11/11/2014 15:34 GMT+7 Email Print Like 0

ក្រហមឆ្អៅឡជាងដែកង៉ានយឿ

របរដំដែកប្រពៃណីនៅទីរួមស្រុកង៉ានយឿ (ស្រុកហុងយ៉ឹន ខេត្តបាកលីវ)បានឋិតថេររាប់សតវត្សរ៍​​​​​​មកហើយ ជាសក្ខីភាពមួយឲ្យកម្លាំងរស់ដ៏យូរអង្វែងនៃមុខ​របរផលិតឧបករណ៍​កសិកម្ម​ទាំង​​​ឡាយ មាន​តាំងពីសម័យកាប់ឆ្ការយកដីធ្វើស្រែមកម៉្លេះ។

តាមព្រឹទ្ធាចារ្យនៅ ទីរួមស្រុកង៉ានយឿ មុខរបរដំដែកនៅទីនេះមានប្រភពពីប្រជាជនភាគ​ខាង​ជើង​មក​ទី​នេះ​កសាង​ជីវភាព និងបង្រៀនមុខរបរនេះ។ រៀងរាល់ឆ្នាំ អោយតែដល់ថ្ងៃ២៣ ខែ៦ ច័ន្ទគតិ គឺ​គ្រប់​ឡ​ដំ​ដែក​នៅ​ស្រុកង៉ានយឿ រៀបចំទីសក្ការៈបូជាគ្រូធំ រំលឹកនឹកសគុណ អ្នកដែល​បាន​បង្ហាត់​បង្រៀន​មុខ​របរនេះ។

តាមបងស្រី ត្រឿងទូខាញ់ កម្មាភិបាលទទួលបន្ទុកខាងសិប្បកម្ម នៅទីរួមស្រុកង៉ានយឿ សព្វថ្ងៃ នៅ​ទី​នេះ​មាន​ជាង២០មូលដ្ឋានប្រកបមុខរបរដំដែក ជំនាញផលិតឧបករណ៍ពលកម្មជនបទ ឲ្យប្រជាជន​នៅ​មូល​ដ្ឋាន​និងខេត្តជិតខាង។ ដើម្បីផលិតចេញនូវផលិតផលដំដែក ការងារដំបូងត្រូវប្រមូលទិញ រក្សា​ទុក​វត្ថុធាតុ​ដើម​ជាមុនសិន។ វត្ថុសម្រាប់ដុតឡ ក៏ត្រូវបម្រុងដោយម៉ត់ចត់ដែរ សំខាន់គឺប្រភេទធ្យូងទាំងឡាយដូចជា៖ ធ្យូង​ឧស ធ្យូងដើមកោងកាង ធ្យូងថ្ម។ល។ 
 

ឋិតថេររាប់សតវត្សរ៍មកហើយ ឡដំដែកប្រពៃណីទាំងឡាយនៅ ង៉ានយឿ នៅតែមានពណ៌​ក្រហម​ឆ្អៅ​ជាមួយ​នឹង​គ្រួសារ​ជា​ច្រើនចូលរួមផលិតឧបករណ៍កសិកម្ម។ សមាជិកម្នាក់ៗក្នុងគ្រួសារ សុទ្ធតែអាចចូលរួមធ្វើ តាមដំណាក់កាល​ដែល​សម​ស្រប​​នឹងមុខរបរដូចជា៖ សប់ខ្យល់  គាបដែកលត់ លើកញញួរដំ ។ រូបថត៖ត្រុងជីញ

សព្វថ្ងៃភូមិរបរដំដែក ង៉ានយឿ មានជាង២០ឡ កំពុងដំណើរការយ៉ាងទៀងទាត់ ដូចជាឡរបស់គ្រួសារ លោកង្វៀនវ៉ាន់អើន ជាអ្នកផ្សារភ្ជាប់នឹងមុខរបរនេះជាង៤០ឆ្នាំមកហើយ។ រូបថត៖ ត្រុងជីញ

ដំណាក់កាលដុតដុំដែកឲ្យក្រហម ហើយយកញញួរដំ ដើម្បីបង្កើតជារូបរាងកាំបិតរបស់ជាងដំដែកង៉ានយឿ។ 
រូបថត៖ ឡេមិញ

វត្ថុធាតុសម្រាប់ដុតឡដំដែក ង៉ានយឿ សំខាន់គឺប្រភេទធ្យូងដូចជា៖ ធ្យូងឧស ធ្យូងដើមកោងកាង ធ្យូងថ្ម។ រូបថត៖ ត្រុងជីញ


ដំណាក់កាលសំប៉ែតសម្រាប់ធ្វើកាំបិតរបស់ជាងដំដែកង៉ានយឿ។ រូបថត៖ ឡេមិញ



ដំណាក់កាលឈូសរូសមុខឲ្យផលិតផល។ រូបថត៖ ឡេមិញ


ដំណាក់កាលសំលៀង ដោយដៃ​ដើម្បី​យក​កំរិត​រលើប​ស្អាត​ លើមុខផលិតផល ភាគច្រើនដោយមេជាង ទទួល​បន្ទុក។ រូបថត៖ ឡេមិញ



ក្រោយពេលសូកដងចូលក្នុងផលិតផល ដំណាក់កាលភ្ជាប់ដង ដោយដែកទ្រនាប់ ដើម្បីបង្កើតកំរិតមួននិងជាប់ ។ រូបថត៖ ឡេមិញ



ឧបករណ៍ចិត ឆាបទាំងឡាយ របស់ជាងនៃភូមិរបរដំដែកង៉ានយឿ។ រូបថត៖ ឡេមិញ

ញ៉ាយ(ឧបករណ៍សម្រាប់កាត់) បានជាងដំដែក ង៉ានយឿ ច្នៃសម្រាប់កាត់វត្ថុធាតុដើម ពេលយកចេញពីឡដុត។ រូបថត៖ ត្រុងជីញ

ផលិតផលឧបករណ៍កសិកម្មទាំងឡាយបានផលិតនិងដាក់លក់នៅឡដំដែក ង៉ានយឿ។ រូបថត៖ ឡេមិញ

 
«

 ប្រវត្តិសាស្រ្តបានកត់ត្រាទទួលស្គាល់នាឆ្នាំ១៩២៧ ប្រជាកសិករ និញថាញ់ឡើយ ក្រោក​ឡើង​ (ប្រឆាំងពួកនាម៉ឺនកំណា ពួក​អាណានិគម​ដើម្បីដណ្ដើមយកដីស្រែ-អ្នក​យក​​ព័ត៌មាន) មាន​ការរួមចំណែក​យ៉ាង​ធំ​របស់​មុខរបរដំដែក ង៉ានយឿ នៅពេល​ដែល​គេប្រើលំពែង ផ្គាក់​ជា​អាវុធ​ បាន​ផលិត​​ដោយសម្ងាត់នៅទីនេះ។ ក្នុង​ជីវភាព​រស់​នៅ ឧបករណ៍​កសិកម្ម​បាន​ផលិត​ពី​ភូមិ​ដំ​ដែកង៉ានយឿ គឺជាមិត្តរបស់ពួកគេ ពេល​ចូល​រួមកាប់ឆ្ការ ឬដាំដុះ ភ្ជួររាស់។           »

តាមលោក ង្វៀនវ៉ាន់អើន ជាអ្នកប្រកបរបរដំដែក ង៉ានយឿ ជាង៤០ឆ្នាំមកហើយ។ ក្បួនដំដែកត្រូវឆ្លងកាត់ ដំណាក់កាល ជា ច្រើនតាំងពី សប់​ខ្យល់​ គាបដែកលត់ ដល់ការ លើញញួរដំ ។ល​។​ ពេល​ផលិតផល​​​មាន​រូប​រាង គឺផ្ទេរទៅផ្នែកឈូស ចិត ធ្វើដង សូក​​ដង ដុសខាត់​ហើយ​ចុង​ក្រោយ​បង្អស់​គឺប្រគល់​ផលិតផល​អោយ​​​អ្នក​ប្រើ​ប្រាស់​។ ក្នុងនោះ ដំណាក់​កាល​គាបលត់​គឺជា​ដំ​ណាក់​កាល​សំខាន់​បំ​ផុត​។ គាប​គឺជា​ដំ​ណាក់​​កាលលត់ សម្រាំង​សម្រិត​ ពង្រឹង​ បង្កើត​រូបរាង​ដុំដែក។ កាយវិការ​​​​គាប ដំ​ដោយ​ញញួរ​ ហើយ​ចុង​ក្រោយ​លត់​ទឹក គឺជាកិច្ចការ​ធ្វើ​​ចុះ​ធ្វើ​ឡើង​ជា​ច្រើន​ដង ដើម្បី​បង្កើត​រូបរាង​ដំ​ដែក​។ មក​ពីលក្ខណៈ​សំខាន់​របស់​ដំ​ណាក់កាលគាបលត់ ទើប​ការងារ​​នេះច្រើន​តែ​ម្ចាស់​ឡ​ទទួល​បន្ទុក​។ ម្ចាស់ឡគឺជាអ្នកដែលមាន​បទ​ពិសោធន៍​ច្រើន​និង​ជំនាញ​ខ្ពស់​ គេអាចមើលដឹងអណ្ដាតភ្លើងខ្ចី ឬអណ្ដាតភ្លើងចាស់ ដឹង​ពេល​ណាត្រូវ​បន្ថែម​និង​បន្ថយ​ភ្លើង​។​ល​។

ផលិតផលដំដែក ង៉ានយឿ ក៏សម្បូណ៌បែបដូចជា៖ ចប រនាស់ដៃ កាំបិត ពូថៅ ក្លៀម កណ្ដៀវ ផ្គាក់ នង្គ័ល រនាស់​​​។ល។​ ដោយគុណសម្បត្តិពីកំរិតមុត កំរិតមាំមួននិងកំរិតស្វិត សមស្រប​ជា​និច្ច​ក្នុង​ការងារ​ពលកម្ម​របស់​​​កសិករ​ ។ ជាមួយ​​នឹងគ្រួសារដំដែកប្រពៃណីជាច្រើននៅ ង៉ានយឿ ឡដំដែករបស់លោក ង្វៀង​វ៉ាន់​អើន​ បានរក្សា​បន្តវេន​បីជំនាន់​ហើយ។ លោកអោយដឹងថា៖ " តាំងពីជំនាន់ជីតារបស់ខ្ញុំ គឺ​គាត់​ចេះ​ប្រកបរបរ​​ដំដែក ហើយ​​ក៏ផ្ទេរឲ្យឪពុកខ្ញុំ ហើយ​ខ្ញុំក៏តាមមុខរបរនេះតាំងពីអាយុ១៨ឆ្នាំម៉្លេះ រហូត​ដល់​ឥឡូវ​នេះ​​បាន ៤០ ឆ្នាំ​ហើយ " ។ ឡដំ​ដែករបស់​លោក​តែង​មានជាង ពី៤ ដល់៥នាក់ ធ្វើការ បង្កើតចេញប្រមាណ២០​​ ផលិតផល​ក្នុង​មួយ​ថ្ងៃ។ ប្រាក់ចំណូល​មធ្យម​សម្រាប់​ជាង​​​ម្នាក់​ៗ គឺ១៨០.០០០ដុងក្នុងមួយថ្ងៃ។

ដោយលក្ខណៈរបស់របរដំដែក រាល់ខែ ឡដំដែកនៅ ង៉ានយឿតែងតែដំណើរការ ពី១៥ ដល់២០ថ្ងៃ ប៉ុណ្ណោះ ដូច្នេះ​ក្រៅពី​ធ្វើការងារដំដែក ជាងដំដែកទាំងឡាយនៅមានពេលវេលាប្រកបមុខរបរផ្សេងៗទៀត រួម​ចំណែក​បង្កើន​​ប្រាក់​ចំណូល​អោយគ្រួសារ។

រំលឹកដល់មុខរបរដំដែក ង៉ានយឿ តាំងពីយូរមកហើយ មនុស្សជាច្រើន​បាន​ដឹង​ដល់​ពាក្យស្លោក​មួយ​ឃ្លា​ថា​៖ "កាំបិត​ង៉ាន​យឿ" ដើម្បីបញ្ជាក់ឲ្យឃើញថា នេះគឺជាផលិតផលមួយប្រភេទ ដែល​មានពាណិជ្ជសញ្ញា​ក្នុង​​ប្រជា​ប្រិយ​​​​​ពីយូរ​យារ​​មក​ហើយ ប្រកបដោយគុណភាពពិសេស។ ជាងនោះទៅទៀត ផលិតផល​ដំ​ដែក​ង៉ាន​យឿ ក៏មាន​ការទំនាក់ទំនងយ៉ាងសំខាន់ជាមួយ​នឹងជីវភាពរស់នៅរ​ប​ស់​បងប្អូន​ជាច្រើន​ក្នុង​តំបន់​វាល​ទំនាប​ទន្លេគឺវឡុង។ ជាក់ស្តែង កាលពីមុន មុខរបរដំដែក គឺជាមុខរបរមួយ បាន​សង្គម​លើកកម្ពស់ ពី​ព្រោះ​មិន​មែន​​នរណាក៏​អាច​ធ្វើ​បាន​។ តាំង​ពីផលិតផលដំដែក និងឆ្លង​តាម​សកម្មភា​ព​បង្ក​បង្កើនវិស័យកសិកម្ម កសិករ​​បាន​បង្កើត​ចេញ​ប្រភព​អាហារ​មិន​អាច​កាត់​ថ្លៃបាន​ក្នុង​រយៈ ពេល​រាប់​រយ​ឆ្នាំ​កន្លងមក។ ក្នុង​សម័យ​ទំនើប​នេះ ទោះ​​បីនៅទីផ្សារមានការប្រកួត​ប្រជែង​ដោយ​ប្រភេទ​គ្រឿងយ​ន្ត​ស្អាត​សម្បូណ៌​បែប​អំពី​វត្ថុធាតុ​និង​រូបរាងក៏ដោយ ប៉ុន្តែតម្លៃប្រពៃណីរបស់របរដំដែក ង៉ានយឿ គឺមិនអាច​បាត់​បង់​ទៅ ​ពេលដែលវានៅ​តែ​ជា​មិត្ត​និង​បងប្អូនកសិករ​នៅមូលដ្ឋាន​និង​តំបន់​ជិត​ខាង​។ល។

អត្ថបទ៖ ង្វៀនវូថាញ់ដាក រូបថត៖ ត្រុងជីញ -ឡេមិញ



 
បណ្តាអត្ថបទបានផ្សាយ