18/08/2017 13:24 GMT+7 Email Print Like 0

លក្ខណៈវប្បធម៌ជនជាតិខ្មែរ

ទៅ​កាន់​វាល​ទំនាប​ទន្លេ​គឺ​ឡុង​ ទស្សនា​តាម​តំបន់ដី​ខេត្ត​​ត្រាវិញ​ (Tra Vinh) ខេត្តសុក​ត្រាំង​ (Soc Trang)​ ខេត្តកៀន​យ៉ាង​ (Kien Giang) ខេត្តអាន​យ៉ាង (An Giang) ​...។ល។ យើង​ខ្ញុំ​ងាយ​ស្រួល​សម្លឹង​ឃើញ​​តំបន់​​​ប្រជុំជន​ មាន​បងប្អូនជន​ជាតិ​ខ្មែរ​រស់​នៅ​យ៉ាង​កុះករ​។ ពីព្រោះទី​​នោះ មាន​វត្តអារាម​ខ្មែរ​ បាន​កសាង​​​តាម​បែប​ស្ថាបត្យកម្ម​​វត្ត​ថេរវាទ​ដ៏វិចិត្រ​ តម្កល់​ខ្លួន​លេច​អណ្តែត​​លើ​ទី​ទួល​ខ្ពស់​ ទូលាយ​។ បរិវេណ​​ខាងក្រៅ​​វត្ត មាន​ភូមិ​ស្រុក​​ជនជាតិ​ខ្មែរ​រស់​​នៅ​យ៉ាង​​​សុខ​សាន្ត ​ជាមួយ​ពិធី​បុណ្យ​វប្បធម៌​ពោរ​ពេញ​​លក្ខណៈ​សញ្ជាតិខ្មែរ​។​

 វត្ត​អារាម​ “បេះដូង​” នៃ​បងប្អូន​ជនជាតិ​ខ្មែរ​​

​យើង​​​ខ្ញុំ​ធ្វើ​ដំណើរ​តាម​មិត្ត​ជនជាតិ​ខ្មែរម្នាក់​ ឈ្មោះ​ថាច់​រី​កើង​ ទៅ​លេង​ស្រុក​​កំណើត​​ខេត្ត​ត្រាវិញ​ (Tra Vinh) ​ក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។​ ទីកន្លែង​ ដែល​មិត្តរី​កើង​នាំ​យើង​ខ្ញុំ​ទៅ​លេង​មុន​ដំបូង​បង្អស់​ មិន​មែន​ជា​ផ្ទះ​របស់​ខ្លួន​ តែ​​ជា​​មណ្ឌល​វត្តអារាម​ខ្មែរ​ មានឈ្មោះ​​ថា​ស្វាយ​សៀម​ថ្មី​។ មិត្ត​រី​កើង​ ទៅ​ក្រាប​​ថ្វាយ​បង្គំ​ព្រះចៅ​អធិការវត្ត​ ​​ថាច់​ញ៉ឹក​ ដែល​ជា​គ្រូ​បង្ហាត់​បង្រៀន​កាល​ពី​មុខ​របស់​គាត់​។ នោះជា​របៀប​ដែល​ពុទ្ធបរិសទ្យ​ជនជាតិ​ខ្មែរ​ បង្ហាញ​ពី​ទឹក​​​ចិត្ត​គោរព​ស្រឡាញ់​ ដឹង​គុណ​ដល់​ព្រះអង្គ​។​
 
មិត្ត​ថាច់​រី​កើង​ឲ្យ​ដឹង​ថា៖ វត្ត​អារាម​ជា​ទីគោរព​​សក្ការ​បូជា​ និង​សំខាន់​បំផុត​របស់​ជនជាតិ​ខ្មែរ​ ហើយ​មួយ​ជីវិត​នៃ​​​ជន​ជាតិ​ខ្មែរម្នាក់ ដែល​​​​រស់​នៅ​ក្នុង​ខេត្ត​ត្រាវិញ ​(Tra Vinh) ជាស្រុក​កំណើតរបស់​​គាត់​ ស្ទើរ​តែទាំងអស់​​​បាន​ផ្សារភ្ជាប់​​ជាមួយ​វត្ត​អារាម​។​



 ចំពោះ​ជនជាតិ​ខែ្មរ​ វត្ត​អារាម​ជា​ទី​គោរព​សក្ការ​បូជា​ និង​សំខាន់​បំផុត​។ រូបថត៖ ង្វៀ​ន​ឡឹន​

 
ខ្លោង​ទ្វារ​និង​ជញ្ជាំង​របង​ពទ្ធ​ជុំ​វិញ​វត្ត​ បាន​តុប​តែង​ដោយ​រូប​ភាព​​សិល្បៈ​ បន្ទំ​ក្បូរ​ក្បាច់​រចនា​ ពណ៌​នា​ពី​ជីវប្រវត្តិ​ព្រះពុទ្ធ​
សាង​ដោយ​សិប្បករ​ខ្មែរ​។​ រូបថត៖ ង្វៀន​ឡឹន​


 
ជនជាតិ​ខ្មែរពេល​​ស្លាប់​ទៅ មានទំនៀម​ទម្លាប់​បូជា​ព្រះភ្លើង​ យក​ធាតុ​​ទៅ​​បញ្ចុះ​នៅ​ក្នុង​ចេតិយ​ក្នុង​​បរិវេណ​វត្ត​។​ រូបថត៖ ង្វៀន​ឡឹន​

 
បរិយាកាស​ព្រះវិហារ​នៃ​វត្ត​អារាម​ខ្មែរ ​​បាន​រៀបចំតុប​តែង​ផ្ទាំង​គំនូរ​ធំៗ​ ដែលមាន​ខ្លឹម​សារ​ពណ៌នា​ពី​ពុទ្ធប្បវត្តិ​។ រូបថត៖ ង្វៀន​ឡឹន​


 សកម្មភាព​សាសនា​មួយពេល ​របស់​ជនជាតិ​ខ្មែរ​ នៅ​ខាង​ក្នុងសាលាឆទាន​​​​​វត្ត​មួយ​។​ រូបថត៖ ង្វៀន​ឡឹន​

 យុវតី​ខ្មែរ​សម្តែង​របាំប្រពៃណី​របស់​ជនជាតិ​ខ្លួន​ នៅ​វត្ត​ឃ្លាំង​ ជា​វត្ត​មួយ​ក្នុង​ចំណោម​វត្ត​ធំបំផុត​ នៅ​ខេត្ត​សុក​​ត្រាំង​ (Soc Trang)។​
រូបថត៖​ មិញ​ក្វឹក​

តាម​ដីការ​ព្រះចៅ​អធិការ​ថាច់​ញ៉ឹក​ តាំង​ពីយូរ​ នារី​ខ្មែរ​មិន​ចាំបាច់​ទៅ​សាង​ផ្នូស​បួស​នៅក្នុង​​វត្ត​ រី​ឯបុរសវិញ​​ពេល​ធំ​ពេញ​វ័យ ​ត្រូវមាន​ពេលវេលា​ចូលទៅ​​វត្ត​សិក្សា​ចំណេះ​ដឹង​និង​បំពេញ​កុសល​។ បើ​មិន​ទាន់​បាន​បួស​នៅ​ក្នុង​វត្ត​ គឺ​មិនទាន់​បាន​ទទួល​ស្គាល់​ជា​អ្នក​ពេញ​លក្ខណៈ​។​


ជនជាតិ​ខ្មែរ​ ភាគ​ច្រើន​កាន់ព្រះពុទ្ធសាសនា​ថេរវាទ​​ ហេតុ​នេះ​វត្ត​មាន​អត្ថន័យជា​ទី​​គោរព​សក្ការ​​​​បូជា​ និង​សំខាន់​នៅ​ក្នុង​ជី​វភាព​រស់​នៅ​។ នៅ​តំបន់​ភូមិ​ភាគ​ខាង​ត្បូង​ សព្វថ្ងៃ​មានវត្ត​អារាម​ខ្មែរ​​ប្រហែល​៦០០វត្ត​​​ធំ​តូច​ មាន​ព្រះសង្ឃ​ជាង​១០.០០០ព្រះអង្គ​​ ក្នុង​ចំណោម​នោះ​មាន​វត្ត​​បាន​កសាង​មុន​នេះ​រាប់​សិប​សតវត្សរ៍​ ហើយ​បាន​ទទួល​ស្គាល់​ជា​កេរដំណែល​វប្បធម៌​ កេរដំណែល​ស្ថាបត្យកម្ម​​សិល្បៈ​លំដាប់ជាតិ​ ដូចជា៖ វត្ត​អង្គ​ វត្ត​កំពង់ វត្ត​កំពង់​ជ្រៃ​ វត្ត​មហាទប់​...។ល។​


សហគមន៍​ជនជាតិ​ខ្មែរ​ មាន​ភាសា​និង​អក្សរ​ដោយឡែក​។ ក្នុង​វេលា​សិក្សា​អក្សរ​នៅ​ក្នុង​វត្ត​ នឹង​រួម​ចំណែក​​ជួយ​យុវជន​ខ្មែរ​ រៀន​សរសេរ​អក្សរ​ បញ្ចេញ​សូរ​សព្ទ​ត្រឹម​ត្រូវ​តាម​បែប​ភាសា​ខ្មែរ​និង​បាលី​។ ក្រៅ​ពី​នោះ សមណៈសិស្ស​ សិស្សានុសិស្ស​​នៅ​បាន​សិក្សា​អំ​ពីធម៌អាថ៌​ព្រះពុទ្ធ​ យល់​ដឹង​បន្ថែម​ពី​ច្បាច់​សុជីវធម៌​​ សីលធម៌​ រួម​ចំណែក​រក្សា​និង​អភិវឌ្ឍន៍​​​អក្សរសាស្រ្ត​ ភាសា​​ ក៏ដូចជា​រក្សា​វប្បធម៌​​ប្រពៃណី​របស់​ជនជាតិ​ខ្លួន​ដែរ។​
 
បន្ទាប់ពី​ពេល​សិក្សា​នៅ​ក្នុង​វត្ត​ ពួកគាត់​​​អាច​ជ្រើស​ផ្លូវ​បួល​អស់​មួយ​ជីវិត​តាម​ទ្រឹស្តី​ព្រះពុទ្ធ​ ឬលាចាកសិក្ខាបទ​ ត្រឡប់​មកជាមួយ​​ជីវភាពជា​​គ្រហស្ថ​ យក​​ចំណេះដឹង​បម្រើ​ខ្លួន បម្រើ​សហគមន៍​ដូចជា​មិត្ត​រីកើង​របស់​ខ្ញុំ ​​សព្វថ្ងៃ​ជាអ្នក​បក​ប្រែ​ភាសា​ខ្មែរ ​​បម្រើ​ការ​ងារ​នៅ​ការិយាល័យ​និពន្ធ​កាសែត​ពហុភាសា ​នៅ​ទីក្រុង​ហូជី​មិញ​។​
 
ថាច់​រីកើង​ឲ្យ​ដឹង​ថា មិត្ត​រួម​ជាតិ​របស់​គាត់​នៅ​ខេត្ត​ត្រាវិញ (Tra Vinh) ជាច្រើន​​នាក់​ បាន​តាមរៀន​យក​​​មុខរបរ​ជាង​ឈើ របរធ្វើទូក​​ង របរ​ចម្លាក់​​ នៅ​ក្នុង​វត្តអារាម​​ខ្មែរ​ ជួយ​ពួកគាត់​​មាន​ការងារធ្វើ​ ហើយ​ក៏​ជា​របៀប​រក្សា​មុខ​របរ​ប្រពៃណី​របស់​ជនជាតិ​ខ្លួនផង​ដែរ​។​


 វត្ត​ក៏ជា​ទីកន្លែង​បណ្តុះ​បណ្តាល​មុខ​របរ​ជាង​ឈើ  ចម្លាក់​ប្រពៃណី​ របស់​ជនជាតិ​ខ្មែរ។​ រូបថត៖ ង្វៀនឡឹន​

 ព្រះសង្ឃ​វត្ត​កំពង់​ (ត្រាវិញ​ - Tra Vinh) ប្រើ​ដី​ឥដ្ឋ​សាង​ភ្នំ​តម្កល់​ក្បាល​ព្រហ្ម​ ត្រៀម​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។ រូបថត៖​ ង្វៀន​ឡឹន​

 
សមណៈសិស្ស​សិក្សា​អក្សរ​ខ្មែរ​នៅ​ក្នុង​វត្ត​កំពង់​ (ត្រាវិញ - Tra Vinh)​)។ រូបថត៖ ង្វៀន​ឡឹន​

 អ្នក​ស្រុក​អុជ​ធូប​រលឹក​គុណ​ព្រះពុទ្ធ​ និង​សុំ​សេចក្តី​សុខ​ ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។ រូបថត៖ ង្វៀន​ឡឹន​

