ទទួលតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាអូស្ត្រាលី ដឹកនាំដោយលោក Tony Smith ប្រធានរដ្ឋសភា បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពី ថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាអូស្ត្រាលី លោក Tony Smith (ប្រភពរូបភាព៖ VOV)
ពិធីទទួលបដិសណ្ឋារកិច្ច បានប្រារព្ធឡើង នាពេលរសៀលថ្ងៃទី២៣ ខែកក្កដា នៅទីក្រុងហាណូយ។ បន្ទាប់ពីពីធីទទួលស្វាគមន៍មក ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជាអធិបតីជំនួបពិភាក្សាជាមួយប្រធានរដ្ឋសភា អូស្ត្រាលី លោក Tony Smith ផងដែរ។
ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះការដែលអូស្ត្រាលីបន្តផ្តល់អាទិភាពលើប្រភពជំនួយអភិវឌ្ឍន៍ ODA សម្រាប់វៀតណាម។ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យអូស្ត្រាលី បន្តជួយឧបត្ថម្ភវៀតណាមលើវិស័យមួយចំនួនដែលវៀតណាមមានតម្រូវការដូចជា ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន អភិវឌ្ឍន៍កសិកម្ម-ជនបទ កាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្សមានគុណភាពខ្ពស់ជាដើម។
ទិដ្ឋភាពនៃជំនួប
ឯខ្លួនវិញ ប្រធានរដ្ឋសភាអូស្ត្រាលី លោក Tony Smith បានអះអាងថា ដំណើរទស្សនកិច្ចនេះរបស់លោក គឺសំដៅជម្រុញថែមទៀតសកម្មភាពរបស់រដ្ឋសភាទាំងពីរនិងប្រទេសទាំងពីរវៀតណាមនិងអូស្ត្រាលី។ ប្រធានរដ្ឋសភាអូស្ត្រាលី លោក Tony Smith មានបំណងថា នាពេលខាងមុខ ភាគីទាំងពីរនឹងជម្រុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ រដ្ឋាភិបាលនៃប្រទេសទាំងពីរឲ្យបានខ្លាំងក្លាថែមទៀត។
ទិដ្ឋភាពនៃជំនួប
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភា អូស្ត្រាលីលោក Tony Smith បានសង្កត់ធ្ងន់ថា ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរកាន់តែមានភាពជឿទុកចិត្តគ្នាទៅវិញទៅមក។ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជ កម្មនិងវិនិយោគ អូស្ត្រាលីបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មនិងវិនិយោគជួរមុខរបស់ វៀតណាម ក្នុងនោះ ទំហំពាណិជ្ជកម្មកើន៧%ជារៀងរាល់ឆ្នាំ ពោលគឺទទួលបានជិត ៦,៥ពាន់លានដុល្លាក្នុងឆ្នាំ២០១៧ហើយរយៈ៦ខែដើមឆ្នាំ២០១៨នេះទទួលបាន៣,៦២ ពាន់លានដុល្លា។ ប្រធានរដ្ឋសភាទាំងពីររូបក៏បានឯកភាពគ្នាថា លើវិស័យការពារជាតិ-សន្តិសុខ ទំនាក់ទំនងគឺកាន់តែជាក់ស្តែងនិងស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺភាគីទាំងពីរបានរួមសហការគ្នា ចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។
ទិដ្ឋភាពនៃជំនួប
ស្តីពីស្ថានភាពនៅសមុទ្រខាងកើត ប្រធានសភាទាំងពីររូបសុទ្ធតែគាំទ្រនិងឯក ភាពលើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍ក្នុងតំបន់ ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។
នាយប់ថ្ងៃទី២៣ខែកក្កដា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជាអធិបតីពិធីជប់លៀងអបអរសាទរប្រធានរដ្ឋសភាអូស្ត្រាលី លោក Tony Smith៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម