01/10/2015 09:31 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ជើញជួបសំណេះសំណាលជាមួយជនគុយបាដែលធ្លាប់បំពេញបេសកកម្មនៅវៀតណាម


លោកប្រធានរដ្ឋ Truong Tan Sang សំណេះសំណាលជាមួយអ្នកជំនាញការដែលធ្លាប់មកបំពេញបេសកកម្មនៅវៀតណាម(រូបថត៖thanhnien.com.vn)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅសាកសួរសុខទុក្ខកម្មាភិបាល និយោជិកនៃស្ថានទូតវៀតណាមប្រចាំនៅគុយបា ហើយមានជំនួបសំណេះសំណាលជាមួយកម្មាភិបាល អ្នកជំនាញការគុយបាដែលធ្លាប់មកបំពេញបេសកកម្មនៅវៀតណាម។ លោក Truong Tan Sang បានអះអាងថា វៀតណាម ជានិច្ចកាលគោរពការរួមវិភាគទានដ៏ថ្លៃថ្លារបស់មិត្តភក្តិគុយបាសំរាប់ទំនាក់ទំនងសាមគ្គីភាពកិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយវៀតណាម-គុយបាក្នុងអំឡុង៥ទសវត្សរ៍កន្លងទៅ ជាពិសេសគឺក្នុងខែឆ្នាំសង្គ្រាមដ៏កាច់សាហាវ។ វៀតណាមជានិច្ចកាលជាបងប្អូនស្មោះសរនិងស្មោះត្រង់របស់ប្រជាជនគុយបា។ “អ្វីៗទាំងអស់ទទួលបានក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ មុនបង្អស់គឺជាគុណបំណាច់របស់ប្រជាជន របស់បក្ស រដ្ឋ ដែលក្នុងនោះមានតួនាទីរបស់មិត្តគុយបានានាដែលជានិច្ចកាលពូនជ្រុំសំរាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ វៀតណាមមិនដែលបំភ្លេចប្រសាសន៍ល្បីល្បាញរបស់អគ្គមគ្គុទេស Fidel ថា ដើម្បីវៀតណាមគុយបាត្រៀមខ្លួនជាស្រេចពលីសាច់ស្រស់ឈាមស្រស់របស់ខ្លួន”។

សំដែងក្ដីសប្បាយរីករាយចំពោះរាល់សមិទ្ធិផលដ៏ធំធេងដែលប្រជាជនគុយបាទទួលបានក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងនៅលើរណសិរ្សកិច្ចការបរទេសលោក Truong Tan Sang បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ដែលគុយបានិងអាមេរិកបង្កើតទំនាក់ទំនងការទូតនោះគឺលទ្ធផលមិនអាចផុតរួចនៃការតស៊ូរបស់ប្រជាជនគុយបាក្នុងរយៈពេល៥០ឆ្នាំកន្លងទៅ។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថែមទៀតថា វៀតណាមត្រៀមខ្លួនជាស្រេចផ្លាស់ប្ដូរបទពិសោធន៍ជាមួយគុយបាក្នុងដំណើការធ្វើបច្ចុប្បន្នកម្មរូបសណ្ឋានសេដ្ឋកិច្ច៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