 ពុទ្ធបរិសទ្យ​គោរព​ស្តាប់ដីការ​​ព្រះសង្ឃ​​​​។​ រូបថត៖​ ង្វៀន​ឡឹន​

ទន្ទឹមនោះ ជនជាតិ​ខ្មែរ​នៅ​រក្សាបានមុខ​​របរ​សិប្បកម្ម​ប្រពៃណី​ ដូចជា៖ តម្បាញ​កន្ទេល តម្បាញ​ឫស្សី​ តម្បាញ​សំពត់​ ធ្វើ​សេរាមិច​ ធ្វើ​របាំង​មុខ​ ធ្វើ​ចាប៉ី​ពិណ​ ស្គរ​...។ល។ ផលិត​ផល​ធ្វើ​ចេញ​ក្រៅពី​ជួយ​អ្នក​ស្រុក​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​ នៅ​ទាំង​ជួយ​ទំនុក​បម្រុង​វត្ត​អារាម​​ក្នុង​ថ្ងៃ​បុណ្យ​ទាន​។​
 
លក្ខណៈ​វប្បធម៌​ផ្សេងមួយ​ បានឲ្យឃើញថា ​វត្តអារាម​មាន​សារៈ​សំខាន់​ក្នុង​ជីវភាព​រស់​នៅ​របស់​ជនជាតិ​ខ្មែរ​ នោះ​គឺ​ពេល​ចែក​ឋាន​ទៅ​ រាង​កាយ​នឹង​បាន​បូជា​​ព្រះអគ្គី​ ហើយ​ធាតុ​​របស់​ពួក​គាត់​នឹង​បាន​បញ្ចុះ​ទៅ​​ក្នុង​ចេតិយ នៅ​ក្នុង​បរិវេណ​​​វត្ត​។ ដូចនេះ​​អាច​ឃើញថា​មួយ​ជីវិត​របស់ជនជាតិ​ខ្មែរ​ តែង​ផ្សារភ្ជាប់ជាមួយវត្ត​អារាម​ ហើយ​ខណៈ​ពេល​ចែក​ឋាន​ ពួក​គាត់​ក៏​នៅតែ​ផ្សារភ្ជាប់ ជាមួយ​ទីកន្លែង​គោរ​ពសក្ការ​បូជា​ពិសិដ្ឋ​នេះ​ដែរ​។​
 
ភាពរស់​រវើក​នៃ​ពិធី​បុណ្យ​ទាន​របស់​ជនជាតិ​ខ្មែរ
 
យើង​ខ្ញុំ​និង​មិត្ត​ថាច់​រី​កើង ​ចុះទៅ​ស្រុក​ថ្កូវ​ ខេត្ត​ត្រាវិញ (Tra Vinh) ​ជា​ច្រើន​លើក​ច្រើនសា ជា​ស្រុក​ជម្រៅ​លំនៅ​ឆ្ងាយ​​ ដែល​មាន​សហគមន៍​ជនជាតិ​ខ្មែរ​រស់​នៅកុះករ​​​​បំផុត​របស់​ខេត្ត​ (៦២%​ ប្រជាជន) ដើម្បី​ស្វែង​យល់​ពី​ជីវភាព​​រស់​នៅ​ និង​វប្បធម៌​របស់​បងប្អូនជនជាតិ​ខ្មែរ​។ ជារៀងរាល់លើកដែល​ យើង​ខ្ញុំ​សុទ្ធ​តែ​មាន​អារម្មណ៍រំភើប​  ជាមួយ​លក្ខណៈ​វប្បធម៌​ប្រពៃណី​ពិសេស​ ស្រស់​ស្អាត ​ដែល​​អ្នក​ស្រុកខំថែ​​រក្សា​​តាំងពី​យូរ​លង់​ណាស់​មក​​ហើយ​​។
 
