ព័ត៌មាន
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជាអធិបតីពិធីទទួល បដិសណ្ឋាកិច្ចនាយករដ្ឋមន្រ្តីទួរគី
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) អញ្ជើញជាអធិបតីពិធីទទួល
បដិសណ្ឋាកិច្ចនាយករដ្ឋមន្រ្តីទួរគីលោក Binali Yildirim (រូបថត៖VOV)
ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីសាធារណៈរដ្ឋទួរគីលោក Binali Yildirim បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា។ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតី ពិធីទទួលបដិសណ្ឋាកិច្ច នាយករដ្ឋមន្រ្តីទួរគីលោក Binali Yildirim។
បន្ទាប់ពីពិធីទទួល នាយករដ្ឋមន្រ្តីទាំង២រូបបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរដ្ឋាភិបាលទាំង២ដំណើរការកិច្ចចរចារ។ ស្ដីពីទំនាក់ទំនងនយោបាយ ភាគីទាំង២បានឯកភាពបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ លើកទឹកចិត្តទំនាក់ទំនងសហប្រតិបតិ្តការរវាងក្រសួង ស្ថាប័ននិងតំបន់នានានៃប្រទេសទាំង២។ នាយករដ្ឋមន្រ្តីទាំង២ក៏បានផ្លាស់ប្ដូរទស្សនៈអំពីគោលជំហរ វិធានការដើម្បីជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំង២ ហើយអះអាងថា រដ្ឋាភិបាលទាំង២សន្យាខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគី ឡើងដល់ទៅ៤ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។
អញ្ជើញថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពី កិច្ចចរចារ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖ "យើងខ្ញុំអះអាងថា កិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មជាអាទិភាពចម្បង ឆ្ពោះទៅគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីចំនួន៤ពាន់លានដុល្លាអាមេរិក នាឆ្នាំ២០២០។ ខ្ញុំនិងលោកនាយករដ្ឋមន្ត្រី Yildirim សន្យាបង្កលក្ខណៈងាយស្រួលសំរាប់តំបន់ សហគ្រាសនានានៃប្រទេសទាំង២ធ្វើអាជីវកម្មនិងវិនិយោគលើវិស័យដែលភាគីទាំង២មានឧត្តមភាព"។
នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញទទួលជួបសន្ទនា ជាមួយនាយករដ្ឋមន្រ្តីទួរគីលោក Binali Yildirim ផងដែរ។ ដើម្បីបង្កើនទំនាក់ទំនងសហប្រតិបតិ្តការ រវាងប្រទេសទាំង២នាពេលខាងមុខ លោកស្រីប្រធានរដ្ឋសភាចាត់ទុកថា ភាគីទាំង២ចាំបាច់ត្រូវរក្សា ជំរុញដំណើរទស្សនកិច្ច ជំនួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ហើយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិនានាដែលប្រទេសទាំង២ជាសមាជិក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម