំពោះកិច្ចសហប្រតិបតិ្តការមេគង្គ-ឡានឆាង ពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-កម្ពុជាក៏ដូចជាទំនាក់ទំនងសហប្រតិបតិ្តការ​យុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