រាល់​រដូវ​ប្រមូល​ផល​មក​ដល់ មិត្ត​ថាច់រីកើង​ តែង​ត្រឡប់​ទៅ​ស្រុក​កំណើត​ រួម​ជាមួយ​មាមីង​បងប្អូន​​ចូល​កាន់​វត្ត​​អុជ​ធូប​ ធ្វើ​ពិធី​អំណរ​គុណ​ព្រះមេ​។ មិត្ត​រីកើង​ឲ្យ​ដឹងថា ជនជាតិ​ខ្មែរ​មាន​ពិធី​ពាក់​ព័ន្ធ​ដល់​រដូវ​កាល​ ​ និង​ទំនៀម​ទម្លាប់​ជាច្រើន​​បង្ហាញពី​ផ្នត់​រស់​នៅ​វប្បធម៌​កសិ​​កម្ម​។​ ដូច​ជា​ឱកាស​ពិធី​បុណ្យ​អកអំបុក​ (បាន​​រៀបចំ​នា​ថ្ងៃ១៥ ខែ​១០ចន្ទគតិ​) ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​រដូវប្រាំង​ បន្ទាប់ពី​ពេល​ប្រមូល​ផល​ដំណាំ ដើម្បី​រំលឹក​គុណ​​ដល់​ព្រះចន្ទ​ ពួក​គាត់​តែង​ធ្វើ​អំបុក​ សម្រាប់​ពិធី​សំណែន​ព្រះចន្ទ។​
 
នៅ​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ ពិធី​អំណរ​ឆ្នាំ​ថ្មី​ តាម​ប្រក្រតិទិន​​បុរាណ​ ជនជាតិ​ខ្មែរ​រំលឹកដល់​​គុណ​​​ព្រះ​សម្មាសម្ពុទ្ធ​ និង​ប្រគេន​ដល់​​ព្រះសង្ឃ​នូវ​បាយ​ចង្ហាន់​​ ដែល​ធ្វើ​ដោយ​​ដៃ​​ឯង​ ហើយ​ពឹង​លើ​ព្រះសង្ឃសូត្រ​​ទិព្វមន្ត​ចម្រើន​សុខ​ភាព ​ជូនក្រុម​​គ្រួសារ ​​ទន្ទឹម​នោះ បួងសួង​សុំ​​អាកាសធាតុ​អំណោយ​ផល​ ដើម្បី​រដូវកាល​ខាង​មុខ​លូត​លាស់​ល្អ ​។​
 
កាល​នោះ មិត្តរី​កើង​នាំ​យើង​ខ្ញុំ​ចូល​ទស្សនា​មួយ​ជុំ​វត្ត​ស្វាយ​សៀម​ថ្មី​ បានជួប​ប្រទះពុទ្ធបរិសទ្យ​​ និង​ព្រះសង្ឃ​កំពុងមមាញឹក​រៀបចំ​ត្រៀម​ឲ្យ​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ថ្មី​។ អ្នក​មីង​ ខុវ​ធី​ហ្វ័រ​ (Khau Thi Hoa) (​អាយុ​៥៤ឆ្នាំ សង្កាត់ទី​១ ក្រុង​ត្រាវិញ - ​Tra Vinh​) ឲ្យ​ដឹងថា៖ “មុខ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប៉ុន្មានថ្ងៃ មាមីង​ពុទ្ធបរិសទ្យ​ចំណុះ​ជើង​វត្ត​ នឹ​ង​អញ្ជើញ​មក​ជួយ​ជ្រំ​ជ្រែង​​ព្រះសង្ឃ​បោស​សម្អាត​ព្រះវិហារ បោស​សំរាម​ សម្បុក​ពីង​ពាង​ ឃើញ​អ្វី​ក៏ធ្វើ​ទាំងអស់​។ ខ្ញុំ​បបួល​បន្ថែម​បងស្រី​និង​ក្មួយ​ស្រី​ទៅ​ជួយ​ធ្វើ​ផង​​ ពីព្រោះនេះ​ជា​ប្រពៃណី​របស់​គ្រួសារ​ ដែលមាន​តាំងពី​យូរ​មក​ហើយ ដូចនេះ​នរណា​ក៏​ចូល​ចិត្ត​​​ស្មគ្រ​ចិត្តបំពេញ​កុសល​​ទាំងអស់​។



 លោក​តាថាច់​តង​ ឃុំ​ឡឺវ​ង៉ិប​អាញ​ (Luu Nghiep Anh)  ស្រុក​ថ្កូវ​ (Tra Cu) ខេត្ត​ត្រាវិញ​ (Tra Vinh) សម្អាត​ព្រះពុទ្ធប្បដិមា​
ត្រៀម​អំណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។​ រូបថត៖ ង្វៀន​ឡឹន​


 
ទី​សក្ការបូជា​ព្រះពុទ្ធ​នៅ​ក្នុងផ្ទះ​ជនជាតិ​ខ្មែរ​ បាន​រៀបចំ​តុប​តែង​យ៉ាង​ស្អាត​ ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។ រូបថត៖ ង្វៀន​ឡឹន​

 
ពុទ្ធបរិសទ្យ​ខ្មែរ​ជាច្រើន​ ប្រព្រឹត្ត​ពិធី​ដាក់​បាត្រ​ នាថ្ងៃបឋម​ចូល​ឆ្នាំ​ថ្មី​ ដើម្បី​សម្តែង​ទឹក​ចិត្ត​អំណរ​គុណ​និងបំពេញ​កុសល​។ រូបថត៖ ង្វៀន​ឡឹន​

 
ជនជាតិ​ខ្មែរ​ប្រើ​ទឹក​អប់​ប្រោះព្រំ​លើ​ព្រះ​ពុទ្ធប្បដិមា ​ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​...។ល។ រូបថត៖ ង្វៀន​ឡឹន​

 
ចំណែក​ទឹក​ដែល​នៅ​សល់ នឹងបាន​ពុទ្ធបរិសទ្យ​យក​ទៅ​ផ្ទះ​ប្រព្រឹត្ត​​កិច្ច​លាង​ដៃ​ជើង​ជីដូន​ជីតា ឪពុក​ម្តាយ​
សម្តែង​ពី​ទឹក​ចិត្ត​កតញ្ញូ​​ កតវេទិតាធម៌​។ រូបថត៖​ ង្វៀន​ឡឹន​


 
ព្រះសង្ឃ​គ្រងចីវរ​ និមន្ត​ជាជួរ​ខាងមុខ​ព្រះវិហារ​វត្ត​ស្វាយ​សៀម​ថ្មី​ (ស្រុក​ថ្កូវ​​ - Tra Cu ខេត្ត​ត្រាវិញ - Tra Vinh) ទទួល​គ្រឿង​បរិក្ខារ​
ពី​​ពុទ្ធបរិសទ្យ​​នេះជាកិច្ច​​សំខាន់​និង​ពិសេស​នៃ​ពិធី​រាប់​បាត្រ​អំណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។​ រូបថត៖​ ង្វៀនឡឹន​

​មុនថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប៉ុន្មានថ្ងៃ ជនជាតិ​ខ្មែរ​រៀប​ចំ​ពិធី​សាង​ភ្នំ​ខ្សាច់​ ពូន​ភ្នំ​ស្រូវ​នៅ​លើ​ទីធ្លា​វត្ត​ ដើម្បី​បួង​សួង​សុំសំណាង​ បំណង​ជៀស​វាង​ឧបទ្រុឌ​ចង្រៃ​ នឹង​រៀប​ចំផ្ទះ​សម្បែង​ ត្រៀម​នំនៀក​ផ្លែ​ឈើ​គ្រប់មុខ​ដូចជា៖ នំ​អន្សម​​ នំ​ទៀន​ នំខ្ញី​ ផ្លែ​ឈរ​ ធូប​ទៀន...។ល។ យកទៅ​វត្តបូជា​ព្រះពុទ្ធ​និង​ថ្វាយ​​ប្រគេន​ដល់​ព្រះសង្ឃ​។

​ជនជាតិ​ខ្មែរ​នៅ​វៀតណាម​ មាន​​​ជាង​១,៣លាន​នាក់​ រស់​នៅ​​​ប្រ​មូល​​ផ្តុំ​តាម​តំបន់​វាល​ទំនាប​​​ទន្លេ​គឺឡុង​ ឈរ​លេខ​ពីរ​​អំពី​ប្រជាជន​នៅ​តំបន់​​នេះ ក្រោយ​​​ជនជាតិ​កិញ​​។ ពួក​គាត់​​​រស់​នៅ​ប្រមូល​ផ្តុំ​​នៅ​​​តាម​ខេត្ត​​៖ ត្រាវិញ​ (Tra Vinh) សុក​ត្រាំង​ (Soc Trang) កៀន​យ៉ាង​ (Kien Giang) អានយ៉ាង​ (An Giang​)​ បាក​លិវ​ (Bac Lieu) វិញ​ឡុង​​ (Vinh Long) កឹន​ធើ (Can Tho) ​...។ល។​

 
ព្រះ​តេជគុណ​ ត្រឹន​យឹន​ (Tran Dan) ចៅអធិការ​វត្ត​ខ្ទឹង​ឲ្យ​ដឹង​ថា វត្ត​មាន​ភារកិច្ច​ប្រកាស​ដល់​អ្នក​ស្រុក​នូវ​ពេល​វេលា​ទទួល​ឆ្នាំថ្មី​ ដើម្បី​អ្នក​ស្រុក​ត្រៀម​រៀប​ចំ​ផ្ទះ​ និមន្ត​​ព្រះសង្ឃ​ និង​ធ្វើ​ដំណើរ​ដង្ហែក្បាល​ព្រហ្ម​​ស្វាគមន៍​ឆ្នាំថ្មី​។
 
តាម​ប្រពៃណី​ ជិត​ដល់​ពេលវេលា​ឆ្លង​ឆ្នាំចាស់​ រាល់ក្រុម​​គ្រួសារ​នឹង​ត្រៀម​ផ្លែ​ឈើ ផ្កា ទៀន​ធូប​​ ធ្វើ​ពិធី​ជូន​ដំណើរ​ទេវតា​ឆ្នាំចាស់ទៅ​កាន់​ទេវលោក​ និង​ទទួល​ទេវតា​ឆ្នាំ​ថ្មីយាង​​ចុះថែ​រក្សា​មនុស្ស​លោក​។ ជនជាតិ​ខ្មែរ​ជឿថា​ ឆ្នាំ​នីមួយៗ​នឹង​មាន​ទេវតា​មួយ​ព្រះអង្គ​​យាង​ចុះ​ថែរក្សា​ជីវភាព​រស់​នៅ​របស់ពួកគាត់។
 
នៅ​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ​តាម​វត្ត​អារាម​ខ្មែរ​តែង​ប្រព្រឹត្ត​ទៅ​នូវ​សកម្មភាព​សម្តែង​សិល្បៈ​ប្រពៃណី​ដូចជា៖ រាំរបាំ ច្រៀង​អាយ៉ៃ​ ច្រៀង​ប្រជាប្រិយ​ ជាមួយ​បរិយាកាស​រីករា​យ​សប្បាយ​។ ជាពិសេស​ រឿង​ល្ខោន​យីកេ​ ជា​ប្រភេទ​ល្ខោន​ចម្រៀង​ និង​របាំ​ប្រពៃណី​របស់​ជនជាតិ​ខ្មែរ​ បាន​សិល្បករ​ សិល្បការិនី​សម្តែង​​យ៉ាង​ជក់​ចិត្ត​ ទាក់ទាញ​អ្នក​​ទស្សនា​។​
 
ក្នុង​បី​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ សកម្មភាព​វប្បធម៌​ពិសេស​ជាច្រើន​របស់​ជនជាតិ​ខ្មែរ​ បាន​ប្រព្រឹត្តទៅ​យ៉ាង​អធិក​អធម​ នៅ​តាម​វត្តអារាម​និង​ភូមិស្រុក។​ គំរូ​ដូចជា៖ ទំនៀម​ទម្លាប់​យក​ចង្ហាន់​នំផ្លែឈើ​គ្រប់​មុខ​​ ទៅ​កាន់​វត្ត​ថ្វាយ​ប្រគេន​ដល់​ព្រះសង្ឃ​។ ព្រះសង្ឃទទួល​និង​បំពេញកិច្ច​បង្សុកូល​ជូនពរប្រពៃ​ ដល់​អ្នក​ផលិត​ចេញ​គ្រាប់​ធញ្ញជាតិ​ ចិញ្ចឹម​សត្វ​ ទទួល​បាន​សេចក្តី​សុខ​សេចក្តី​ចម្រើន​ សុខដុម​រមនា​។​ ឬដូច​​ពិធី​ស្រង់​ទឹក​ព្រះ​ ​លាង​ដៃ​ជើង​ជីដូន​ជីតា​ឪពុក​ម្តាយ​ ដោយ​បំណង​សុំ​សេចក្តី​សុខ​ និង​បំពេញ​ភាព​កតញ្ញូ​របស់​កូន​ចៅ​ដល់​អ្នក​មាន​គុណ​។​
 
បងថាច់​សំខាន់​ (អាយុ​៣៧ឆ្នាំ​ នៅ​ឃុំ​ង៉ាយ​ស្វៀន ​- Ngai Xuyen​) ចំណុះ​វត្ត​ស្វាយ​សៀម​ថ្មី​​ចែក​រំលែក​ថា៖ “ខ្ញុំ​គោរពបួងស្រួង​ដល់ព្រះអង្គ​ សុំ​ព្រះអង្គ​ជួយ​ថែរក្សា​ជីដូនជីតា​ និង​សមាជិក​ក្នុង​សង្គម​គ្រួសារ​ ជួប​ប្រទះ​តែ​សេចក្តី​​​សុខគ្រប់​ប្រការ​​ គឺ​ខ្ញុំពេញ​បំណង​របស់​ខ្ញុំ​ហើយ​!”។

 


  នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ យុវជន​ខ្មែរ​តែង​ខ្លួន​ជា​តួអង្គ​ប្រជាប្រិយ​ ចូល​រួម​សម្តែង​ឧបករណ៍​តន្រ្តី​ជនជាតិ​ និង​លេង​ល្បែ​ងប្រជាប្រិយ​
នៅនឹង​ទីធ្លា​វត្ត​ ឬតាម​​ភូមិស្រុក​។ រូបថត៖ ង្វៀន​ឡឹន​


 
យុវជន​ខែ្មរ​ក្នុង​សម្លៀក​បំពាក់​ពាក់​របាំង​មុខ​ រាំ​​​​របាំ​ប្រពៃណី​របស់​ជនជាតិ​ខ្មែរ​។ រូបថត៖ ង្វៀន​ឡឹន​

 
នា​ឱកាស​បុណ្យ​ទាន​ ជនជាតិ​ខ្មែរ​រីក​រាយ​ ចូល​រួម​លេង​ល្បែង​ប្រជាប្រិយ​ដូចជា៖ ទាញ​ព្រ័ត្រ​​ លោត​ការុង​ វាយ​ឆ្នាំងដី​ វាយ​បាល់​...។ល។
រូបថត៖ ង្វៀន​ឡឹន​


 
ពិធី​ប្រណាំង​គោ​តំបន់​ភ្នំប្រាំពីរ​ (Bay Nui) ខេត្ត​អាន​យ៉ាង​ (An Giang) របស់​ជនជាតិ​ខ្មែរ​។ រូបថត៖ គីម​ផឿង​

 ជនជាតិ​ខ្មែរ​នៅ​ខេត្ត​សុក​​ត្រាំង (Soc Trang) ​ចូលរួម​ពិធី​ប្រណាំង​ទូក​ងប្រពៃណី​ នាឱកាស​អំណរ​បុណ្យ​អក​អំបុក​។  រូបថត៖ មិញ​ក្វឹក​

ក្នុង​មួយ​ឆ្នាំ​ សហគមន៍​ខ្មែរ​នៅ​ភាគខាង​ត្បូង​ ​មាន​​ប្រមាណ​ជា​ង​ដប់​ពិធី​បុណ្យ​ទាន​ ក្នុង​នោះ​មាន​បីពិធី​បុណ្យទាន​ធំៗ៖ បុណ្យ​ដូន​តា​ បុណ្យ​ចុល​ឆ្នាំ​ថ្មី​ បុណ្យ​អកអំបុក​​។​
 
អាច​និយាយ​បាន​ថា ជីវភាព​រស់​នៅ​វប្បធម៌​ស្មារតី​ របស់​ជនជាតិ​ខ្មែរ​នៅខេត្ត​ត្រាវិញ​ (Tra Vinh) និយាយ​ដោយ​ឡែក​និង​ភាគ​ខាង​ត្បូង​​​និយាយ​រួម​ មាន​​សភាព​រស់​រវើក​ ពោរពេញ​ទៅ​ដោយ​លក្ខណៈ​វប្បធម៌ពិសេសដោយឡែក​ ផ្សារភ្ជាប់​ជិត​ដិត​ជាមួយ​ជីវភាព​​រស់​នៅ ជំនឿ​ និង​សាសនា​។​ ទន្ទឹម​នោះ​ សហគមន៍​ខ្មែរនៅ​មាន​ជីវភាព​សាមញ្ញ​ សុខ​សាន្ត​រីករាយ​សប្បាយ​ ​គ្រប់​លក្ខណៈវប្បធម៌​​ រួម​ចំណែក​ក្នុង​ចរន្ត​រួមយ៉ាង​​សម្បូរបែប​ដ៏​វិពិសេស​នៃ​មហា​​​គ្រួសារ​ជនជាតិ​វៀតណាម​៕​
 

អត្ថបទ៖ សើន​ងៀ​     រូបថត៖ ង្វៀន​ឡឹន​ និង​ឯកសារ​កាសែតរូបភាព​វៀតណាម​


បណ្តាអត្ថបទបានផ្សាយ